អ្នកនយោបាយ​យល់ឃើញ​ផ្សេងគ្នា​ពី​ភាពលម្អៀង​នៃ​ការបោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិទី៥

ពលរដ្ឋម្នាក់លើដៃដែលបានជ្រលក់ទឹកថ្នាំលុបមិនជ្រះ ក្រោយបញ្ចប់ការបោះឆ្នោត ក្នុងថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅការិយាល័យលេខ១៦៩៧ ស្ថិតនៅក្នុងសាលាគរុកោសល្យ ភូមិភាគក្រុងតាខ្មៅ ខេត្តកណ្តាល ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គណបក្សនយោបាយមួយចំនួនលើកឡើងថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុ​មប្រឹក្សាឃុំ-សង្កាត់ដែលបានបិទបញ្ចប់កាលពីថ្ងៃម្សិលមិញ ខ្វះភាព​​ត្រឹមត្រូវនិងយុត្តិធម៌ តែអ្នកនយោបាយខ្លះទៀតអះអាងមានភាពល្អប្រសើរ ដែ​​​​លបញ្ហានេះជំរុញឱ្យមានការព្រួយបារម្ភពីវិវាទសង្គមកើតឡើង បើគ្មានដំណោះស្រាយ។

​អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ចាត់ទុកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-ស​ង្កាត់ដែលបានបិទបញ្ចប់ទៅនៅថ្ងៃអាទិត្យម្សិលមិញនេះ ថាមានរូបភាពគំរាមកំហែង ខ្វះភាពសេរី ត្រឹ​​មត្រូវ និងយុត្តិធម៌។

ការយល់ឃើញបែបនេះ ដោយលោកសម្អាងថា អំឡុង​ថ្ងៃបោះឆ្នោតមានវត្តមានមេភូមិ រហូតអភិ​បាល​ស្រុក នៅជិតការិយាល័យបោះឆ្នោត និងខ្លះចែកលុយ ខ្លះអង្គុយកត់ឈ្មោះអ្នកដែលទៅបោះឆ្នោត ជាដើម។ លោក​ថា ទង្វើបែបនេះមានហាមនៅក្នុងនីតិវិធីបោះឆ្នោត តែថាវិធានការច្បាប់មិនត្រូវបានធ្វើចំពោះអ្នកទាំងនោះ ដែលលោកចាត់ទុកថា លទ្ធផលនេះអាក្រក់ជាងបោះឆ្នោតឆ្នាំ២០១២ទៅទៀត។

លោកថា៖ «ខ្ញុំឃើញថាការបោះឆ្នោតនេះ លទ្ធផលបោះឆ្នោតនេះ យើងឃើញថាអាក្រក់ វាក្រក់ជាងមុនៗ […] សូម្បីភ្នាក់ងារសង្កេតការណ៍ហ្នឹងក៏សម្លុតគ្នា ស្ទើរតែការិយាល័យមួយៗអត់មានអ្នកសង្កេតការណ៍ផង»។

តាមលទ្ធផលបោះឆ្នោតបឋមដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណបក្សភ្លើងទៀនទួលបានតំណែងមេឃុំចំនួន៤នៅទូទាំងប្រទេស និងអាសនៈឃុំ-សង្កាត់ចំនួនជាង២ ០០០នាក់។

បន្ថែមពីនេះ គណបក្សភ្លើងទៀន នៅថ្ងៃចន្ទនេះ បានចេញសេចក្ដីថ្លែងការណ៍ដោយចាត់ទុកលទ្ធផលបោះឆ្នោតនេះ ថាមិនឆ្លុះបញ្ចាំងពីឆន្ទៈអ្នកគាំទ្រខ្លួននោះទេ តែសម្រេចចិត្តទទួលយកលទ្ធផលបោះឆ្នោតនេះ បើទោះបីជាគណបក្សនេះសម្អាងថា ខ្លួនបានទទួលការគាបសង្កត់ បំភិតបំភ័យ ចាប់តាំងពីការរៀបចំបញ្ជីបេក្ខជនរហូតដល់ការដាក់បញ្ជីអ្នកសង្កេតការណ៍។ លើសពីនេះ រាល់សកម្មភាពកៀរគរពលរដ្ឋ តាមរយៈការទិញសន្លឹកឆ្នោត តាមដាន សម្លុត គំរាម មានជាហូរហែ ដោយមិនមានការអង្កេតនិងហាមប្រាមពី គ.ជ.ប នោះទេ។

​មណ្ឌលបោះឆ្នោតវិទ្យាល័យជាស៊ីមបឹងកេងកង រាជធានីភ្នំពេញ ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។
​មណ្ឌលបោះឆ្នោតវិទ្យាល័យជាស៊ីមបឹងកេងកង រាជធានីភ្នំពេញ ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ត្រាន់ តិចសេង)

ចំណែកលោក មុត ចន្ថា ដែលគេស្គាល់ថាជាមនុស្សស្និទ្ធនឹងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយនោះ បានបញ្ចេញទស្សនៈថា លទ្ធផលបោះឆ្នោតនេះបានឆ្លុះបញ្ចាំងពីសាលក្រមកាត់ទោសរបស់ប្រជាពលរដ្ឋខ្មែរប្រឆាំងចំពោះលោក សម រង្ស៉ី និងបក្សភ្លើងទៀន ដែលបា​ន​ក្បត់ដួងព្រលឹងរបស់គណបក្សសង្រ្គោះជាតិ និងក្បត់ស្មារតីនៃការរួបរួមជាមួយគណបក្សសិទ្ធិមនុស្ស។ លទ្ធផលបោះឆ្នោតនេះលោកថាគ្រាន់តែជាចំណែកតូចមួយដែ​ល​បក្សភ្លើងទៀន (អតីតបក្ស សម រង្ស៉ី) ទទួលបាននៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១២។

​អគ្គ​លេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន សង្កេតឃើញថា ដំណើរការបោះឆ្នោតដែលបានបិទបញ្ចប់ទៅនេះ គ្មានអំពើហិង្សាកើតឡើងនោះទេ តែខ្វះលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិ​ធម៌ ដោយសារតែមានរូបភាពគំរាមកំហែងមួយចំនួនកើតឡើង។

លោកថា៖ «អាជ្ញាធរដែនដី គាត់ទៅឈរនៅក្នុងការិយាល័យហ្នឹង ហើយអ្នកខ្លះគាត់កាន់បញ្ជីឈ្មោះអ្ន​ក​​បោះឆ្នោត ជាផ្នែកមួយនៃការសម្លុត គំរាមកំហែង ហើយជាផ្នែកមួយដែលយើងគិតថាជារឿងមិនត្រឹមត្រូវ»។

ជាទ​ស្សនៈ លោកថា ដើម្បីទប់ស្កាត់ភាពចម្រូងចម្រាសនៃការបោះឆ្នោត វាលុះណាតែគណៈកម្មាធិការជាតិរៀ​បចំការបោះឆ្នោត​មានវិធានការទប់ស្កាត់បញ្ហានេះ។

ប្រ​ធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា ដែលជាគណបក្សមួយបានចូលរួមការបោះឆ្នោតដែរនោះ បានសង្កេតឃើញពីវត្តមានមេភូមិនៅអង្គុយកត់ឈ្មោះអ្នកទៅបោះឆ្នោតនេះដែរ។

មួ​​យ​​វិញទៀត លោកថា តាមការឱ្យដឹងពីមន្ត្រីសង្កេតការណ៍បោះឆ្នោតរបស់លោក ពលរដ្ឋមួយចំនួនទទួលអំ​​ណោយក្រោយពីដើរចេញពីការិយាល័យបោះឆ្នោត និងបញ្ហាមួយចំនួនទៀត គឺការិយាល័យបោះឆ្នោ​តមួយចំនួនបិទទ្វារពេលរាប់សន្លឹកឆ្នោត ដែលការណ៍នេះ លោកគិតថា ធ្វើឱ្យដំណើរការបោះឆ្នោតមា​នរូប​ភាពគំរាមកំហែង និងខ្វះលក្ខណៈត្រឹមត្រូវ។

មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចឈរយាមនៅមុខច្រកចូលមណ្ឌលបោះឆ្នោតសាលាបឋមសិក្សាស្ទឹងមានជ័យ ខណៈពេលដែលអាជ្ញាធរហាមឃាត់អ្នកកាសែតចូលទៅតាមដានការរាប់សន្លឹកឆ្នោតក្រោយបញ្ចប់ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។
មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចឈរយាមនៅមុខច្រកចូលមណ្ឌលបោះឆ្នោតសាលាបឋមសិក្សាស្ទឹងមានជ័យ ខណៈពេលដែលអាជ្ញាធរហាមឃាត់អ្នកកាសែតចូលទៅតាមដានការរាប់សន្លឹកឆ្នោតក្រោយបញ្ចប់ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

លោកថា៖ «ជាការបិទទ្វារដើម្បីរាប់សន្លឹកឆ្នោត បិទបង្អួចដើម្បីរាប់សន្លឹកឆ្នោត វាកើតមានទាំងនៅក្នុងក្រុងភ្នំពេញ ទាំងនៅតាមខេត្ត។ ដូច្នេះហើយយើងមានការចាប់អារម្មណ៍ចំណុចប្លែកៗទាំងអស់នេះ ដែលវាក៏ជះឥទ្ធិពលដល់ការបោះឆ្នោតមួយដែលខ្វះភាពសេរីនិងយុត្តិធម៌ដែរ»។

តែយ៉ាងណា លោកគិតថា បញ្ហានេះនឹងមិនត្រូវបានកែតម្រូវទេ បើភាគីពាក់ព័ន្ធខ្វះឆន្ទៈក្នុងការធានាដល់ការប្រកួតប្រជែងអំណាចមួយប្រកបដោយភាពស្មោះត្រង់នោះ។

យ៉ាងណា អ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន អះអាងថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ដែលបានបិទបញ្ចប់នៅល្ងាចថ្ងៃអាទិត្យម្សិលមិញ មានលក្ខណៈសេរី ត្រឹមត្រូវ និងគ្មានអំពើហិង្សាកើតឡើងនោះទេ។

លោកថា៖ «ការបោះឆ្នោតហ្នឹង វារលូន ហើយវាល្អជាងការបោះឆ្នោតមុនៗឆ្ងាយណាស់។ ហើយអាណាទៅ​ប​ន្លំស្អី បើបោះឆ្នោតចប់ម៉ោង៣ ឃ្លុំបេហិបឆ្នោត? ហើយបន្ទាប់មក រាប់ឃើញនឹងភ្នែកទាំងអស់គ្នា ហើ​យ​សួរថាបន្លំយ៉ាងម៉េចបាន? យើងគិតមើល៍!»

ដាច់ដោយឡែក គណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ តាមរយៈសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៦ ខែមិថុនានេះ បានចាត់ទុកការបោះឆ្នោតថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រព្រឹត្តទៅដោយរលូន ក្នុងស្ថានភាពសន្តិសុខល្អ និងបរិយាកាសសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានរូបភាពគំរាមកំហែងកើតឡើងនោះទេ។

បន្ថែមពីនេះ ប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ បានអះអាងក្នុងកិច្ចប្រជុំកាលពីថ្ងៃអាទិត្យម្សិលមិញ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ បានដំណើរការទៅដោយជោគជ័យ គ្មានការគំរាមកំហែង និងសម្អាងថា «ប្រហែលជាគ្មានការបោះឆ្នោតណាត្រង់បំផុតជាងកម្ពុជា ដែលរាប់[ស​ន្លឹក​ឆ្នោ​ត]នៅការិយាល័យនោះទេ»។

យ៉ាងណា មន្ត្រីសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិរបស់អង្គការឃ្លាំមើលការបោះឆ្នោត (ខុមហ្វ្រែល) លោ​​ក កន សាវាង្ស លើកឡើងថា ភាពចម្រូងចម្រាសនៃការបោះឆ្នោតបង្កឱ្យមានបញ្ហាសង្គម និងជ​​ម្លោះន​យោបាយ បើបញ្ហានេះមិនត្រូវបានដោះស្រាយទេនោះ។

ប​​ញ្ហា​​​នេះ លោកចង់ឃើញ នយោបាយរួមគ្នាពង្រឹងយន្តការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត ដើម្បីធានា​​​ដល់ការប្រកួតប្រជែងអំណាច និងផ្ទេរអំណាចដោយសន្តិវិធីតាមយន្តការប្រជាធិបតេយ្យ។

លោ​កថា៖ «កាលណាការបោះឆ្នោតមួយ វាមិនគោរពទៅតាមយន្តការសេរី ត្រឹមត្រូវ និងយុត្តិធម៌ពេញលេញ វាធ្វើឱ្យការតវ៉ា ការមិនសុខចិត្តហ្នឹងមានមិនចេះចប់ទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ