សមាគមខ្មែរកម្ពុជាក្រោមបានរៀបចំពិធីបែបសាសនានិងពិភាក្សាអំពីបញ្ហាស្ថានភាពសិទ្ធិមនុស្សនៅថ្ងៃនេះ ដែលត្រូវជាខួប៧៣ឆ្នាំនៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម ដែលបារាំងបានផ្ទេរទៅឱ្យប្រទេសវៀតណាមត្រួតត្រាបន្តកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។
អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ប្រាប់វីអូឌីថា ការរៀបចំពិធីនាថ្ងៃនេះ ដើម្បីរំលឹកទៅដល់ប្រជាពលរដ្ឋខ្មែរទូទៅ និងខ្មែរក្រោមឱ្យចងចាំនៃការបាត់បង់ទឹកដី ដោយមានអ្នកចូលរួមប្រមាណ ២០ អង្គ/នាក់។
លោកបញ្ជាក់ថា ការរៀបចំពិធីសាសនា និងជជែកដេញដោលពីស្ថានភាពសិទ្ធិមនុស្សខ្មែរក្រោម ដោយសារអាជ្ញាធរវៀតណាមតែងតែធ្វើទុក្ខបុកម្នេញ និងចាប់ខ្លួននៅពេលដែលយុវជន និងព្រះសង្ឃ រួមទាំងពលរដ្ឋខ្មែរក្រោមនាំគ្នាសិក្សា និងស្វែងយល់ពីសិទ្ធិសេរីភាព វប្បធម៌របស់ខ្លួនឯង។
លោកថា៖ «បញ្ហាច្រើនដូចជា ថ្មីៗមានយុវជនខ្មែរក្រោម ដែលតវ៉ារឿងដីធ្លី និងបញ្ហាសម្ដែងមតិនៅបណ្ដាញសារព័ត៌មានសង្គម ឬការទាមទារ ការបង្ហាញអំពីអត្តសញ្ញាណខ្មែរក្រោម គឺត្រូវបានចាប់ និងឃាត់ខ្លួន ដាក់ពន្ធនាគារ ខ្លះទៀតត្រូវបានពិន័យ ហើយខ្លះទៀត ឃាត់ខ្លួនដកហូតសៀវភៅ និងលិខិតុបករណ៍សិទ្ធិមនុស្ស និងអាវយឺតផ្សេងៗដែលបង្ហាញពីអត្តសញ្ញាណខ្មែរក្រោមនោះ នៅរងគំនាបខ្លាំងណាស់»។
មួយវិញទៀត ការរៀបចំពិធីនេះ លោកថា ក៏ដើម្បីជំរុញ និងទាមទារទៅកាន់អាជ្ញាធរវៀតណាមឱ្យគោរពទៅតាមគោលការណ៍សិទ្ធិអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិផ្សេងៗទៀត។
បើតាមសហគមន៍ខ្មែរកម្ពុជាក្រោម ការប្រារព្ធខួបបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមនៅឆ្នាំនេះ មានការរាប់បាត្រព្រះសង្ឃ ដើម្បីឧទ្ទិសកុសលប្រគេន ថ្វាយ និងជូនព្រះវិញ្ញាណក្ខន្ធ ព្រះវីរសមណៈ ព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ វីរបុរស វីរយុទ្ធជន និងវីរយុទ្ធនារីខ្មែរផងដែរ។
ដោយឡែកសហគមន៍ខ្មែរកម្ពុជាក្រោមដែលមានលោក ថាច់ សេដ្ឋា ជាប្រធានវិញ បាន ប្រកាសលើកពេលរៀបចំខួប ៧៣ឆ្នាំ នៃថ្ងៃបារំាងផ្ទេរការត្រួតត្រាទឹកដីកម្ពុជាក្រោមទៅឱ្យប្រទេសវៀតណាមត្រួតតា្របន្តនេះ ទៅដើមខែកក្កដាវិញ ដោយសារនៅថ្ងៃទី៤ ខែមិថុនានេះ ជាថ្ងៃស ដែលកម្ពុជារៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
សេចក្ដីជូនដំណឹងរបស់សហគមន៍ខ្មែរកម្ពុជាក្រោម ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ឱ្យដឹងថា ការប្រារព្ធទិវាកាន់ទុក្ខខួបគម្រប់៧៣ឆ្នាំ (៤ មិថុនា ១៩៤៩ – ៤ មិថុនា ២០២២) នៃថ្ងៃបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម នៅឆ្នាំនេះ នឹងលើកទៅប្រារព្ធនៅថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ២០២២វិញ។
ទឹកដីកម្ពុជាក្រោម ដែលបារាំងហៅថា «ដែនដីកូសាំងស៊ីន (Cochinchine)» មានទំហំ៦ ៧៧០០គីឡូម៉ែត្រការ៉េ ឬមានចំនួន២១ខេត្ត-ក្រុង ត្រូវបានបារាំងផ្ទេរទៅឱ្យប្រទេសវៀតណាមត្រួតត្រាបន្ត កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ នៅក្នុងអំឡុងពេលដែលអាណានិគមបារាំងត្រួតត្រាកម្ពុជាក្រោម និងដាក់អាណានិគមនៅប្រទេសកម្ពុជា៕









