គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេចឱ្យប្រធានក្រុមការងារគណបក្សភ្លើងទៀនស្រុកកងមាស ឈ្នះក្ដីលើគណបក្សប្រជាជនកម្ពុជា និងសម្រេចបង្គាប់ឱ្យលុបការផាកពិន័យចំនួន៥លានរៀល។
លោក ប្រាជ្ញ ច័ន្ទ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ជ.ប នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានសម្រេចឱ្យលោក គង់ រ៉ៃយ៉ា និងមនុស្ស១៤នាក់ផ្សេងទៀត ឈ្នះក្ដីលើគណបក្សប្រជាជនកម្ពុជា។
បើតាមប្រធាន គ.ជ.ប រូបនេះ ដោយសារបញ្ញត្តិមាត្រា១៧១ និងមាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោត ដែលមេធាវីតំណាងដោយអាណត្តិរបស់អ្នកស្រី ជិន ដាវី យកមកធ្វើជាសម្អាងហេតុ ដើម្បីដាក់បន្ទុកប្រឆាំងគណបក្សភ្លើងទៀនក្នុងស្រុកកងមាសនេះ មិនមានទម្ងន់គ្រប់គ្រាន់តាមផ្លូវច្បាប់។
កាលពីថ្ងៃទី៣០ ខែឧសភា លោក គង់ រ៉ៃយ៉ា តាមរយៈមេធាវីរបស់ខ្លួន គឺលោក កែត ឃី បានដាក់បណ្ដឹងទាស់ ប្រឆាំងនឹងសេចក្ដីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាមដែលសម្រេចឱ្យលោកចាញ់ក្ដីគណបក្សប្រជាជនកម្ពុជា។
លោក គង់ រ៉ៃយ៉ា ជាប្រធានក្រុមទ្រទ្រង់ស្រុកកងមាស និងជាបេក្ខភាពមេឃុំស្តៅ មកពីគណបក្សភ្លើងទៀន ត្រូវបានអ្នកស្រី ជិន ដាវី តំណាងគណបក្សប្រជាជនកម្ពុជា ប្ដឹងពាក់ព័ន្ធនឹងការបង្ហោះវីដេអូចែកថវិកាទៅឱ្យបេក្ខភាពជាមេឃុំក្នុងស្រុកកងមាសទាំង១១ឃុំ ដោយក្នុងមួយឃុំទទួលបានលុយ១០០ដុល្លារ។
ក្រោយពីបេក្ខភាពមេឃុំគណបក្សភ្លើងទៀនរូបនេះបង្ហោះឃ្លីបវីដេអូ កាលពីថ្ងៃទី២៣ ខែឧសភា អំពីសកម្មភាពចែកលុយនេះ ក្នុងថ្ងៃតែមួយ ពេលល្ងាចតំណាងគណបក្សប្រជាជនកម្ពុជាបានប្ដឹងភ្លាមៗករណីនេះទៅគណៈកម្មការឃុំស្ដៅរៀបចំការបោះឆ្នោត។
យ៉ាងនេះក្ដី សម្រាប់មេធាវី លោក កែត ឃី ដែលជាមេធាវីការពារសិទ្ធិឱ្យលោក គង់ រ៉ៃយ៉ា ចាត់ទុកសេចក្តីសម្រេចរបស់ គ.ជ.ប នៅពេលនេះថា ជាការផ្តល់នូវយុត្តិធម៌មួយសម្រាប់កូនក្តីរបស់ខ្លួន។
លោកបន្តថា៖ «ខ្ញុំសប្បាយចិត្តនៅពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរកយុត្តិធម៌ឱ្យកូនក្តីខ្ញុំ។ កូនក្ដីខ្ញុំមិនមានកំហុសទេ ហើយថ្ងៃនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្ងៃនេះ បានផ្តល់យុត្តិធម៌ដល់កូនក្តីខ្ញុំបាទ។ ខ្ញុំពិតជាសប្បាយចិត្តណាស់»។
ដោយឡែក មេធាវីតំណាងដោយអាណត្តិរបស់គណបក្សប្រជាជនកម្ពុជា លោក គា អ៊ាវ យល់ឃើញថា នេះជាសេចក្ដីបិទផ្លូវតវ៉ា ហេតុនេះ ក្នុងនាមជាមេធាវីការពារក្តីឱ្យគណបក្សប្រជាជនកម្ពុជា មិនមានអ្វីដែលត្រូវបកស្រាយទៀតទេ ប៉ុន្តែមេធាវីរូបនេះនៅតែចាត់ទុកថា ទាំងសកម្មភាពនិងអង្គហេតុ ជនត្រូវចោទ គួរត្រូវបានអនុវត្តតាមនីតិវិធី។
លោកបន្តថា៖ «ខ្ញុំមិនយល់ទាស់អីទេ ដោយសារថានេះជាសិទ្ធិនិងការជាយល់ឃើញរបស់ គ.ជ.ប ហើយក៏ជាឯករាជ្យភាពរបស់ គ.ជ.បដែរ។ អ៊ីចឹងជាធម្មតា គេសម្រេចរួចហើយ។ ហើយម្យ៉ាងវិញទៀត តាមច្បាប់ស្ថាពរចប់ត្រឹមហ្នឹងហើយ អត់មានប្តឹងតវ៉ា អត់មានប្តឹងអីទៅមុខទៀតបានទេ»។
កាលពីថ្ងៃទី២៨ ខែឧសភា គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម បានសម្រេចឱ្យលោក គង់ រ៉ៃយ៉ា ចាញ់ក្តីគណបក្សប្រជាជនកម្ពុជា។តាមរយៈសេចក្តីសម្រេចនេះ លោក គង់ រ៉ៃយ៉ា ត្រូវបានផាកពិន័យចំនួន៥ ០០០ ០០០រៀល តាមបញ្ញត្តិមាត្រា១៧១ និងមាត្រា១៨១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
នៅក្នុងបណ្តឹងរបស់មេធាវីតំណាងដោយអាណត្តិ ដែលជាម្ចាស់ដើមបណ្តឹងនៃគណបក្សប្រជាជនកម្ពុជា ទាមទារឱ្យស្ថាប័នជាតិរៀបចំការបោះឆ្នោត ផាកពិន័យតាមបញ្ញត្តិនៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងលុបឈ្មោះបេក្ខភាពទាំង១១ឃុំចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២២។ បើទោះបែបណា សេចក្ដីសម្រេចដែលបិទផ្លូវតវ៉ា នៅល្ងាចថ្ងៃទី២ ខែមិថុនានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រេចឱ្យបេក្ខភាពទាំង១១ឃុំនៃស្រុកកងមាស បានបន្តការងារដូចដើម និងលុបចោលការផាកពិន័យប្រឆាំងលោក គង់ រ៉ៃយ៉ា ចេញ៕