ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ដូសទី៥ ដល់​មន្រ្ដី​ជួរមុខ​និង​ក្រុមអាទិភាព​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី៩មិថុនា

គ្រូពេទ្យជំនាញចាក់វ៉ាក់សាំងប្រភេទ អាស្ត្រាហ្សេណិកា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដល់មនុស្សចាស់វ័យ៦០ឆ្នាំឡើង នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល បានក្រើនរម្លឹកពី​ការ​ចាប់ផ្ដើម​យុទ្ធនាការ​​​ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ដល់​​មន្ត្រី​ជួរ​​មុខ និង​​ក្រុម​គោលដៅអាទិភាព ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ​ទី០៩ ខែមិថុនា ឆ្នាំ២០២២ទៅ​ ដើម្បីបង្កើនភាពស៊ាំទប់​ទល់​នឹងការ​ឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

នៅថ្ងៃចន្ទនេះ ក្រសួងសុខាភិបាលបានក្រើនរម្លឹកតាមរយៈសេចក្ដីប្រកាសព័ត៌មាន​មួយ​ដែលចេញ​​នាពេលថ្មីៗនេះ​ថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នឹងបើកយុទ្ធនាការចាក់​វ៉ាក់​សាំងដូសទី៥ ដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល មន្ដ្រីរាជការ កងទ័ព នគរបាល​​ អាជ្ញាធរ​មូលដ្ឋាន បុគ្គលិកស្ថានទូត អង្គការជាតិ-អន្ដរជាតិ អ្នកសារព័ត៌មាន សមាជិក-សមាជិការនៃសមា​គម​សិល្បករ​កម្ពុជា ជនវ័យចាស់ និង​ក្រុមមនុស្សមានប្រព័ន្ធការពារខ្សោយដែលមានអាយុចាប់​ពី១២ឆ្នាំឡើង ដែល​បានចាក់ដូសទី៤រួច​ ចាប់​ពីថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ២០២២ទៅ។

ក្រសួងបានលើកឡើងថា ចំពោះថ្នាក់ដឹកនាំ​រដ្ឋាភិបាលដែលបានចាក់វ៉ាក់សាំងដូសទី៤រួច ហើយមានគម្លាតយ៉ាងតិច៣ខែឡើង អាចទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី​៥ នៅ​តាម​មន្ទីរពេទ្យ​ជាតិ​នានា និងទីតាំងមួយចំនួនដែលរៀបចំ​ដោយ​អាជ្ញាធររាជធានី-ខេត្ត និងតាមកាលបរិច្ឆេទដែលក្រសួងរៀបចំទុក។

ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលក៏បាន​អំពាវនាវដល់មន្ត្រីជួរមុខ និងក្រុមអាទិភាពទាំង​អស់​ ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ដើម្បីបង្កើនភាពស៊ាំទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសដើម្បីរក្សានូវនិរន្ដរភាពនៃដំណើរការជាប្រក្រតីនូវការរស់នៅ រួមទាំងសេដ្ឋកិច្ច និងសង្គមជាតិ។

បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិត​មកដល់ថ្ងៃម្សិលមិញ គឺ​មាន​រយៈពេលប្រមាណ១​​ខែ​ម​ក​ហើយ ដែលកម្ពុជាពុំមានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ធ្វើឱ្យចំនួន​អ្នកឆ្លងនៅថេរក្នុងចំនួន១៣៦ ២៦២នាក់ ក្នុងនោះបានជាសះស្បើយ១៣៣ ២០៥នាក់ និងស្លាប់៣ ៥៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ