រុស្ស៊ី៖ ការ​ផ្គត់ផ្គង់​គ្រាប់រ៉ុក្កែត​របស់​អាមេរិក​ដល់​អ៊ុយក្រែន​នឹង​ពង្រីក​ជម្លោះ​បន្ថែមទៀត

លោក វ្ល៉ាឌីមៀ ពូទីន ស្បថពេលចូលធ្វើជាប្រធានាធិបតីរុស្ស៊ី អំឡុងពេលពិធីសម្ពោធនៅវិមានក្រឹមឡាំង ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨។ (REUTERS)

រុស្ស៊ី កាលពីថ្ងៃពុធម្សិលមិញ បានរិះគន់យ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការផ្គត់​ផ្គង់​ប្រព័ន្ធរ៉ុក្កែតនិងអាវុធទំនើបៗដល់អ៊ុយក្រែន ដោយព្រមានថា ​សកម្មភាពនេះ​អាចពង្រីកជម្លោះនិងបង្កើនហានិភ័យនៃការប្រឈមមុខ​ដាក់គ្នាកា​ន់​តែខ្លាំងឡើង។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ការថ្លែងនេះត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានសម្រេចអនុម័តផ្ដល់ឱ្យអ៊ុយ​ក្រែន​នូវ​ប្រព័ន្ធរ៉ុក្កែតទំនើបៗដែល​អាច​វាយប្រហារត្រូវចំគោលដៅក្នុងរយៈចម្ងាយឆ្ងាយ ដើម្បីប្រឆាំងនឹងសង្រ្គាមឈ្លានពានដោយរុស្ស៊ី។

កញ្ចប់ដែល​ផ្ដល់ជូនដោយអាមេរិកដល់អ៊ុយក្រែននេះ​ រួមមាន គ្រាប់រំសេវ​ចម្រុះ រ៉ាដា​ប្រឆាំង​ការ​បាញ់​ប្រហារ រ៉ាដាឃ្លាំមើល កាំជ្រួចប្រឆាំងរថក្រោះប្រភេទ​Javelin ក៏ដូចជាអាវុធប្រឆាំងរថពាសដែក​​ផង​​ដែរ។

ទាក់​ទិន​នឹង​ករណី​នេះ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា៖ «យើងជឿជាក់ថា សហរដ្ឋអាមេរិកមានចេតនាយ៉ាងច្បាស់ក្នុងការចាក់សាំងលើភ្លើងបន្ថែមទៀត»។

ឆ្លើយតបនឹងសំណួរថាតើសកម្មភាពរបស់សហរដ្ឋអាមេរិកនេះ អាចនឹងបង្កើនវត្តមានភាគីទី​៣ ចូល​រួមក្នុង​ជម្លោះឬយ៉ាងណា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បញ្ជាក់ថា៖ «ហានិភ័យបែបនេះពិតជាអាចកើតមានឡើងបាន»។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយក្នុងប្រទេសអារ៉ាប៊ីសាអូឌីត រដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ បន្ថែមថា៖ «វាគឺជាចេតនាដោយផ្ទាល់មួយផងដែរ [ដោយអ៊ុយក្រែន] ដែលមានគោលបំណងទាញបណ្ដាប្រទេសលោកខាងលិចនានាឱ្យចូលរួមក្នុងសកម្មភាពយោធារបស់ពួកគេ»។

រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំរបស់​ខ្លួន​មកលើអ៊ុយក្រែន​ តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្រ​ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលបានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់បាត់បង់ជីវិត តំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក និងបង្កឱ្យមានជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកើតឡើង ខណៈមនុស្សរាប់លាននាក់បានភៀសខ្លួនចេញពីប្រទេសផងដែរ។

ទោះជាយ៉ាងណា រុស្ស៊ីធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា សកម្មភាពរបស់ខ្លួននេះ គឺជាការអនុ​វត្ត «ប្រតិបត្តិការយោធាពិសេសមួយ» ដើម្បីបញ្ឈប់រដ្ឋាភិបាលអ៊ុយក្រែនពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនរបស់ខ្លួន ខណៈដែលការចោទប្រកាន់នេះ ត្រូវបានបណ្ដាប្រទេសជាច្រើននៅលើពិភពលោក​ចាត់ទុកថាជាការ​លើកឡើងដោយ​គ្មានមូលដ្ឋានច្បាស់លាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ