រុស្ស៊ីបានឱ្យដឹងនៅថ្ងៃពុធម្សិលមិញថា ខ្លួនមិនដែលជំទាស់ឬច្រានចោលជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងសមភាគីអ៊ុយក្រែនលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) ឡើយ ប៉ុន្តែរាល់កិច្ចពិភាក្សាបែបនេះចាំបាច់ត្រូវតែមានការរៀបចំឱ្យបានច្បាស់លាស់ទុកជាមុន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទោះជាយ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានតាមរយៈទូរសព្ទថា កិច្ចការងារស្ដីពីកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន ត្រូវបានផ្អាកធ្វើជាយូរណាស់មកហើយ ដោយគិតរហូតមកដល់ពេលបច្ចុប្បន្ន នៅមិនទាន់ចាប់ផ្ដើមធ្វើឡើងវិញនោះទេ។
ជាមួយគ្នានេះ លោកបន្ថែមថា ប្រជាជននៅក្នុងតំបន់ Kherson Zaporizhzhia និង Donbas របស់អ៊ុយក្រែន ដែលបច្ចុប្បន្នកាន់កាប់ដោយរុស្ស៊ី ត្រូវតែសម្រេចចិត្តលើអនាគតរបស់ពួកគេ ខណៈវិមានក្រឹមឡាំងជឿជាក់ថាពួកគេនឹងមានការសម្រេចចិត្តដ៏ល្អបំផុត។
គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី កាលពីពេលកន្លងទៅ ក៏ធ្លាប់បានលើកឡើងថា មានតែប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ប៉ុណ្ណោះ ដែលលោកមានបំណងចប់ជួប ដើម្បីពិភាក្សាអំពីដំណោះស្រាយបញ្ចប់សង្រ្គាម ហើយក្នុងនោះប្រធានបទនៃជំនួបដែលលោកនឹងចូលរួម គឺទាល់តែទាក់ទងនឹងការបញ្ឈប់សង្រ្គាមរវាងប្រទេសទាំងពីរ។
លោកថា៖ «[ទាក់ទិននឹងករណីនេះ] មានតែប្រធានាធិបតីរុស្ស៊ីនោះទេដែលអាចសម្រចបាន។ ប្រសិនបើយើងបើកការពិភាក្សារអំពីការបញ្ចប់សង្រ្គាមដោយគ្មានវត្តមានចូលរួមរបស់គាត់ [លោក ពូទីន] ការសម្រេចចិត្តជាក់លាក់មិនអាចត្រូវបានធ្វើឡើងនោះទេ»។
លោកបន្ថែមថា៖ «ខ្ញុំមិនអាចទទួលយកជំនួបជាមួយមន្រ្តីរុស្ស៊ីណាផ្សេងឡើយ [ក្រៅពីលោក ពូទីន] ហើយក្នុងនោះ ប្រធានបទនៃជំនួបដែលខ្ញុំនឹងចូលរួម គឺទាល់តែទាក់ទងនឹងការបញ្ឈប់សង្រ្គាម»៕












