លោក កឹម សុខា មិន​ទៅ​បោះឆ្នោត​ឡើយ ទោះ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ក្ដី

លោក កឹម សុខា ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល នៅគេហដ្ឋាន​របស់​លោក នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (សាញ់ ប៊ុនហឿន)

ជំនួយការផ្ទាល់របស់លោក កឹម សុខា បានអះអាងប្រាប់វីអូឌីថា លោក កឹម សុខា មិនចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃអាទិត្យនេះទេ ដោយសារមិនមានជម្រើសគណបក្សនយោបាយដែលលោកពេញចិត្ត។

ជំនួយ​ការ​ផ្ទាល់របស់លោក កឹម សុខា គឺលោក មុត ចន្ថា បានថ្លែងថា មូលហេតុដែលលោក កឹម សុខា មិនចេញទៅបោះឆ្នោត ដោយសារ​តែលោក កឹម សុខា មិនមានជម្រើសគណបក្ស​នយោបាយ​ណា​មួយ​ដែល​លោក​ពេញ​ចិត្ត​នោះ​ឡើយ ក្នុងចំណោមគណបក្សនយោបាយ​ចំនួន១៧ដែលបានដាក់បេក្ខភាពឈរឈ្មោះបោះឆ្នោតឃុំសង្កាត់​ អាណត្តិទី៥ ឆ្នាំ​២០២២នេះ។

មិនមែនតែលោក កឹម សុខា ទេដែល​មិនទៅបោះឆ្នោតនៅថ្ងៃនេះ សហការីរបស់លោកក៏មិនទៅបោះឆ្នោតដែរ ក្នុងនោះក៏មានលោក មុត ចន្ថា និងក្រុមគ្រួសាររបស់លោកផងដែរ។

លោកថា៖ «ឯកឧត្ដម កឹម សុខា លោក​បាន​សម្រេច​មិន​អញ្ជើញ​ទៅ​បោះឆ្នោតក្រុមប្រឹក្សាឃុំនៅថ្ងៃនេះ ពីព្រោះការ​បោះឆ្នោតនេះមិនមានជម្រើសសម្រាប់លោកដើម្បីជ្រើសរើស និយាយឱ្យខ្លី គឺលោកមិនមានជម្រើសសម្រាប់ជ្រើស​រើស»

លោកបន្ថែមថា៖ «ខ្ញុំមិនធ្វើការអះអាងចំពោះអ្នកដទៃ ឬសហការីរបស់ខ្ញុំ​ទេ ប៉ុន្តែខ្លួនខ្ញុំផ្ទាល់និងគ្រួសារ​ខ្ញុំ​ គឺ​មិនបាន​ទៅធ្វើការ​បោះឆ្នោត​ទេ ដូចខ្ញុំ​បាន​បញ្ជាក់​អ៊ីចឹង​ គឺ​ខ្ញុំមិន​មាន​ជម្រើស​ដើម្បី​ទៅ​ជ្រើស​រើស ហ្នឹងគឺជាការសម្រេចចិត្ត ជាសិទ្ធិ​ស្វ័យសម្រេចរបស់ខ្ញុំក្នុងនាមជាពលរដ្ឋ ថ្វីត្បិតតែខ្ញុំមានសិទ្ធិបោះឆ្នោត តែការបោះឆ្នោតគឺដោយស្ម័គ្រចិត្ត»

បើតាមបញ្ជីឈ្មោះបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឱ្យ​ដឹង​​ថា លោក កឹម សុខា ស្ថិតនៅលេខរៀងទី២ នៃបញ្ជីឈ្មោះបោះឆ្នោត នៅការិយាល័យលេខ​០៩៩៦ ក្នុងមណ្ឌលបោះឆ្នោតវត្តចាក់អង្រែលើ ​​សង្កាត់​ចាក់​អង្រែលើ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ។​ មណ្ឌលបោះឆ្នោតនេះមាន២៦​ការិយា​ល័យ មានប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន១០ ៨២០​នាក់។

ចំណែក​លោក មាជ សុវណ្ណារ៉ា ដែលគេស្គាល់ថាជាអតីតមន្ត្រីស្និទ្ធនឹងលោក កឹម សុខា ដែរ បានប្រាប់ VOD នៅថ្ងៃអាទិត្យ​នេះថា​ ជាទស្សនៈផ្ទាល់​ខ្លួន លោក កឹម សុខា នឹងមិនប្រថុយចេញ​ទៅ​បោះ​ឆ្នោតក្នុង​ស្ថាន​ភាពបែប​នេះទេ ដោយសម្អាងថា បើលោក​ចេញទៅបោះឆ្នោតនៅពេលនេះ ហាក់ដូចទទួលស្គាល់​ភាពស្រប​ច្បាប់​នៃវិធានការរំលាយគណបក្សសង្គ្រោះជាតិអំឡុង​ចុ​ង​ឆ្នាំ​២០១៧ និង​ការ​​ចោទ​ប្រកាន់​ទៅលើ​រូប​លោក​ពាក់ព័ន្ធនឹង​​បទ​ «គប់គិតជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាល»។

លោកគូសបញ្ជាក់ថា មួយវិញទៀត ការ​ជាប់​ពន្ធនាគារ​របស់​លោក កឹម សុខា និង​ការព្យាយាម​តតាំង​ក្តីនៅ​តុលាការ​បច្ចុប្បន្ន ជា​ការ​ទាម​ទារ​រកយុត្តិធម៌ជុំវិញបញ្ហានយោបាយនេះ។

លោកថា៖ «បើលោក[កឹម សុខា]ទៅបោះឆ្នោត មានន័យថា លោកទទួលស្គាល់ថាគណបក្សសង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​គេរំលាយ គឺគេរំលាយស្របច្បាប់ហើយ […] ហើយលោក កឹម សុខា ដែលត្រូវគេចាប់ដាក់មន្ទីរឃុំឃាំង អាចរដ្ឋាភិបាលថាគេធ្វើត្រូវហើយ»

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា បានចាត់ទុកការសម្រេចចិត្តរបស់លោក កឹម សុខា គឺជាសិទ្ធិស្វ័យសម្រេចរបស់លោកផ្ទាល់ក្នុងនាមជាពលរដ្ឋ។ លោកបន្តថា នៅក្នុងប្រទេសកម្ពុជាមិនមានការចាប់បង្ខំថាត្រូវទៅបោះឆ្នោតនោះទេ។

លោកថា៖ «ខ្ញុំថា នេះវាគឺជាការសម្រេចចិត្តមួយដែលជាការប្រើប្រាស់​នូវសិទ្ធិ ពីព្រោះថានៅប្រទេសកម្ពុជាយើងមិន​មាន​កាតព្វកិច្ចក្នុងការតម្រូវឱ្យត្រូវតែទៅបោះឆ្នោតទេ ដូច្នេះអ្នកដែលអាចទៅបោះឆ្នោតក៏បាន អ្នកមិនទៅបោះឆ្នោតក៏បាន អ៊ីចឹងអានេះគឺជាសិទ្ធិរបស់លោកទេ។ បើលោកមើលឃើញថា បើសិនជាលោកមិនមានគណបក្សណាមួយដែលជាជម្រើសដែលលោកអាចទៅបោះជូនបាន អាហ្នឹងគឺលោកមានសិទ្ធិមិនទៅបោះជូនបាន។ ប្រសិនបើលោកទៅ​បោះ ក៏មិនដឹងទៅបោះឱ្យនរណាដែរ ពីព្រោះគណបក្សរបស់លោកត្រូវបានរំលាយ ហើយមិនត្រូវបានដោះស្រាយ​ឱ្យបានចប់សព្វគ្រប់ផង»។

លោក កឹម សុខា ត្រូវ​បានតុលាការដកសិទ្ធិធ្វើនយោបាយជាង​​៤ឆ្នាំ​មក​ហើយ ចាប់​ពី​ថ្ងៃ​ដែល​​លោ​ក​​ត្រូវ​បាន​​សមត្ថកិច្ច​ឆ្មក់​ចូល​ចាប់​ខ្លួន​ទាំង​យប់ នៅគេហដ្ឋានក្នុងរាជធានីភ្នំពេញ អំឡុងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមបទចោទថា​ «គប់គិតជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាល» ខណៈគណបក្សប្រឆាំងមួយនេះទទួល​បានសំឡេងឆ្នោតគាំទ្រជាង​៤៣​ភាគរយ ប្រហាក់ប្រហែលគណបក្សប្រជាជនកម្ពុជាដែរនោះ។

បច្ចុប្បន្ន លោក កឹម សុខា ត្រូវបានតុលាការដាក់ឱ្យស្ថិតក្រោមការតាមដាន មិនឱ្យចេញទៅ​ក្រៅប្រទេស​និងធ្វើសកម្មភាពនយោបាយ ដែលការណ៍នេះ​ជំរុញឱ្យក្រុមប្រទេសលោក​សេរី ដែលនាំមុខគេដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ចង់ឃើញកម្ពុជាវិលទៅរកការផ្សះផ្សាជាតិ ដើម្បីស្តារប្រជាធិបតេយ្យឡើងវិញ តាមរយៈការបើកផ្លូវឱ្យគណបក្សប្រឆាំង​ធំមួយ​នេះបានចូលរួមប្រកួតការបោះឆ្នោតឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ