លោក ហ៊ុន សែន មិន​មាន​ថ្លែងសារ​ក្រោយ​ចូលគូស​សន្លឹក​បោះឆ្នោត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា​ បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅវេលាម៉ោងប្រមាណ៧និង១៥នាទីព្រឹក នៅការិយាល័យលេខ១៦៩៧ ដែលស្ថិតនៅក្នុងសាលាគរុកោសល្យភូមិភាគ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ហ៊ាន រង្សី)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា​ បាន​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ​នៅ​​វេលា​ម៉ោងប្រមាណ៧និង១៥​នាទី​ព្រឹក ​ថ្ងៃទី៥ ខែ​​មិថុនា​នេះ នៅ​ការិយា​ល័យ​​លេខ​១៦៩៧ ដែលស្ថិត​នៅ​ក្នុង​សាលា​គរុកោសល្យ​ភូមិ​ភាគ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។

គេសង្កេតឃើញថា បើទោះជាមានអ្នកសារព័ត៌មានជាច្រើនរូបបានទៅកាន់ទីនោះ ដើម្បីផ្ដិតយករូបភាព និងទិដ្ឋភាពអំពីការបោះឆ្នោតក្ដី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្រោយពេលគូសសន្លឹកបោះឆ្នោតរួច លោកមិនបានធ្វើអត្ថាធិប្បាយអ្វីឡើយ។ លោកនិងភរិយាបានចាកចេញពីការិយាល័យបោះឆ្នោត ​រួចឡើងរថយន្តធ្វើដំណើរត្រលប់ទៅវិញ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយបានដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦ ០៩២នាក់ (ស្ត្រី ២៧ ៨១៣នាក់)។

ដោយឡែក ឃុំ/សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន១ ៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ/សង្កាត់ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំងអស់នេះ មានចំនួន១១ ៦២២រូប។ យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន២៣ ៦០២ការិយាល័យ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន៩ ២០៥ ៦៨១នាក់ ស្មើនឹង៨៧,៩៤ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន៤ ៩០៤ ៨៣២នាក់។

សម្រាប់ការបោះឆ្នោតនៅថ្ងៃនេះ គ.ជ.ប ត្រៀមប្រើទឹកថ្នាំជ្រលក់ជិត៥ម៉ឺនដប សន្លឹកឆ្នោតជិត១២លានសន្លឹក មានការក្រុមការងារ ឬមន្រ្តីបម្រើការបោះឆ្នោតជាង១៤ម៉ឺននាក់។ បើតាម គ.ជ.ប គណបក្សដែលមានបេក្ខជនឈរឈ្មោះនៅគ្រប់២៥ខេត្តក្រុង មានចំនួន៤គណបក្ស គឺគណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ។

បើតាម គ.ជ.ប អ្នកសង្កេតការណ៍មកពីស្ថាប័នជាតិជាង៧០ស្ថាប័ន និងអ្នកសង្កេតការណ៍អន្តរជាតិមកពី៨ស្ថាប័នចូលរួមសង្កេតការបោះឆ្នោត។ ទោះជាយ៉ាងណា ចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧មក សហភាពអឺរ៉ុប សហរដ្ឋ​អាមេរិក និងអង្គការអន្តរជាតិមួយចំនួនបានប្រកាសផ្តាច់ជំនួយជាបន្តបន្ទាប់ដល់ស្ថាប័នរៀប​ចំការបោះឆ្នោត (គ.ជ.ប) និង​អង្គការសង្គមស៊ីវិលដែលធ្វើការងារលើការបោះឆ្នោតនៅកម្ពុជា។

ប្រធាន​អង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី ផូលីន តាម៉េស៊ីស (Pauline Tamesis) បានសរសេរសារ​លើបណ្ដាញសង្គម កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២​ ថាអង្គការអន្តរជាតិមួយ​នេះមិន​​បាន​​ផ្ដល់​​ការ​​គាំទ្រ ឬចូលរួម​សង្កេតការណ៍​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នៅ​ឆ្នាំ​២០២២​នេះ​ទេ តែ​នឹងបន្តតាមដានដោយយកចិត្តទុកដាក់។

សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២០ ខែឧសភា ក៏បានប្រកាសស្រដៀងគ្នានេះដែរថា ខ្លួននឹងមិនដាក់អ្នកសង្កេតការណ៍បោះឆ្នោតឃុំ​សង្កាត់ ​អាណត្តិ​ទី៥​ ឆ្នាំ២០២២​នេះ​ទេ ក៏​ប៉ុន្តែ​ពួក​គេ​នឹងបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះដំណើរការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជានេះ។

ក្រៅពីនេះ សភាសហភាពអឺរ៉ុបក៏បានអនុម័តលើញត្តិមួយថ្មីបន្ថែម​ទៀត ដោយ​អំពាវនាវឱ្យប្រទេសជាសមាជិកអឺរ៉ុបទាំង២៧ បន្តដាក់ទណ្ឌកម្មលើប្រទេសកម្ពុជា ដោយដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុងពីកម្ពុជា ប្រសិនបើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃ​ទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ​២០២៣ខាង​មុខ​នេះ ត្រូវ​បាន​គេរកឃើញថា គ្មានភាព​សេរី ត្រឹមត្រូវ និងយុត្តិធម៌។

ការប្រកាសលទ្ធផលបឋមអំពីការបោះឆ្នោតនឹងត្រូវធ្វើឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់ពីម៉ោង៤រសៀល នៅថ្ងៃដដែលនេះ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ