លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារថា ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនឹងត្រូវអនុវត្តនៅថ្ងៃអាទិត្យនេះ ស្របពេលលោកចាត់ទុកការផ្ដល់វ៉ាក់សាំងការពារអាយុជីវិតពលរដ្ឋ ថាជាសិទ្ធិមូលដ្ឋានក្តី។
តាមរយៈសារជាសំឡេងនៅលើបណ្ដាញសង្គមកាលពីថ្ងៃម្សិលមិញ និងជាការថ្លែង៣ថ្ងៃមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដែលត្រូវធ្វើឡើងនៅថ្ងៃអាទិត្យនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ជិត១ខែមកនេះ កម្ពុជាគ្មានអ្នកឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ-១៩ទេ ក្រោយពីពលរដ្ឋជាង៩៤ភាគរយទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញរួចមក។
លោកបង្ហាញការតាំងចិត្តថា ច្រើនឆ្នាំទៅមុខទៀត រដ្ឋាភិបាលមិនឱ្យខ្វះវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋទេ ហើយការផ្តល់វ៉ាក់សាំងទាំងនោះ ក៏រដ្ឋាភិបាលនៅតែមិនយកលុយពីពលរដ្ឋដដែល ដើម្បីការពារអាយុជីវិតពលរដ្ឋ ខណៈដែលលោកក៏បានភ្ជាប់ពីការអនុវត្តសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលពលរដ្ឋនឹងត្រូវអនុវត្តនៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃអាទិត្យនេះផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា៖ «វ៉ាក់សាំងការពារជីវិតប្រជាជនរបស់យើង ដែលជាសិទ្ធិជាមូលដ្ឋាន គឺសិទ្ធិរស់រានមានជីវិត ហើយបន្តពីនោះ ទើបដំណើរការសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលយើងត្រូវអនុវត្តនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ គឺថ្ងៃអាទិត្យខាងមុខនេះ»។
ការសម្អាងរបស់មេដឹកនាំរូបនេះធ្វើឡើងស្របពេលដែលសហភាពអឺរ៉ុបព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុងពីកម្ពុជា បើការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ នាពេលខាងមុខ ខ្វះភាពត្រឹមត្រូវនិងយុត្តិធម៌ ខណៈមេដឹកនាំគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ នៅតែត្រូវបានគេផាត់ចេញពីការប្រជែងនយោបាយនោះ។
អតីតតំណាងរាស្ត្រគណបក្សប្រឆាំង ដែលបច្ចុប្បន្នជាប្រធានគណបក្សកម្ពុជានិយម លោក យ៉ែម បុញ្ញឫទ្ធិ លើកឡើងថា ការសម្អាងពីការចាក់វ៉ាក់សាំងដើម្បីការពារអាយុជីវិតពលរដ្ឋ ជារឿងត្រឹមត្រូវ។
ក៏ប៉ុន្តែលោកថា ប្រជាធិបតេយ្យពេញលេញមិនសំដៅតែថ្ងៃដែលពលរដ្ឋចេញទៅបោះឆ្នោតតែមួយថ្ងៃនោះទេ តែគេត្រូវធានាពីលំហសេរីភាព គ្មានការគំរាមកំហែងខាងនយោបាយ ចាប់តាំងពីមុនថ្ងៃបោះឆ្នោត អំឡុងពេលបោះឆ្នោត និងក្រោយបោះឆ្នោត។
លោកថា៖ «ប្រជាធិបតេយ្យពេញលេញ គឺការអនុវត្តប្រចាំថ្ងៃតែម្តង មិនមែនមានតែពេលព្រឹត្តិការណ៍បោះឆ្នោតមួយៗនោះទេ»។
នាយកគ្រប់គ្រងទូទៅអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា វិធានការទប់ស្កាត់ជំងឺឆ្លងជាវិធានការចាំបាច់និងជាទំនួលខុសត្រូវរបស់រដ្ឋាភិបាល ដើម្បីការពារអាយុជីវិតពលរដ្ឋ ប៉ុន្តែបើផ្អែកតាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញកម្ពុជា រដ្ឋាភិបាលមានកាតព្វកិច្ចមួយទៀត គឺត្រូវគោរពគោលការណ៍សិទ្ធិមនុស្ស និងធានាសេរីភាពជាមូលដ្ឋាន ទើបអាចជំរុញដំណើរការប្រជាធិបតេយ្យពេញលេញបាន។
លោកថា៖ «ប្រជាធិបតេយ្យ គេមិនសំដៅតែការបោះឆ្នោត បោះឆ្នោតហើយ គេហៅថាមានលទ្ធិប្រជាធិបតេយ្យទេ! ការបោះឆ្នោត វាជាគោលការណ៍គ្រឹះហើយនៃលទ្ធិប្រជាធិបតេយ្យ ហើយដើម្បីឱ្យការបោះឆ្នោតហ្នឹងក្លាយជាលទ្ធិប្រជាធិបតេយ្យពេញលេញ វាទាល់តែគោរពទៅតាមគោលការណ៍សិទ្ធិមនុស្ស គឺសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋហ្នឹងហើយ»។
កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុបបានចាត់វិធានការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយពីកម្ពុជា ក្រោមហេតុផលថា សិទ្ធិមនុស្ស សិទ្ធិនយោបាយ សិទ្ធិដីធ្លី និងសិទ្ធិការងារ រងការរំលោភជាប្រព័ន្ធ ក្រោយគណបក្សសង្គ្រោះជាតិត្រូវបានរំលាយចេញពីឆាកនយោបាយ។
ក្នុងសេចក្តីសម្រេចពេលនោះ សហភាពអឺរ៉ុបបន្តជំរុញឱ្យ៖ «អាជ្ញាធរកម្ពុជាគួរចាត់វិធានការ ដើម្បីស្តារសេរីភាពនយោបាយនៅក្នុងប្រទេសនេះ បង្កើតឡើងវិញនូវលក្ខខណ្ឌចាំបាច់សម្រាប់បក្សប្រឆាំងដែលអាចជឿទុកចិត្តបាននិងតាមបែបប្រជាធិបតេយ្យ»៕