បក្សភ្លើងទៀន​ថា​លទ្ធផល​បោះឆ្នោត​ឃុំ-សង្កាត់​មិន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​ម្ចាស់ឆ្នោត

ក្រុមមន្ត្រី គ.ជ.ប និងមន្ត្រីពាក់ព័ន្ធដែលទទួលបានការអនុញ្ញាត មកពិនិត្យនិងអង្កេតការណ៍អំឡុងពេលនៃការរាប់សន្លឹក​ឆ្នោត​នៅ​មណ្ឌលបោះឆ្នោតវិទ្យាល័យជាស៊ីមបឹងកេងកង រាជធានីភ្នំពេញ ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ត្រាន់ តិចសេង)

គណបក្សភ្លើងទៀនដែលជាគណបក្សប្រឆាំងធំជាងគេ ចូលរួមនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ ចាត់ទុកលទ្ធផលកើតចេញពីការបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា មិនបានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋម្ចាស់ឆ្នោត។

នៅក្នុងសេចក្ដីថ្លែងការណ៍ផ្សព្វផ្សាយនៅព្រឹកថ្ងៃទី៦ ខែមិថុនា គណបក្សភ្លើងទៀនសម្ដែងការសោកស្ដាយចំពោះលទ្ធផលនៃការបោះឆ្នោត ដោយសម្អាងថា ការបោះឆ្នោតមិនបានប្រព្រឹត្តក្នុងបរិយាកាសស្មើភាព សេរី និងយុត្តិធម៌ ព្រមទាំងស្ថិតក្រោមការចាត់ចែងរបស់ស្ថាប័នបោះឆ្នោតដែលមិនអព្យាក្រឹត្យ និងប្រកាន់បក្ខពួក។

បក្សប្រឆាំងមួយនេះលើកឡើងថា ការបោះឆ្នោតឆ្នាំ២០២២នេះ មិនមានបរិយាកាសស្មើភាព ពលរដ្ឋមិនមានសេរីភាពក្នុងការចូលរួមកិច្ចការនយោបាយ និងការបញ្ចេញមតិបានត្រឹមត្រូវនៅឡើយ ហើយស្ថាប័នបោះឆ្នោតទៀតសោតមិនទាន់ឯករាជ្យ ព្រោះការចាត់ចែងនិងការសម្រេចលើការងារមួយចំនួនធំ គឺធ្វើដោយលម្អៀង រួមទាំងសមាសភាពសមាជិកដឹកនាំស្ថាប័ននេះពីលើដល់ក្រោមជាសមាជិកមកពីគណបក្សប្រជាជនកម្ពុជាស្ទើរតែទាំងអស់។

បក្សភ្លើងទៀន អះអាងបន្តថា បានទទួលការគាបសង្កត់ បំភិតបំភ័យ ចាប់តាំងពីការរៀបចំបញ្ជីបេក្ខជនរហូតដល់ការដាក់បញ្ជីអ្នកសង្កេតការណ៍ ហើយរាល់សកម្មភាពកៀរគរពលរដ្ឋ តាមរយៈការទិញសន្លឹកឆ្នោត តាមដាន សម្លុត គំរាម មានជាហូរហែ ដោយមិនមានការអង្កេត និងហាមប្រាមពី គ.ជ.ប នោះទេ។

បក្សភ្លើងទៀន បញ្ជាក់បន្ថែមថា នៅថ្ងៃបោះឆ្នោត គ្រប់មណ្ឌលបោះឆ្នោតទូទាំងប្រទេសត្រូវបានបិទទ្វាររបងចាប់ពីម៉ោង៣រសៀល ហើយបណ្តេញពលរដ្ឋចេញ មិនឱ្យតាមដានការរាប់សន្លឹកឆ្នោតដូចដែលបានណែនាំនិងអនុញ្ញាតដោយ គ.ជ.ប តែមានការផ្តល់ឱ្យមន្រ្តីភូមិ-ឃុំរបស់បក្សកាន់អំណាច និងតំណាងអង្គការជាច្រើនរូបរបស់គណបក្សនេះ មានសិទ្ធិស្ថិតក្នុងបរិវេណមណ្ឌលបោះឆ្នោត ចំណែកភ្នាក់ងារគណបក្សក្រៅរដ្ឋាភិបាលមួយចំនួនត្រូវគេបណ្តេញឱ្យនៅក្រៅមណ្ឌលបោះឆ្នោតនៅពេលរាប់សន្លឹកឆ្នោត ហើយមានករណីខ្លះគ្រាន់តែថតយកលទ្ធផលដែលស្ថិតនៅការិយាល័យបោះឆ្នោតក៏មិនអនុញ្ញាតដែរ។

បក្សភ្លើងទៀន ចាត់ទុកការរំលោភបំពានទាំងអស់នេះ រួមទាំងករណីរំលោភបំពានច្រើនទៀត បានបង្ហាញពីសកម្មភាពនៃការលួចបន្លំសន្លឹកឆ្នោត។

កម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ដោយមានគណបក្សនយោបាយចំនួន១៧ចូលរួមប្រកួតប្រជែង។ លទ្ធផលបោះឆ្នោតចេញដោយ គ.ជ.ប បង្ហាញថា គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច កំពុងនាំមុខគណបក្សផ្សេងទៀត។ ទោះជាយ៉ាងណា សង្គមស៊ីវិលដែលតាមដានការបោះឆ្នោត រកឃើញមានភាពមិនប្រក្រតីជាច្រើនបានកើតឡើងនៅក្នុងថ្ងៃបោះឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ