ប្រធានាធិបតី​អ៊ុយក្រែន​ថា​កងកម្លាំង​ខ្លួន​នៅតែ​បន្ត​ប្រយុទ្ធ​ដណ្ដើម​យក​ទីក្រុង Sievierodonetsk មកវិញ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថ្លែងពាក់ព័ន្ធនឹងការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន។ (ហ្វេសប៊ុក៖ Володимир Зеленський)

ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍​ម្សិល​មិញ​ថា កង​កម្លាំងរបស់លោកបានទទួលជោគជ័យមួយចំនួន​ក្នុងការប្រយុទ្ធជាមួយទ័ព​រុស្ស៊ី​ ដើម្បីដ​ណ្ដើមយក​ទីក្រុង Sievierodonetsk ទាំងមូលមកគ្រប់គ្រងវិញ ប៉ុន្តែស្ថានភាព​យោធា​ទាំងមូល​​ក្នុង​​តំបន់​ដុន​បាស (Donbas) បច្ចុប្បន្ន មិនមានការប្រែប្រួលឡើយ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

យោងតា​មមន្ត្រីអ៊ុយ​ក្រែន កង​កម្លាំង​រុស្ស៊ីដែ​ល​ប្រើប្រាស់កាំភ្លើង​ធុន​ធ្ងន់​ទាំង​ឡាយ បច្ចុប្បន្នកំពុងតែគ្រប់​គ្រង​ទីតាំង​ភាគ​ច្រើន​នៃ​ទីក្រុង​ឧស្សាហកម្ម Sievierodonetsk ប៉ុន្តែការប្រយុទ្ធគ្នានៅតែកំពុងបន្តធ្វើឡើង។

ទាក់ទិននឹងករណីនេះ លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី លើកឡើងថា៖ «ស្ថានភាពទូទៅនៅដុនបាសមិនមានការផ្លាស់ប្ដួរគួរឱ្យកត់សម្គាល់ណាមួយក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះទេ។ ទោះជាយ៉ាងណា យើងបានទទួលជោគជ័យមួយចំនួនក្នុងការប្រយុទ្ធនៅក្នុងតំបន់ Sievierodonetsk»។

លោកបន្តថា៖ «រាល់ទឹកដីរបស់យើងដែលបច្ចុប្បន្នត្រូវបានកាន់កាប់ជាបណ្តោះអាសន្ន [ដោយទ័ពរុស្ស៊ី] រងនូវការបំផ្លាញទាំងស្រុង។ រុស្ស៊ីត្រូវតែទទួលខុសត្រូវលើករណីនេះ»។

ក្នុងសុន្ទរកថាមួយតាមរយៈប្រព័ន្ធវីដេអូ ប្រធានាធិបតីអ៊ុយក្រែនរូបនេះក៏​បាន​ថ្លែង​អំណរគុណ​ដល់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ដែល​បានសម្រេចអនុម័តផ្ដល់ឱ្យអ៊ុយក្រែននូវមីស៊ីលទំនើបៗ ខណៈលោក​​រំពឹង​​ថានឹងទទួលបាន​ដំណឹង​ល្អបន្ថែមទៀត​​អំពី​ការ​ផ្គត់ផ្គង់​សព្វាវុធ​ពី​ដៃគូ​ដទៃទៀត។

គួរបញ្ជាក់ថា ការបាញ់គ្រាប់ផ្លោងរបស់រុស្ស៊ី កាលពីពេលថ្មីៗនេះ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ​ទាំងអស់​ក្នុង​ទីក្រុង Sievierodonetsk ខណៈលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានអះអាងថា ការវាយ​ដណ្តើម​យក​ទីក្រុង​ក្នុងតំបន់ភាគខាងកើតអ៊ុយក្រែនមួយនេះ បច្ចុប្បន្នគឺជាគោលដៅដ៏សំខាន់មួយរបស់រុស្ស៊ី។

ជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែន​ក៏បានចោទប្រកាន់កងកម្លាំងរុស្ស៊ីពីការប៉ុនប៉ងសម្លាប់ជនជាតិអ៊ុយក្រែន ធ្វើឱ្យខូចខាតកាន់តែ​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន និងចាត់​ទុក​សកម្មភាពរបស់រុស្ស៊ីនេះថាជាការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ