ជនជាតិដើមភាគតិចកួយ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​នៅ​ខេត្តព្រះវិហារ ស្នើ​តុលាការ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់

សហគមន៍ជនជាតិដើមភាគតិចកួយ នៅខេត្តព្រះវិហារ ប្រមូលផ្ដុំគ្នាតវ៉ានៅមុខក្រុមហ៊ុនដាំអំពៅចិនឈ្មោះ ឡានហ្វេង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ជនជាតិដើមភាគតិចកួយដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិននៅខេត្តព្រះវិហារ ស្នើទៅតុលាការឱ្យច្រានចោលការចោទប្រកាន់លើពួកគេទាំង៥នាក់វិញ ដោយថា ពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់ឈ្មោះ លី គឹមស្រេង ឡើយ។

ការស្នើរបស់ជនជាតិដើមភាគតិចកួយទាំង៥នាក់ ធ្វើឡើងអំឡុងពេលពួកគេត្រូវបានសាលាដំបូងខេត្តព្រះវិហារកោះហៅ នាព្រឹកថ្ងៃពុធនេះ ដើម្បីសាកសួរពីដំណើររឿង «ការគំរាមកំហែងថានឹងសម្លាប់ និងគំរាមកំហែងថានឹងធ្វើឱ្យខូចខាត» ដែលប្រព្រឹត្តនៅភូមិស្រែព្រាង ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលពីថ្ងៃទី៤ ទី១២ និងទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។

ជនជាតិដើមភាគតិចកួយ ទាំង៥នាក់ ដែលតំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី កោះហៅឱ្យចូលបំភ្លឺ រួមមាន លោក ថោង​ ស៊ុត​,​ លោក ស៊ុត​ សាវន, ​លោក ថាប់​ សុខឃី, លោក ​ងន​ ហ៊ីម​ និងអ្នកស្រី​ រឿន​ ខាត់ (ហៅខាន់)។

ជនជាតិដើមភាគតិចកួយ រស់នៅឃុំប្រមេរ លោក ស៊ុត​ សាវន ប្រាប់ វីអូឌី បន្ទាប់ពីចូលបំភ្លឺនៅតុលាការថា រូបលោកនិងអ្នកផ្សេងទៀតមិនបានទៅគំរាមកំហែងសម្លាប់បុគ្គលឈ្មោះ លី គឹមស្រេង ឡើយ។

លោកចាត់ទុកការប្ដឹងរូបលោកនិងអ្នកផ្សេងទៀតទៅតុលាការ ថាជាការគំរាមកំហែង ដើម្បីបំបាក់ស្មារតីមិនឱ្យពួកគាត់តវ៉ារឿងដីធ្លីទៀត ស្របពេលដែលកន្លងមក ពួកគាត់តែងតែចុះទៅហាមឃាត់ត្រាក់ទ័ររបស់បុគ្គលឈ្មោះ លី គឹមស្រេង មិនឱ្យភ្ជួរនៅលើដីដែលកំពុងមានទំនាស់ និងមិនទាន់បានដោះស្រាយ។

លោកថា៖ «ការចេញប្ដឹង វាជាលក្ខណៈគំរាមកំហែងដល់ពួកយើង។ បងប្អូននៅតែមានការទាមទារតវ៉ារហូតហ្នឹង ព្រោះដីគាត់នៅទីនោះ ​ហើយគាត់ឱ្យធ្វើអីនៅណា បើគាត់មិនធ្វើនៅដីស្រែគាត់ហ្នឹង?»

លោកបន្តថា៖ «យើងសំណូមពរ​ឱ្យខាងតុលាការបញ្ចប់ការចោទប្រកាន់លើពួកខ្ញុំចាប់ពីថ្ងៃហ្នឹង។ វាអយុត្តិធម៌​​សម្រាប់យើងអ៊ីចឹង។ ហើយ​មួយទៀត វាចេះតែរំខាន​ ហើយមិនបានធ្វើការងារផ្សេងៗ រវល់តែឡើងតុលាការអ៊ីចឹង»។

វីអូឌី មិនអាចសុំការបំភ្លឺពីបុគ្គលឈ្មោះ លី គឹមស្រេង បានទេ នៅថ្ងៃពុធនេះ។

យ៉ាងណាក៏ដោយ អំឡុងពេលដែលជនជាតិដើមភាគកួយទាំង៥នាក់ចូលបំភ្លឺក្នុងតុលាការនោះ ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយ ប្រមាណ១០០នាក់បាននាំគ្នាឡើងទៅប្រមូលផ្ដុំនៅមុខតុលាការ ដើម្បីតាមដាននិងលើកទឹកចិត្តអ្នកទាំង៥នាក់។

ប្រជាសហគមន៍ម្នាក់ លោក ស៊ឹម សារិត លើកឡើងថា ពួកគាត់ទៅមុខតុលាការ នាព្រឹកថ្ងៃនេះ ដោយបារម្ភខ្លាចមានការឃាត់ខ្លួនអ្នកទាំង៥នាក់។ លោកបញ្ជាក់ថា ការប្ដឹងអ្នកទាំង៥នាក់អាចជាការគំរាមកំហែង ដោយសារតែពួកគាត់តែងតែចុះជួយ និងហាមឃាត់មិនឱ្យមានការភ្ជួរដីស្រែពួកគាត់ដែលកំពុងអាស្រ័យផលនោះ។

លោកថា៖ «ពួកខ្ញុំរំពឹងលើអាជ្ញាធរ ទោះបីជាគាត់គំរាមយ៉ាងណា ក៏យើងនៅពឹងលើគាត់ដដែល។ ខ្ញុំភ័យ តែចេះតែធ្វើទៅ ទោះបីគាត់គំរាមម៉េច បើមិនធ្វើ គឺអត់មានដីធ្វើទៀតទេ»។

ពាក់ព័ន្ធនឹងរឿងដីធ្លីនេះ លោក ស៊ឹម សារិត បន្តថាអភិបាលខេត្តព្រះវិហារ ធ្លាប់ចេញលិខិតហាមប្រជាពលរដ្ឋកុំធ្វើស្រែចំការលើដីនេះ បើទោះបីជាដីពួកគាត់បានអាស្រ័យផលតាំងពីដូនតាមកហើយក្ដី។

នាយកទទួលបន្ទុកកិច្ចការទូទៅ ​នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ចាត់ទុកការប្ដឹងនេះថា គ្មានមូលដ្ឋានច្បាស់លាស់។ លោកបន្តថា ការចុះហាមឃាត់ត្រាក់ទ័រមិនឱ្យភ្ជួរដីពីសំណាក់ជនជាតិដើមភាគតិចកួយ ថាគ្រាន់តែជាការការពារដីធ្លីពួកគេតែប៉ុណ្ណោះ។​

លោកថា៖ «យើងមើលទៅ ជាទិដ្ឋភាពដដែល ដែលគេធ្លាប់ប្រើប្រាស់កន្លងមក ឱ្យតែរឿងដីធ្លីហ្នឹង ច្រើនតែយកតុលាការដើម្បីធ្វើជាកន្លែងដាក់ពាក្យបណ្ដឹងសម្រាប់ពួកគាត់ ដើម្បីគំរាមកំហែង ដើម្បីបំភិតបំភ័យ​សម្រាប់សកម្មជនដីធ្លី​។ អ៊ីចឹងករណីនេះ ខ្ញុំយល់ថា ​មិនមានភស្តុតាងអីត្រូវបានប្ដឹង និងចោទប្រកាន់​គាត់ទេ។ សង្ឃឹមថា តុលាការ​ ព្រះរាជអាជ្ញា លោកនឹងតម្កល់រឿងមិនចាត់ការសម្រាប់ពួកគាត់»។

លោក អំ សំអាត ស្នើអ្នកមានប្រាក់និងអំណាចបញ្ចប់វប្បធម៌ប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីប្ដឹងផ្ដល់ទៅលើសហគមន៍ដោយគ្មានភស្តុតាងគ្រប់គ្រាន់ ដែលករណីនេះ លោកថា វានឹងធ្វើឱ្យប៉ះពាល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់ប្រព័ន្ធតុលាការផងដែរ។

លោក ស៊ុត​ សាវន អះអាងថា ដីដែលបុគ្គលឈ្មោះ លី គឹមស្រេង យកត្រាក់ទ័រទៅភ្ជួរនោះ ជាដីដែលពួកគាត់កំពុងមានទំនាស់ជាមួយក្រុមហ៊ុនចិន ឡានហ្វេង និង រួយហ្វេង តាំងពីឆ្នាំ២០១២ ហើយមកដល់បច្ចុប្បន្ន វិវាទដីធ្លីនេះនៅមិនទាន់បានដោះស្រាយនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ