ក្រសួង​ណែនាំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បញ្ឈប់​គ្រប់​សកម្មភាព​ឃោសនា​ផ្សព្វផ្សាយ​ព័ត៌មាន​មុន​ថ្ងៃបោះឆ្នោត​មួយថ្ងៃ

គណបក្សភ្លើងទៀន ធ្វើការហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ក្រសួងព័ត៌មាន ណែនាំទៅប្រព័ន្ធផ្សព្វផ្សាយទាំងអស់ឱ្យបញ្ឈប់គ្រប់សកម្មភាពឃោសនាផ្សព្វ​ផ្សាយព័​ត៌​មាន ពាក់ព័ន្ធនឹង​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ មុនថ្ងៃបោះឆ្នោតមួយថ្ងៃ ឬហៅថា «ថ្ងៃស»។

ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា យុទ្ធ​នាការ​ឃោសនា​បោះឆ្នោត​នឹងប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ហើយ​គ្រប់សកម្មភាពឃោសនាផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់ត្រូវបញ្ឈប់ត្រឹម​២៤ម៉ោង​មុនថ្ងៃបោះឆ្នោតនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

ករណីនេះ ក្រសួងបានណែនាំដល់​ម្ចាស់​ស្ថានីយវិទ្យុ ទូរទស្សន៍ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំង​អស់ ត្រូវបញ្ឈប់​គ្រប់សកម្មភាពឃោសនារបស់គណបក្សនយោបាយនានា នៅថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ២០២២។

ក្រសួងបន្តថា ការដែលក្រសួងឱ្យបញ្ឈប់សកម្មភាពបែបនេះ ដើម្បីរក្សាភាពស្ងៀមស្ងាត់ឱ្យប្រជាពលរដ្ឋដែលជាម្ចាស់សំឡេងឆ្នោតធ្វើការសម្រេចចិត្តជ្រើសរើស​តំណាង​ស្របច្បាប់ទៅតាមឆន្ទៈរបស់ខ្លួន តាមបទប្បញ្ញត្តិច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ចំពោះស្ថានីយវិទ្យុដែលបានលក់ឬជួលម៉ោងផ្សាយជាអចិន្ត្រៃយ៍ឱ្យ​វិទ្យុបរទេស ឬសមាគម អង្គ​ការ​ក្រៅ​រដ្ឋាភិបាល ឬគណបក្សនយោបាយ ចាក់ផ្សាយកម្មវិធីព័ត៌មាននៅតាមស្ថានីយរបស់​ខ្លួនកន្លងមក ក៏ត្រូវផ្អាករយៈពេលមួយថ្ងៃដូច​គ្នាដែរ។

ការណែនាំរបស់ក្រសួងព័ត៌មាននេះ ធ្វើឡើងខណៈកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់​អាណត្តិទី៥ នៅថ្ងៃទី​៥ ខែមិថុនា ឆ្នាំ២០២២​នេះ ដែលមានគណបក្សនយោ​បាយ​ចំនួន​១៧ បានចូលរួមប្រកួតប្រជែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ