អង្គការការពារសិទ្ធិមនុស្សលីកាដូ រកឃើញថា អាជ្ញាធរមូលដ្ឋាននៅមណ្ឌលបោះឆ្នោតមួយចំនួនក្នុងខេត្ត-រាជធានីចំនួន១៦ បានអង្គុយចាំនៅក្នុងឬក្រៅទីតាំងបោះឆ្នោត ដើម្បីកត់ឈ្មោះឬចំនួនពលរដ្ឋដែលបានទៅបោះឆ្នោត និងតម្រូវឱ្យពលរដ្ឋប្រាប់ឈ្មោះពួកគាត់ក្រោយពីការបោះឆ្នោត ជាដើម ខណៈសង្គមស៊ីវិលមួយនេះចាត់ទុកថា នេះជាសកម្មភាពបំភិតបំភ័យ។
ការរកឃើញនេះត្រូវបានផ្សាយជារបាយការណ៍បឋម បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្តទៅនៅទូទាំងប្រទេស នៅថ្ងៃទី៥ ខែមិថុនា និងទើបត្រូវបានបញ្ចប់កាលពីម្សិលមិញ។
អង្គការលីកាដូ បានចេញរបាយការណ៍អំពីវត្តមានរបស់អាជ្ញាធរមូលដ្ឋានអង្គុយចាំនៅក្នុងឬក្រៅទីតាំងបោះឆ្នោត ឬជួយសម្របសម្រួលឱ្យពលរដ្ឋបានចូលទៅកាន់ការិយាល័យបោះឆ្នោត ក្នុងនោះមានមេភូមិ មេឃុំឬចៅសង្កាត់ ឬចៅហ្វាយស្រុក ក៏ដូចជាអាជ្ញាធរផ្សេងទៀត នៅរាជធានី-ខេត្តចំនួន១៦ផ្សេងគ្នា ។
បើតាមលីកាដូ ភាគច្រើននៃករណីទាំងនេះត្រូវបានមើលឃើញថា អាជ្ញាធរបានកត់ត្រាឈ្មោះឬចំនួនប្រជាពលរដ្ឋដែលបានទៅបោះឆ្នោត។ ក្នុងករណីមួយ មេភូមិ និងអនុប្រធានភូមិ ត្រូវបានមើលឃើញថា អង្គុយនៅក្រៅច្រកចូលនៃទីតាំងបោះឆ្នោត និងតម្រូវឱ្យពលរដ្ឋប្រាប់ឈ្មោះពួកគាត់ក្រោយពីការបោះឆ្នោត។
ក្រៅពីនេះ អង្គការក្រៅរដ្ឋាភិបាលដដែលថា មានការរាយការណ៍អំពីករណីដែលអាជ្ញាធរមូលដ្ឋានចុះតាមផ្ទះប្រជាពលរដ្ឋនីមួយៗ ដើម្បីសួរនាំពលរដ្ឋអំពីអ្នកដែលពួកគេបោះឆ្នោតឱ្យ និងការបង្ហាញវត្តមាននៃទាហានប្រដាប់ដោយអាវុធនៅក្បែរទីតាំងបោះឆ្នោត។
ក្នុងនោះ រាជធានី-ខេត្តទាំង១៦ដែលលីកាដូទទួលរបាយការណ៍មានដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កណ្ដាល កំពត កោះកុង ឧត្ដរមានជ័យ រាជធានីភ្នំពេញ ព្រៃវែង ពោធិ៍សាត់ សៀមរាប ស្វាយរៀង តាកែវ ត្បូងឃ្មុំ។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ដោយចាត់ទុកថា សកម្មភាពអង្គុយចាំកត់ឈ្មោះរបស់អាជ្ញាធរបែបនេះ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ សេរីភាពពលរដ្ឋ ពោលគឺធ្វើឱ្យពលរដ្ឋភិតភ័យ និងរងការគំរាមកំហែង។
លោកថា មានករណីបែបនេះកើតឡើងមួយចំនួនទៀត ប៉ុន្តែលីកាដូពុំទាន់អាចសរុបទាំងអស់បាន ដោយសាររបាយការណ៍កំពុងបញ្ជូនមកជាបន្តបន្ទាប់។ យ៉ាងណា លោកថា អង្គការលីកាដូមានបណ្ដាញនៅមណ្ឌល ដែលហ៊ានអះអាងថា ពិតជាមានករណីនេះកើតឡើង។
លោកថា៖ «យើងអត់ទាន់បានសរុបជាការិយាល័យច្រើន ពីព្រោះយើងអត់អាចធ្វើតែមួយថ្ងៃទាន់! អ៊ីចឹងយើងគ្រាន់តែប្រមូលជាព័ត៌មានបឋម។ [ជាមធ្យម តើមួយខេត្តមានមណ្ឌលប៉ុន្មានដែលត្រូវអាជ្ញាធរកត់ឈ្មោះអ្នកបោះឆ្នោត?] យើងអត់ទាន់បានបូកសរុបអស់ទេ ពីព្រោះយើងទទួលបានបន្តបន្តាប់ទៀត អ៊ីចឹងយើងផ្សាយនេះជាទូទៅសិនទេ។ [ជាទូទៅ ១ខេត្ត មានច្រើនជាង១ករណីទេ?] មិនមែន១ករណីទេ អាចច្រើនជាង១ករណី បានយើងហ៊ានផ្សាយ។ [តើសម្អាងលើអ្វីទើបដឹងថា អ្នកតាមមើលនិងអង្គុយចាំកត់ឈ្មោះជាអាជ្ញាធរមូលដ្ឋាន?]។ អាហ្នឹងគឺនៅមូលដ្ឋាន គឺភ្នាក់ងាររបស់យើងស្គាល់គាត់ច្បាស់ណាស់ថាគាត់ជានរណា»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា តាមការសង្កេតរបស់លោក និងក្រុមការងារ មើលឃើញថា ចំនួនពលរដ្ឋមកបោះឆ្នោតនៅមណ្ឌលខ្លះមានតែជាងពាក់កណ្ដាលប៉ុណ្ណោះ ខ្លះបាន ៦០% ទៅ ៧០% ជាដើម ខណៈលោកមានក្រុមសង្កេតការណ៍នៅរាជធានីភ្នំពេញ ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ជាដើម។
យ៉ាងណា លោកមើលឃើញថា មានអាជ្ញាធរមូលដ្ឋានជាហូរហែនៅតាមបរិវេណមណ្ឌល និងក្រៅរបង ដូចជា មេភូមិ និងអនុភូមិ ជាដើម។
លោកថា៖ «យើងឃើញមានជាហូរហែ តាមនៅក្នុងបរិវេណ អ្នកខ្លះនៅក្រៅរបងទៅ ដូចជាមេភូមិខ្លះ អនុភូមិខ្លះ ដែលយើងស្គាល់ តែមានអ្នកខ្លះយើងអត់ស្គាល់ទៀត។ [តើអាជ្ញាធរមូលដ្ឋានទាំងនោះអង្គុយចាំកត់ឈ្មោះពលរដ្ឋទៅបោះឆ្នោតមែនទេ?] គាត់អាចអង្គុយចាំមើលអ្នកដែលមកពីខាង[តំបន់]គាត់ហ្នឹងគឺអស់នៅ! យើងមិនច្បាស់ដែរ ថាគេអង្គុយធ្វើអី? យើងក៏មិនដឹង»។
តបនឹងសំណួរ វីអូឌី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការសរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ និងការប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ចន្ទ លើកឡើងថា មូលហេតុនៃការកត់ឈ្មោះពលរដ្ឋដែលទៅបោះឆ្នោតពីសំណាក់អាជ្ញាធរមូលដ្ឋាននោះ លោកមិនអាចក្ដាប់ព័ត៌មានបានទេ។
យ៉ាងណា លោកថា ទំនងជាដោយសារស្ថានភាពធាតុអាកាស ហើយអាជ្ញាធរមូលដ្ឋានមានការបារម្ភ និងចង់ដាស់តឿនពលរដ្ឋ ថាតើពួកគាត់បានទៅបោះឆ្នោតឬនៅ។
លោកថា៖ «ហើយការកត់ឈ្មោះ ប្រហែលបងប្អូនប្រជាពលរដ្ឋ [ដែលជាអាជ្ញាធរមូលដ្ឋាន] ដោយភ័យបារម្ភទាក់ទងនឹងធាតុអាកាសផង គាត់ដើរមើលប្រជាពលរដ្ឋ ថាគាត់ចេញទៅបោះឆ្នោតអស់ហើយឬនៅ? អ្នកណាទៅ អ្នកណានៅ! ប្រហែលជាគាត់ទៅរំឭកដាស់តឿន ដើម្បីឱ្យទៅបោះឆ្នោត។ ហើយតាមខ្ញុំយល់ ព្រោះថ្ងៃហ្នឹងជាថ្ងៃបោះឆ្នោត អ៊ីចឹងអាជ្ញាធរមូលដ្ឋានក៏គាត់គិតគូរដែរ»៕