លោក កឹម សុខា នៅ​មិន​ទាន់​ឃើញ​ចេញ​ទៅ​បោះឆ្នោត​ទោះ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត

លោក កឹម សុខា អតីតប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ ជួបជាមួយអ្នកសារព័ត៌មាននៅគេហដ្ឋានរបស់លោក ក្រោយពីតុលាការបន្ធូរបន្ថយទោសឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ (សាញ់ ប៊ុនហឿន/ ១១ មករា ២០២០)

មនុស្សស្និទ្ធ​នឹង​លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ​ដែលតុលាការបានរំលាយ បានអះអាងថា គិតមកដល់ម៉ោងប្រមាណ១០ព្រឹកនេះ មេបក្សរូបនេះនៅ​មិន​ទាន់​ចេញទៅបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ឃុំស​ង្កាត់នៅឡើយ។

លោក មុត ចន្ថា ជំនួយ​ការ​លោក កឹម សុខា បានបញ្ជាក់ប្រាប់ វីអូឌី​ នៅព្រឹកនេះដែរថា លោក កឹម សុខា អាចនឹងមិនចេញទៅបោះឆ្នោតនោះទេ ដោយសារ​តែលោក កឹម សុខា មិនបានពេញ​ចិត្ត​គណបក្ស​នយោបាយ​ណាមួយ​ក្នុងចំណោមគណបក្សទាំង​១៧ដែលបានដាក់​​បេក្ខភាព​​ឈរឈ្មោះបោះឆ្នោតនោះទេ។ ​ 

បើតាមបញ្ជីឈ្មោះបោះឆ្នោត លោក កឹម សុខា មានឈ្មោះបោះឆ្នោតនៅការិយាល័យលេខ០៩៩៦ ក្នុង​វត្តចាក់អង្រែលើ ​​សង្កាត់ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ។​

ចំណែកលោក មាជ សុវណ្ណារ៉ា ដែលគេស្គាល់ថាជាអតីតមន្ត្រីស្និទនឹងលោក កឹម សុខា បានប្រាប់ VOD នៅថ្ងៃអាទិត្យ​នេះថា​ ជាទស្សនៈផ្ទាល់​ខ្លួន លោក កឹម សុខា នឹងមិនប្រថុយចេញ​ទៅ​បោះ​ឆ្នោតក្នុង​ស្ថាន​ភាពបែប​នេះទេ ដោយសម្អាងថា បើលោក​ចេញទៅបោះឆ្នោតនៅពេលនេះ ហាក់ដូចទទួលស្គាល់​ភាពស្រប​ច្បាប់​នៃវិធានការរំលាយគណបក្សសង្គ្រោះជាតិអំឡុង​ចុ​ង​ឆ្នាំ​២០១៧ និង​ការ​​ចោទ​ប្រកាន់​ទៅលើ​រូប​លោក​ពាក់ព័ន្ធនឹង​​បទ​ «គប់គិតជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាល»។

លោកគូសបញ្ជាក់ថា មួយវិញទៀត ការ​ជាប់​ពន្ធនាគារ​របស់​លោក កឹម សុខា និង​ការព្យាយាម​តតាំង​ក្តីនៅ​តុលាការ​បច្ចុប្បន្ន ជា​ការ​ទាម​ទារ​រកយុត្តិធម៌ជុំវិញបញ្ហានយោបាយនេះ។

លោកថា៖ «បើលោក[កឹម សុខា]ទៅបោះឆ្នោត មានន័យថា លោកទទួលស្គាល់ថាគណបក្សសង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​គេរំលាយ គឺគេរំលាយស្របច្បាប់ហើយ […] ហើយលោក កឹម សុខា ដែលត្រូវគេចាប់ដាក់មន្ទីរឃុំឃាំង អាចរដ្ឋាភិបាលថាគេធ្វើត្រូវហើយ»។

លោក កឹម សុខា ត្រូវ​បានតុលាការដកសិទ្ធិធ្វើនយោបាយជាង​៤ឆ្នាំមកហើយចាប់ពីថ្ងៃ​ដែល​លោក​ត្រូវបាន​សមត្ថកិច្ច​ឆ្មក់​ចូល​ចាប់​ខ្លួន​ទាំង​យប់ នៅគេហដ្ឋានក្នុងរាជធានីភ្នំពេញ អំឡុងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមបទចោទថា​ «គប់គិតជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាល» ខណៈគណបក្សប្រឆាំងមួយនេះទទួល​បានសំឡេងឆ្នោតគាំទ្រជាង៤៣ភាគរយ ប្រហាក់ប្រហែលគណបក្សប្រជាជនកម្ពុជាដែរនោះ។

បច្ចុប្បន្ន លោក កឹម សុខា ត្រូវបានតុលាការដាក់ក្រោមការតាមដាន មិនឱ្យចេញទៅក្រៅប្រទេសនិងធ្វើសកម្មភាពនយោបាយ ដែលការណ៍នេះជំរុញឱ្យក្រុមប្រទេសលោកសេរី ដែលនាំមុខគេដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលចង់ឃើញកម្ពុជាវិលទៅរកការផ្សះផ្សាជាតិ ដើម្បីស្តារប្រជាធិបតេយ្យឡើងវិញ តាមរយៈការបើកផ្លូវឱ្យគណបក្សប្រឆាំង​ធំមួយ​នេះ​បានចូលរួមប្រកួតការបោះឆ្នោតឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ