លោក សុន ឆ័យ បារម្ភ​ពី​ការ​រាប់​សន្លឹកឆ្នោត​ដោយ​ឱ្យ​អ្នក​សង្កេតការណ៍​ស្ថិត​ចម្ងាយ​១៥ម៉ែត្រ

អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ផ្ដល់បទសម្ភាន៍ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅមណ្ឌលបោះឆ្នោតវិទ្យាល័យឥន្ទ្រទេវី សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន បង្ហាញក្ដីបារម្ភអំពីការរាប់​និងការបូកសរុបសន្លឹកឆ្នោតខ្លាចមិនមានតម្លាភាព ដោយសារការរាប់សន្លឹកឆ្នាំនេះមិនអនុញ្ញាតឱ្យគណបក្សនយោបាយណាមួយចូលទៅជិតឡើយ។

ការបង្ហាញក្ដីបារម្ភនេះ ធ្វើឡើងអំឡុងពេលដែលអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅមណ្ឌលបោះឆ្នោតវិទ្យាល័យឥន្ទ្រទេវី សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ។

ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបោះឆ្នោតរួច លោក សុន ឆ័យ បានទទូចទៅប្រជាពលរដ្ឋឱ្យទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីជ្រើសរើសមេឃុំ និងចៅសង្កាត់ ក្នុងអាណត្តិទី៥នេះ។ ទន្ទឹមនឹងការទទូចនោះ លោកក៏បានបង្ហាញក្ដីបារម្ភពីការរាប់និងការបូកសរុបឆ្នោតសន្លឹក ដោយសារតែការរាប់សន្លឹកឆ្នោតនេះមិនអនុញ្ញាតឱ្យអ្នកតាមដានចូលមើលផ្ទាល់ឡើយ។

លោកថា៖ «រឿងដែលសំខាន់ជាងគេ គឺយើងមានការបារម្ភនៅពេលដែលរាប់សន្លឹកឆ្នោតនិងបូកសរុបសន្លឹកឆ្នោតអីជាដើម ដោយសារយើងមើលនិងដឹងហើយ ការរាប់សន្លឹកឆ្នោតលើកនេះមិនឱ្យអ្នកណាមកឃ្លាំមើលទេ បើទោះបីឃ្លាំមើលក៏ត្រូវឈរនៅចម្ងាយ១៥ម៉ែត្រពីកន្លែងរាប់។ ដូច្នេះ យើងពិបាកនឹងតាមដាន ថាតើរាប់ហ្នឹងត្រឹមត្រូវយ៉ាងដូចម្ដេច?»

លោក សុន ឆ័យ បញ្ជាក់ថា គណបក្សភ្លើងទៀននឹងធ្វើការតាមដានចំពោះការរាប់សន្លឹកឆោ្នតនៅតាមការិយាល័យនីមួយៗដែលគណបក្សនេះបានដាក់ ទោះបីជាឈរនៅចម្ងាយឆ្ងាយក៏ដោយ។ លោកបន្តថា ការតាមដាននៅការិយាល័យ ដោយសារពេលរាប់សន្លឹកឆ្នោតរួចនោះ មន្ត្រីការិយាល័យនីមួយៗនឹងបិទពីលទ្ធផលនៅខាងមុខ​ការិយាល័យតែម្ដង ដែលលទ្ធផលខ្លះទុកមិនបានយូរ ដោយមានអ្នកលួចហែកចោលជាដើម។

ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បដិសេធចំពោះការលើកឡើងរបស់មេដឹកនាំបក្សភ្លើងទៀននេះ។

លោកថា៖ «សូមជម្រាបថា ការរាប់សន្លឹកឆ្នោតមិនមានបញ្ហាព្រួយបារម្ភអ្វីទេ ដោយសារអី? ដោយសារអ្នកសង្កេតការណ៍ ហើយនិងភ្នាក់ងារគណបក្សនយោបាយ ទាំងគណបក្សភ្លើងទៀន ក៏លោកមានវត្តមាននៅទីតាំងនោះដែរ។ អ៊ីចឹងវត្តមាននេះ រាប់ជាក់ស្ដែងទាំងអស់គ្នា គ្មានអ្នកណាមួយមានឥទ្ធិពលទៅ[លើ]ការរាប់ជាក់ស្ដែងនៅតាមការិយាល័យបោះឆ្នោតនោះទេ។ អ៊ីចឹងការប្រើប្រាស់ភាសាណាមួយដែលធ្វើឱ្យប៉ះពាល់ទំនុកចិត្តនៃការបោះឆ្នោត ក៏ជាការបង្កើតបរិយាកាសក្នុងឱកាសនេះ ពុំគួរកើតមាននោះទេ»។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ត្រូវចាប់ផ្តើមនៅព្រឹកនេះ ចាប់ផ្តើមពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៣រសៀល។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយបានដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប៨៦ ០៩២នាក់ (ស្ត្រី ២៧ ៨១៣នាក់)។

ដោយឡែកឃុំ/សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន១ ៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំងអស់នេះ មានចំនួន១១ ៦២២រូប។

យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន២៣ ៦០២ការិយាល័យ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន៩ ២០៥ ៦៨១នាក់ ស្មើនឹង៨៧,៩៤ភាគរយ នៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន៤ ៩០៤ ៨៣២នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ