សហព័ន្ធ​សហជីព​ឯករាជ្យ​ថា រោងចក្រ ឈីមីងស៊ីន ហ្វេកធើរី មិន​អនុវត្ត​តាម​សេចក្ដី​បង្គាប់​របស់​ក្រសួងការងារ

រោងចក្រ ឈីមីងស៊ីន។ (ពលរដ្ឋអ្នកសារព័ត៌មាន)

សហព័ន្ធសហជីពឯករាជ្យ (INTUFE) អំពាវនាវឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងក្រុមហ៊ុនបញ្ជាទិញម៉ាក Walmart ជួយធ្វើកិច្ចអន្តរាគមន៍ទៅលើករណីដែលក្រុមហ៊ុន ឈីមីងស៊ីន ហ្វេកធើរី ដែលមិនព្រមទទួលយកថ្នាក់ដឹកនាំសហជីពនិងស្ថាបនិកសហជីពចំនួន៥នាក់ឱ្យចូលធ្វើការងារឡើងវិញ។

សហព័ន្ធសហជីពឯករាជ្យ (INTUFE) បានចេញ​សេចក្ដីថ្លែងការណ៍​មួយ ដោយបង្ហាញថា ក្រុមហ៊ុន ឈីមីងស៊ីន ហ្វេកធើរី មិនព្រមធ្វើតាមសេចក្ដីណែនាំរបស់ក្រសួងការងារ ដែលឱ្យក្រុមហ៊ុនមួយនេះទទួលយកកម្មករនិយោជិត៥នាក់ចូលបម្រើការងារវិញ និងមិនបានគោរពតាមសេចក្ដីណែនាំរបស់ក្រសួងការងារ និងស្នើសុំឱ្យក្រសួងការងារចាត់វិធានការចំពោះការមិនគោរពច្បាប់ ខណៈដែលកម្មករ-កម្មការិនីក្រុមហ៊ុនបង្ហាញពីការព្រួយបារម្ភក្រោយពីពួកគេមិនមានសហជីពនៅក្នុងរោងចក្រ។

អ្នកស្រី ខុន សុផាត អាយុ៣៩ឆ្នាំ ជាកម្មការិនីរោងចក្រស្បែងជើង ឈីមីងស៊ីន ហ្វេកធើរី រយៈពេល៧ខែ បានប្រាប់ CCIM ថា អ្នកស្រីកំពុងប្រឈមការលំបាកខ្លាំង រោងចក្រតែងតែរំលោភសិទ្ធិកម្មករផង កិបកេងប្រវ័ញ្ចកម្លាំងពលកម្មកម្មករផង។

អ្នកស្រីបន្ដអះអាងថា សម្រាប់ពួកអ្នកស្រីមិនដែលបានប្ដឹងទៅមន្ទីរការងារឬក៏ក្រសួងការងារនោះទេ ដោយសារថ្នាក់ដឹកនាំសហជីពពួកអ្នកស្រីនៅខាងក្រៅ ពេលដែលអត់មានសហជីព គឺមានការព្រួយបារម្ភ ដោយសារខាងរោងចក្រមានការកៀបសង្កត់ខ្លាំង ប្រសិនបើជាពួកអ្នកស្រីមានការតវ៉ា និងមិនធ្វើតាមការបង្គាប់របស់រោងចក្រ។

អ្នកស្រីបានសង្កត់ធ្ងន់ថា៖ «បើសិនជារោងចក្រហ្នឹងមានសហជីព ពួកខ្ញុំប្រាកដជាស្រួល ដោយសារអី គេនៅផ្ទាល់ហ្នឹង ពេលមានបញ្ហាអី វាដោះស្រាយលឿន ហើយមានអារម្មណ៍ថាកក់ក្ដៅ យើងធ្វើអីអត់មានការភ័យខ្លាច»

ចំណែកឯលោក រឿន សុភា លេខាធិការសហព័ន្ធសហជីពឯករាជ្យ (INTUFE) បានលើកឡើងថា ការដែលរោងចក្រមិនព្រមទទួលយកពួកលោកចូលធ្វើការវិញ គឺខាងរោងចក្រមិនអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងនោះទេ ហើយរាល់ថ្ងៃរោងចក្រតែងតែគាបសង្កត់កម្មករ​-កម្មការិនី ដោយសារថ្ងៃបុណ្យ គឺមិនឱ្យសម្រាកទេ ហើយឱ្យកម្មករធ្វើការថ្ងៃបុណ្យ គេឱ្យលើកទៅសម្រាកថ្ងៃនេះឬលើកទៅថ្ងៃនោះស្រេចតែចិត្ត។

លោកបន្ដថា បើគ្មានសហជីពនៅក្នុងរោងចក្រហ្នឹងទេ គឺកម្មករ-កម្មការិនីប្រឈមការពិបាកច្រើន ដូចជា ត្រូវបង្ខំឱ្យធ្វើការមុនម៉ោង ប្រជុំមុនម៉ោង និងជេរស្ដីឱ្យកម្មករ ជាដើម។

លោកនិយាយថា៖ «ខ្ញុំមិនដឹងនិយាយថាម៉េចទេ ពេលវាគាបសង្កត់ គឺយើងវាពិបាកទៅហើយ! អ៊ីចឹងខ្ញុំពុំមានអីត្រូវនិយាយប្រាប់បងទៀតទេ»

លោក រី សិទ្ធីណែត ប្រធានសហព័ន្ធសហជីពឯករាជ្យ បានចាត់ទុកថា ការដែលក្រុមហ៊ុន ឈីមីងស៊ីន ហ្វេកធើរី មិនព្រមទទួលតំណាងសហជីពទាំង៥នាក់ឱ្យចូលបម្រើការងារវិញ តាមលិខិតរបស់លោក ជ្រុន ថេរ៉ាវង្ស ប្រធាននាយកដ្ឋានវិវាទការងារនៃក្រសួងការងារកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ថានេះជាអសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារផងដែរ។ លោកថា កាលណាតែលិខិតរបស់ក្រសួងការងារហើយក្រសួងមិនបានជំរុញឬក៏ឱ្យមានការអនុវត្តទេ ធ្វើឱ្យរោងចក្រហ្នឹងមិនខ្វល់ពីលិខិតឬក៏បទដ្ឋានគតិយុត្តរបស់ប្រទេសកម្ពុជា។

លោកបន្ដថា៖ «ទាំងបរទេស ទាំងខ្មែរ ដែលចង់រកស៊ីនៅស្រុកខ្មែរ គឺត្រូវតែគោរពខ្មែរ»។

លោកបន្ដអះអាងទៀតថា ក្នុងលិខិតហ្នឹង លោកចង់បញ្ជាក់ថា បើសិនពួកគាត់យកកម្មករទាំងអស់ចូលធ្វើការទៅ រោងចក្រក៏លែងកេងប្រវ័ញ្ចកម្មករផងដែរ រាល់ដង ពេលហៅកម្មករប្រជុំមុនម៉ោងធ្វើការងារ ពេលកម្មករទៅអត់ទាន់ គឺខាងរោងចក្រកាត់លុយពួកគាត់តែម្តង។

លោកថា៖ «វាជាកម្សោយរបស់រាជរដ្ឋាភិបាលទេ បើនិយាយមែនទែនទៅ រាជរដ្ឋាភិបាលគួរតែជំរុញឬក៏លើកទឹកចិត្ត ហើយឱ្យអនុវត្តនូវអ្វីដែលខ្លួនបានសម្រេច»

លោក ឃុន ថារ៉ូ ប្រធានគ្រប់គ្រងកម្មវិធីការងារ នៃអង្គការសង់ត្រាល់ បានឱ្យដឹងថា ករណីនេះជាការពិត ដែលបានចេញនូវសេចក្ដីសម្រេចផ្នែករដ្ឋបាលរបស់អធិការកិច្ច ដែលរោងចក្របានបញ្ឈប់ថ្នាក់ដឹកនាំសហជីព គឺវាអនុវត្តផ្ទុយពីច្បាប់ មិនមានការឯកភាព និងមិនមានការអនុញ្ញាតដែលក្រុមការងារសហជីពគាត់មានការការពារពិសេសពីច្បាប់។

លោកថា៖ «អ៊ីចឹងក្នុងករណីនេះ ក្រុមហ៊ុនមានសិទ្ធិក្នុងការប្ដឹងទៅក្រសួងការងារ ក្នុងរយៈពេល២ខែ លើសេចក្ដីសម្រេច។ លោកបន្ដថា មកដល់ពេលនេះ ក្រុមហ៊ុនដូចជាមិនបានប្ដឹងទៅរដ្ឋមន្រ្ដីទេ។ អ៊ីចឹងក្រុមហ៊ុនមានកាតព្វកិច្ចក្នុងការអនុវត្តទទួលយកថ្នាក់ដឹកនាំសហជីពឱ្យចូលធ្វើការឬក៏ផ្ដល់នូវប្រាក់សំណង ប្រាក់រម្លឹក តាំងពីថ្ងៃឈប់រហូតដល់ថ្ងៃចូលធ្វើការងារវិញ»

CCIM បានព្យាយាមទាក់ទងទៅលោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសុំការបំភ្លឺពាក់ព័ន្ធនឹងបញ្ហាខាងលើមិនបាននោះទេ ដោយហៅទូរសព្ទចូល តែគ្មានអ្នកលើក។

បើតាមលោក ហាន សេងហុង ជំនួយការរដ្ឋបាលរោងចក្រ ឈីមីងស៊ីន ហ្វេកធើរី បានលើកឡើងថា កន្លងមក លោកជាអ្នកសម្របសម្រួលកម្មករនិយោជិតនិងក្រសួងការងារ និងបានរាយការណ៍ជូនទៅអ្នកគ្រប់គ្រងរោងចក្រអំពីកិច្ចការសម្រេចរបស់ក្រសួងការងារថា ឱ្យរោងចក្រទទួលយកពួកគាត់ដែលរោងចក្របានបញ្ឈប់ចូលធ្វើការវិញ។ ប៉ុន្ដែលោកថា ប្រធានគ្រប់គ្រងឆ្លើយប្រាប់ថា មិនអាចទទួលយកមកធ្វើវិញបាននោះទេ ដោយសារតែមានបញ្ហាច្រើន ដូចជា រោងចក្រមិនសូវមានការងារធ្វើ កម្មករក៏ឈប់ច្រើន ដែលធ្វើឱ្យខាងរោងចក្រមិនអាចទទួលយកមកវិញបាន។

លោកបន្ដថា៖ «ប្រធានខ្ញុំប្រាប់ខ្ញុំពីម្សិលមិញថា គាត់នឹងដោះស្រាយជាមួយពួកគាត់ [សហជីព] ប៉ុន្ដែដោះស្រាយដោយរបៀបណា ខ្ញុំមិនដឹងទេ! ខ្ញុំអាចប្រាប់បងបានតែប៉ុណ្ណឹងទេ»

លោកបន្ថែមថា ការដែលថាខាងរោងចក្រកិបកេងម៉ោងរបស់ពួកកម្មករនិងគាបសង្កត់ គឺមិនមានឡើយ! បើមាន កម្មករក្នុងរោងចក្រប្ដឹងទៅសហជីពក្នុងហ្នឹង ពីព្រោះនៅក្នុងរោងចក្ររាល់ថ្ងៃមានសហជីពមួយទៀតសម្រាប់ទទួលការដោះស្រាយជូនពួកគាត់។

លោកបន្ដអះអាងថា៖ «ជាសិទ្ធិគេ គេចង់និយាយថាយ៉ាងម៉េចក៏បាន។ ប៉ុន្ដែរាល់ថ្ងៃ គឺរោងចក្រតែងតែគោរពទៅតាមច្បាប់របស់ក្រសួងការងារ»

បើយោងតាមលិខិតរបស់ក្រសួងការងារ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លោក ជ្រុន ថេរ៉ាវង្ស ប្រធាននាយកដ្ឋានវិវាទការងារលិខិតលេខ១៨៨ក.ប/អក/វក ជូនលោកនាយកក្រុមហ៊ុន ឈីមីងស៊ីន ហ្វេកធើរី ដោយបញ្ជាឱ្យលោកទទួលយកកម្មករនិយោជិត៥នាក់ មានដូចជា អ្នកស្រី ដួង សុកណាង ប្រធានសហជីព, លោក ឌួង តុលា អនុប្រធានសហជីព, លោក រឿន សុភា លេខាធិការសហជីព, លោក ចេង សិទ្ធិ  ហេរញ្ញិកសហជីព, អ្នកស្រី ឡុង សុខលីន ស្ថាបនិកសហជីព ហើយសងរម្លឹកប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗទៀតគិតចាប់ពីថ្ងៃបញ្ឈប់រហូតដល់ថ្ងៃចូលធ្វើការវិញ ប៉ុន្ដែរោងចក្រមិនបានធ្វើតាមលិខិតដែលចេញដោយក្រសួងការងារនោះទេ​។

រោងចក្រស្បែកជើង ឈីមីងស៊ីន ហ្វេកធើរី មានទីតាំងស្ថិតនៅភូមិទួលក្រសាំង ឃុំរកាខ្ពស់​ ស្រុកស្អាង ខេត្តកណ្ដាល ដែលរោងចក្រផលិតស្បែកជើងផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុន Walmart ដែលជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក៕


ពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកណ្ដាល

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។