គណបក្ស​ធំពីរ​ហែក្បួន​ទ្រង់ទ្រាយធំ​នៅ​រាជធានីភ្នំពេញ​នា​ថ្ងៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ចុងក្រោយ

គណបក្សភ្លើងទៀន រៀបចំហែក្បួននៅថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ លក្ខិណា)

គណបក្សនយោបាយធំៗពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន ​ហែក្បួន​ឃោសនា​បោះឆ្នោត​ជាទ្រង់ទ្រាយធំ នៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត​ នាថ្ងៃសុក្រនេះ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ប្រធានគណបក្សប្រជាជនកម្ពុជានៅ​រាជធានីភ្នំពេញ​ លោក ឃួង ស្រេង មានប្រសាសន៍នៅថ្ងៃ​ទី២ ខែមិថុនានេះ​ថា នៅ​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោតឃុំសង្កាត់​ គណបក្សប្រជាជនកម្ពុជានឹងមានអ្នកចូលរួមហែក្បួន​ចន្លោះពី៥ម៉ឺន​ទៅ៦ម៉ឺន​​នាក់។ លោកបន្តថា ក្បួនឃោសនារបស់គណបក្សកាន់អំណាច ជួបជុំគ្នានៅផ្លូវ៦០ម៉ែត្រ រួចហែឆ្លងកាត់សង្កាត់ចំនួន៥ នៃរាជធានីភ្នំពេញ។

គណបក្សប្រជាជនកម្ពុជា រៀបចំហែក្បួននៅថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។
គណបក្សប្រជាជនកម្ពុជា រៀបចំហែក្បួននៅថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ (សេង ថៃ)

ចំណែក​ គណបក្សភ្លើងទៀន ដែលគេចាត់ទុកថាជាគណបក្សប្រឆាំង ក៏នឹងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃចុងក្រោយ ដោយមានអ្នកចូលរួមជាង៥ម៉ឺ​ន​នាក់។

អនុប្រធាន​គណបក្សភ្លើងទៀន លោក សុន ឆ័យ បានឱ្យដឹងថា ក្បួនយុទ្ធនាការឃោសនារបស់​គណបក្សនេះជួបជុំគ្នានៅវេលាម៉ោង៧ព្រឹក ដោយ​ចាប់​ផ្តើមចេញដំណើរពីចំណុច​មួយ​​នៅ​​ជិត​មន្ទីរ​ពេទ្យ​ជោរៃ​ភ្នំពេញ ផ្លូវ​ជាតិ​លេខ១ ក្នុង​ខណ្ឌច្បារអំពៅ ដោយទៅឈប់​សម្រាក​នៅ​សួន​ច្បារ​ត្រើយ​ម្ខាង ក្បែរសណ្ឋាគារសុខា ហើយក្បួននឹងចាប់ផ្តើមហែមក​វិញ​នៅពេលរសៀល។

លោក​បន្តថា យុទ្ធនាការនេះមានការចូលរួម​ពីថ្នាក់ដឹកនាំសំខាន់ៗរបស់គណបក្ស និងរចនា​សម្ព័ន្ធគ្រប់លំដាប់ថ្នាក់របស់គណបក្សភ្លើងទៀន នៅទូទាំងរាជធានីភ្នំពេញ។

ក្រៅពីគណបក្សធំៗទាំងពីរ គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ក៏ហែក្បួនឃោសនាបោះឆ្នោតនៅថ្ងៃចុងក្រោយនៅរាជធានីភ្នំពេញផងដែរ។ ប៉ុន្តែក្បួនឃោសនារបស់គណបក្សខ្មែររួបរួមជាតិ នឹងមានអ្នកចូលរួមប្រមាណជាង១ ០០០នាក់ប៉ុណ្ណោះ។

គណបក្សខ្មែររួបរួមជាតិ រៀបចំហែក្បួននៅថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។
គណបក្សខ្មែររួបរួមជាតិ រៀបចំហែក្បួននៅថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ (ញឹម សុខន)

ទោះជាយ៉ាងនេះក្តី ប្រធានគណបក្សខ្មែររួបរួមជាតិ​ លោក ញឹក ប៊ុនឆៃ មានក្តីរំពឹងខ្ពស់ថា គណបក្សរបស់លោកនឹងទទួលបានការគាំទ្រមួយទ្វេជាពីរ បើធៀបនឹងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧។

ចំណែកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) មិនហែក្បួនធំនៅរាជធានីភ្នំពេញឡើយ។ ក៏ប៉ុន្តែថ្នាក់ដឹកនាំសំខាន់ៗរបស់គណបក្សនេះបានទៅហែក្បួនឃោសនាទ្រង់​ទ្រាយ​ធំ​នៅ​ក្នុង​ឃុំ​ខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន បានថ្លែងថា ឃុំខ្នាឆ្មារ គឺជាឃុំមួយក្នុងចំណោម៥ឃុំនៅទូទាំងប្រទេស ដែលគណបក្សនេះ​​សង្ឃឹមថាឈ្នះ។

ក្រៅពីគណបក្សខាងលើនេះ គណបក្សហ៊្វុន​ស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ក៏​​មិនហែក្បួនឃោសនាទ្រង់ទ្រាយធំនៅថ្ងៃឃោសនាចុងក្រោយទេ។ តែព្រះប្រធានគណបក្ស​ នឹងបន្តយាងទៅជួបអ្នកគាំទ្ររបស់ព្រះអង្គនៅក្នុងខេត្តកំពង់ឆ្នាំង។

អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន បានប្រាប់វីអូឌីថា នៅក្នុងរយៈពេល​១៣ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់នេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ​បានយាងទៅកាន់ខេត្តក្រុងមួយចំនួន រួមមាន ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ព្រះសីហនុ កំពង់ចាម ព្រៃវែង កណ្តាល និងចុងក្រោយ គឺខេត្តកំពង់ឆ្នាំង។

ចំណែក​គណបក្សកែទម្រង់កម្ពុជារបស់លោក អ៊ូ ច័ន្ទរ័ត្ន ក៏មិនហែក្បួនឃោសនាឡើយនៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត ដោយសារតែការដាក់បេក្ខជនឈរឈ្មោះរបស់គណបក្សនេះ​នៅរប៉ាត់រប៉ាយនៅឡើយ។

យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ បានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ហើយនឹងបញ្ចប់នៅត្រឹមថ្ងៃសុក្រ ទី៣ ខែមិថុនា ខណៈ​ការបោះឆ្នោតឃុំសង្កាត់​ នឹង​ត្រូវធ្វើនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ