ពលរដ្ឋ​ជាង​៤០០នាក់​ដែល​បាត់​លុយ​វិនិយោគ​នៅ​ក្រុមហ៊ុន GFX ព្រម​យក​សំណង​ទាំង​មិនពេញចិត្ត

អតិថិជនដែលបានដាក់លុយវិនិយោគនៅក្រុមហ៊ុន GoldFX Investment បាននាំគ្នាតវ៉ាទាមទាររកដំណោះស្រាយពីក្រុមហ៊ុនករណីបាត់លុយវិនិយោគនៅក្រុមហ៊ុននេះ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

មេធាវី​តំណាង​ឱ្យ​ក្រុម​ហ៊ុន GFX (GoldFX Investment) អះអាងថា ពលរដ្ឋ​ជាង៤០០នាក់​ដែលបានដាក់លុយ​វិនិយោគ​​នៅ​ក្នុង​ក្រុម​ហ៊ុន GoldFX បានព្រ​ម​ព្រៀង​ទទួល​យក​ប្រាក់​សំណង​នូវ​​ទឹក​ប្រាក់​ចំនួន​៣០ភាគរយ​នៃ​ទឹក​ប្រាក់​សរុប​ដែលពួក​គេ​បាន​បាត់​បង់។

លោកស្រី ទី គឹមស្រាន មេធាវីរបស់ក្រុម​ហ៊ុន​ GoldFX បានប្រាប់ វីអូឌី នៅថ្ងៃទី០២ ខែឧសភា​​ ឆ្នាំ២០២២ ​ថាវិនិយោគិនជាង៤០០នាក់បានទទួលយកកិច្ចព្រមព្រៀងនេះ និងសំណងត្រូវបានផ្តល់ជូនកាលពីចុងសប្តាហ៍មុន និងនៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ។

លោកស្រី​បន្ត​​ថា ​ក្រុម​ហ៊ុន​​បាន​​ផ្តល់​​ប្រាក់​​ដែល​​បាន​​បាត់​បង់​​ចំនួន ៣០​ភាគ​រយ ដូច​​ដែល​ក្រុមហ៊ុនបាន​ផ្តល់​ជូនកន្លងមក ហើយ​​អ្នក​ដែល​ព្រម​ទទួល​យក​សំណង​ទាំ​ង​នោះ បានបញ្ចប់រឿង ដោយព្រមដកពាក្យបណ្ដឹង​ទាំងអស់វិញផងដែរ។

យ៉ាងណា អ្នកស្រី​ថា ប្រសិន​បើ​មានអ្នកមិនទាន់បានទទួលយកសំណងទេ គឺពួកគេអាចទាក់ទងទៅនិយ័តករមូលបត្រកម្ពុជា ដើម្បីឱ្យក្រុមហ៊ុនផ្តល់ប្រាក់សំណងជូនពួកគេ។

លោកស្រីបន្ថែមថា៖ «ពួកគាត់បានទទួលយកអស់ហើយ គាត់អត់​មាននិយាយអីផង គាត់ដូចជាយកចង់អស់ហើយ។ ប្រសិន​បើ​មាន​អ្នក​នៅ​សល់​ សុំឱ្យគាត់ដាក់ពាក្យទៅខាងនិយ័តករមូលបត្រ»

វិនិយោគិន ឬពលរដ្ឋដែលបានដាក់លុយវិនិយោគជាមួយក្រុមហ៊ុន​ GFX លោក សិទ្ធ ស៊ីវត្ថា មាន​ប្រសាសន៍​ថា លោក​បានបោះ​បង់​ការ​តវ៉ា និងព្រមទទួលយកលុយសំណងទាំងមិនពេញចិត្ត ដែលក្រុមហ៊ុនផ្តល់ឱ្យវិញ​ត្រឹមតែ៣០ភាគរយនៃប្រាក់សរុ​ប​របស់​ខ្លួន។ លោកថា ការទទួលយកសំណង​ទាំងបង្ខំនេះ ដោយសារពួកគាត់​អស់ជំនឿលើការដោះស្រាយរបស់អាជ្ញាធរ និង​មិនសង្ឃឹមឈ្នះក្រុមហ៊ុន ដោយសារថ្នាក់ដឹកនាំក្រុមហ៊ុននេះជាមន្ត្រីធំមានលុយមានអំណាច។

លោកបន្ថែមថា៖ «យើងទទួលយកនេះ ដោយសារយើងអស់សង្ឃឹមលើការដោះស្រាយផ្លូវច្បាប់។ យើងបានពាក្យបណ្តឹងទៅ​អាជ្ញាធរ​ គេក៏មិនសូវខ្វល់ពីយើង ហើយយើងធ្លាប់ដាក់បណ្តឹងទៅសម្តេច​ [ហ៊ុន សែន] ​ដែរ តែ​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ។ ហើយ​យើង​មើល​ទៅ​ធ្វើអី​មិន​ឈ្នះ​គេ ព្រោះគេសុទ្ធតែអ្នកធំៗ។ ហើយមួយទៀត ពេលកូនក្រុមយើងផុស​រឿង​ហ្នឹង​ទៅ​តាមហ្វេស​ប៊ុក ត្រូវបានប៉ូលិសគេហៅយើងទៅគំរាម មិនឱ្យធ្វើសកម្មភាពអ្វីទាំងអស់»។

កាលពីដើម​ខែមិថុនា ឆ្នាំ២០២១ ជំនួយ​ការ​ផ្ទាល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺលោក​ ដួង តារា បានចូលខ្លួន​ជួយសម្រប​ស​​ម្រួលរកដំ​ណោះស្រាយដល់ពលរដ្ឋ​ដែល​បានបាត់លុយវិនិយោគរបស់​ពួក​គេ​សរុបប្រមាណ​ជាង​២០​​លាន​ដុល្លារ ដោយ​បញ្ហានេះត្រូវបានក្រុមហ៊ុនដាក់ការទទួលខុស​ត្រូ​​វ​លើ​គណៈ​គ្រប់​គ្រង​ជា​ជន​បរទេស​៣នាក់ដែល​កំពុង​​រត់​​គេច​​​ខ្លួន។ 

លោក ដួង តារា ដែលជាជំនួយការ​នាយករដ្ឋមន្ត្រី ប្រាប់ វីអូឌី នៅថ្ងៃព្រហស្បតិ៍​ម្សិល​មិញ​​​ថា កន្លងមក លោកធ្លាប់​បាន​សម្រប​សម្រួល​ដោះស្រាយ​បញ្ហា​ជម្លោះនេះ ខណៈពលរ​ដ្ឋជំរុញឱ្យមានការផ្តល់សំណងច្រើង​ជាង​៣០​ភាគ​រយ ប៉ុន្តែពេលនេះលោក​មិន​ជាប់ពាក់ព័ន្ធទៀតឡើយ។

លោកបន្ថែម​ថា៖ «អ៊ីចឹងខ្ញុំអត់ដឹងពីរឿងការ Update ថាតើខាងក្រុមហ៊ុនមានការទូទាត់​​​ទៅ​ខាងប្រជាពលរដ្ឋ ឬអតិថិជន​របស់​ខ្លួន​ឯងប៉ុន្មាន​ទេ គឺ​ខ្ញុំ​អត់​បាន​ក្ដាប់រឿងហ្នឹងច្បាស់ទេ»។

តាមការចុះផ្សាយលើគេហទំព័រ​ក្រុម​ហ៊ុន GFX បាន​ឱ្យដឹង​ថា ក្រុមហ៊ុនវិនិយោគរូបិយវត្ថុតាមប្រព័ន្ធ Forex មួ​យ​​​នេះ មាន​ប្រ​ធានក្រុមហ៊ុនឈ្មោះ កែ សួនសុភី ត្រូវជាកូនស្រីលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងជាភរិយា​លោក ស សុ​ខា ដែលត្រូវជាកូនប្រុស​លោក​ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមាន​នាយក​គ្រប់​គ្រង​ឈ្មោះ ស ចាន់​ណែត ត្រូវជាក្មួយស្រី​លោកឧ​បនាយករដ្ឋមន្រ្តី ស ខេង និងជាភរិយាលោក លី សុភ័ក្ត អនុប្រធាននាយកប្រតិបត្តិក្រុមហ៊ុន លី​ហួរ​គ្រុប។

កាលពីចុ​ង​ខែ​មីនា ឆ្នាំ២០២១ គណនីរបស់អតិថិជនដែលបានដាក់លុយវិនិយោគលើ​ការជួញដូរ​តាម​ប្រព័ន្ធ Forex របស់ក្រុមហ៊ុន GFX ទាំងអស់ ត្រូវបានបាត់ ដោយក្រុមហ៊ុនថា បញ្ហានេះបង្កឡើងដោយគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន​ដែល​ជាជនបរទេសចំនួន​៣នាក់ ហើយស្នើឱ្យអតិថិជនទាំងអស់ ចូលរួមដាក់ពាក្យបណ្ដឹងជាមួយ​ក្រុម​ហ៊ុន ដើម្បីតាមស្វែងរកជនបង្កមកដោះស្រាយតាមនីតិវិធីច្បាប់។

កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ពលរដ្ឋប្រមាណ១០០នាក់ តំណាងឱ្យពលរដ្ឋ ៧៧៥នាក់ ដែល​មានបញ្ហា​បាត់​លុយ​វិនិយោគនៅក្រុមហ៊ុន GFX បាននាំ​គ្នា​ទៅ​ដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីស្នើដល់លោក ហ៊ុន សែន ជួយអន្តរាគមន៍ដោះស្រាយដោយផ្តល់សំណងដែលពួកគេបានបាត់បង់លុយសរុបជាង១០លានដុល្លារ ប៉ុន្តែពលរដ្ឋអះអាងថា រហូតដល់ពេលនេះពុំមានដំណោះស្រាយល្អឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ