សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ កឹម សុខា បានទាមទារជាថ្មីទៀត ដោយស្នើឱ្យតំណាងអយ្យការបង្ហាញអង្គហេតុឱ្យបានជាក់លាក់ ទាក់ទិននឹងបទចោទ «ត្រូវរ៉ូវជាមួយរដ្ឋបរទេស» ជាជាងបង្ហាញតែនៅក្នុងរបាយការណ៍ស្ដីពីដីកាបញ្ជូនរឿងឱ្យមកជំនុំជម្រះ ដោយន័យទូលាយ មិនឃើញមានប្រទេសដែលជាប់ពាក់ព័ន្ធនឹងបទចោទសន្ទិដ្ឋិភាពនេះភ្ជាប់មកជាមួយ។
ប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងមុខតុលាការ នៅព្រឹកថ្ងៃទី១ ខែមិថុនានេះ លោកមេធាវី ចាន់ ចេន សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ កឹម សុខា បញ្ជាក់ថា ពួកគេចង់ឃើញថាតើបរទេសមួយណាដែលកូនក្តីរបស់ខ្លួនរួមគំនិតសហការ ចង់ផ្ដួលរំលំ ឬធ្វើបដិវត្តន៍ពណ៌ប្រឆាំងរដ្ឋាភិបាល។
លោកបន្តថា តាំងពីក្នុងដំណាក់កាលកសាងសំណុំរឿងបញ្ជូនមកជំនុំជម្រះ និងរហូតដល់បន្តនីតិវិធីដេញដោលនៅពេលនេះ តំណាងអយ្យការមិនបានបង្ហាញអង្គហេតុអំពីប្រទេស ឬបុគ្គលដែលជាប់ពាក់ព័ន្ធនឹងបទចោទនេះ ឱ្យសាធារណជនបានឃើញនៅឡើយទេ។
លោកបន្តថា៖ «មានរដ្ឋបរទេស ឬភ្នាក់ងារបរទេសណាដែលគប់គិតគ្នាជាមួយឯកឧត្ដម កឹម សុខា ហើយជាពិសេសថាតើមានកិច្ចព្រមព្រៀងអ្វីដែលថាកូនក្ដីរបស់យើងខ្ញុំគប់គិតគ្នាជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស! ប៉ុន្តែអ្វីដែលយើងមើលជារួម វាអត់មានអីដែលត្រូវគេហៅថាភ្នាក់ងារបរទេស ឬក៏រដ្ឋបរទេសណាដែលមកគប់គិតគ្នាជាមួយឯកឧត្តម កឹម សុខា នោះទេ»។
លោកមេធាវី ចាន់ ចេន នៅតែចាត់ទុកកូនក្ដីរបស់ខ្លួនថា ជាអ្នកនយោបាយដែលស្អាតស្អំ មិនដូចការចោទប្រកាន់របស់តុលាការឡើយ។ មួយវិញទៀត ឃ្លីបវីដេអូដែលតុលាការយកមកធ្វើជាសម្អាងហេតុចោទប្រកាន់លោក កឹម សុខា ត្រូវបានលោក ចាន់ ចេន យល់ឃើញថា វាគ្រាន់តែជាភស្តុតាងមួយ ដែលមិនមានទម្ងន់ដាក់បន្ទុកទេ ព្រោះថា សារនយោបាយដែលរងការចោទប្រកាន់ថាជាបទល្មើសនោះ ត្រូវបានលោក កឹម សុខា ថ្លែងជាសាធារណៈទៅហើយ វាលែងជាកិច្ចការដែលសម្ងាត់តទៅទៀត។
បើទោះជាមានការទាមទាររបស់សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ ស្នើឱ្យតំណាងអយ្យការបង្ហាញអង្គហេតុក្នុងបទចោទនេះក្ដី សម្រាប់លោក ប្លង់ សុផល ដែលជាតំណាងអយ្យការ បានជម្រាបអង្គជំនុំជម្រះថា សកម្មភាពជនជាប់ចោទដែលបានកើតឡើងតាំងពីក្រោយឆ្នាំ១៩៩៣ និងជាបន្តបន្ទាប់មកទៀត រហូតដល់នាទីចុងក្រោយនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីអំពើចង់ផ្ដួលរំលំរដ្ឋាភិបាលដោយពិតប្រាកដ។
តំណាងអយ្យការរូបនេះបន្តថា ជនជាប់ចោទតែងអះអាងពីភាពត្រឹមត្រូវរបស់ខ្លួន ប៉ុន្តែបើពិនិត្យលើភស្តុតាងដែលកំពុងតែបន្តនីតិវិធីនៅពេលនេះ បង្ហាញថា អំពើគប់គិតនិងត្រូវរ៉ូវដោយសម្ងាត់ជាមួយជនបរទេស ពិតជាស្តែងចេញយ៉ាងច្បាស់តាមរយៈការអនុវត្តតាមការចង់បានរបស់អន្តរជាតិ និងធ្វើទៅតាមដំណាក់កាលៗនិងជាជំហានៗ។
បញ្ហានេះត្រូវបានឡើងជំទាស់ម្តងជាពីរដងពីសំណាក់លោក កឹម សុខា ដែលស្ថិតនៅក្នុងរង្វង់ក្រចេះ។ ប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយរូបនេះ បញ្ជាក់ជំហរថា សារនយោបាយដែលត្រូវបានតុលាការយកមកធ្វើជាភស្តុតាងចោទប្រកាន់ប្រឆាំងរូបលោកនេះ គឺលោកបកស្រាយយ៉ាងច្បាស់ហើយ មិនមានចំណុចណាមួយដែលលោកចង់ផ្តួលរំលំរដ្ឋាភិបាលតាមរយៈការសហការជាមួយរដ្ឋបរទេសទេ។
លោកបន្ថែមថា សារនយោបាយនោះ វាគ្រាន់តែជាវោហារសាស្រ្តផ្នែកនយោបាយប៉ុណ្ណោះ។ ក្នុងនាមជាអ្នកនយោបាយ លោក កឹម សុខា នៅតែអះអាងថា លោកតស៊ូមតិដោយសន្តិវិធី ហើយបាតុកម្មដែលកើតឡើង គឺជាបាតុកម្មដោយអហិង្សាថែមទៀត។
សម្រាប់សវនាការលើកទី៤២ នៅថ្ងៃពុធនេះ ជានាទីតាំងសំណួរដោយតំណាងអយ្យការវិញម្តង។ លោក ប្លង់ សុផល បានយកឃ្លីបវីដេអូដែលមានរយៈពេលជាង១ម៉ោង មកអង្កន់ខ្លីៗចំនួន១៦ឃ្លីបវីដេអូ មកចោទសួរលោក កឹម សុខា។
គេសង្កេតឃើញថា ស្ថិតដល់ចំណុចនេះហើយ ដែលភាគីជនជាប់ចោទ និងតំណាងអយ្យការ ចាប់ផ្តើមតឹងសរសៃកដាក់គ្នា និងបានប្រើសម្ដីធ្ងន់រៀងៗខ្លួន ហើយមានពេលខ្ លះលោក កឹម សុខា បានចំអកទៅតំណាងអយ្យការថា សំណួរតំណាងអយ្យការនេះសួរបែបជំរិត ហើយការសួរនេះទៀតសោត លោក កឹម សុខា ថាលោកសួរច្រឡំមនុស្ស ជាដើម។ ក្នុងន័យនេះ លោក កឹម សុខា ថាលោកចេះធ្វើនយោបាយតែតាមបែបប្រជាធិបតេយ្យប៉ុណ្ណោះ ការប្រើអាវុធយុទ្ធភណ្ឌ មិនមែនជាបំណងរបស់លោកឡើយ។
ស្របពេលទាំងតំណាងអយ្យការ ជនជាប់ចោទ និងសហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ បន្តខ្វែងគំនិតគ្នាលើនីតិវិធីសួរដេញដោល ចំណែកសហមេធាវីការពារឱ្យដើមបណ្តឹងរដ្ឋប្បវេណី បន្តអង្គុយស្ងៀមស្ងាត់ សម្រាប់សវនាការលើកនេះ។ ក្រៅពីនេះ គេសង្កេតឃើញថា ក្នុងពេលលោក អាង ឧត្ដម សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ កត់សម្គាល់ទៅលើសំណួរតំណាងអយ្យការថា មិនដឹងមួយណាជាសំណួរបញ្ជាក់ ហើយមួយណាជាសំណួរបន្ថែម ក្រុមប្រឹក្សាជំនុំជម្រះឯណោះវិញបានងាកទៅខ្សឹបគ្នាក្នុងពេលនីតិវិធីកំពុងតែដំណើរការ។
នាយកចាត់ការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត យល់ឃើញថា ប្រសិនបើឃ្លីបវីដេអូនេះត្រូវបានសហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ ចាត់ទុកជាភស្តុតាង វាមិនមែនជាអង្គហេតុនៃសំណុំរឿង ដូច្នេះ វាពិតជាមានភាពស្មុគស្មាញមួយដែរ ដែលតុលាការបន្តនីតិវិធីដោយគ្មានធាតុផ្សំគ្រប់គ្រាន់បែបនេះ។ ម្យ៉ាងវិញទៀត ប្រសិនបើឈានទៅដល់ការសម្រេចផ្តន្ទាទោសជនជាប់ចោទឱ្យមានពិរុទ្ធភាព វាពិតជាពិបាកក្នុងការកំណត់ថាតើសាលក្រមដែលនឹងត្រូវចេញមកនេះមានភាពជឿទុកចិត្តកម្រិតណា។
លោកបន្តថា៖ «យើងឃើញហើយ ការជជែកដេញដោលដោយគ្មានអង្គហេតុ តើត្រូវធ្វើម៉េចបើសិនជាក្នុងវីដេអូហ្នឹងយើងដាក់ជាភស្តុតាង? អ៊ីចឹងវីដេអូហ្នឹង វាគ្រាន់តែជាភស្តុតាងដើម្បីគាំទ្រទៅលើអង្គហេតុទេ»។
សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ បានទាមទារឱ្យតុលាការបង្ហាញអង្គហេតុនេះជាលើកទី២ ក្នុងពេលដែលតុលាការបន្តចាត់ទុកឃ្លីបវីដេអូដែលកំពុងបន្តនីតិវិធីនេះថាជាភស្តុតាងដាក់បន្ទុកប្រឆាំងលោក កឹម សុខា ហើយ។ ប៉ុន្តែមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ អះអាងថា ឃ្លីបវីដេអូនេះមិនមែនជាអង្គហេតុទេ វាគ្រាន់តែជាភស្តុតាងប៉ុណ្ណោះ។
បើទោះជាបែបណា ក្រុមអ្នកតាមដានសវនាការកត់សម្គាល់ថា គេនៅមិនទាន់ដឹងថា ក្នុងបទចោទប្រឆាំងលោក កឹម សុខា នេះមានបរទេសប៉ុន្មាននាក់ ដែលមានជាប់ពាក់ព័ន្ធអំពើចង់ផ្តួលរំលំរដ្ឋាភិបាល ស្របពេលតុលាការបន្តនៅស្ងៀមស្ងាត់ មិនបង្ហាញរដ្ឋបរទេសឬភ្នាក់ងារបរទេសមកបញ្ជាក់នៅក្នុងអង្គសវនាការនៅឡើយ។ ផ្ទុយទៅវិញ អ្វីដែលគេបានដឹង គឺគ្រាន់តែឃើញសវនាការបន្តសួរដេញដោលជនជាប់ចោទអំពីការចុះឈ្មោះបោះឆ្នោត ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការតវ៉ាលទ្ធផលឆ្នោតប៉ុណ្ណោះ៕












