អង្គការសង្គមស៊ីវិលចំនួន៥ ស្នើទៅស្ថាប័ននិងភាគីពាក់ព័ន្ធ ពង្រឹងការអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ព្រមទាំងពង្រឹងអព្យាក្រឹត្យភាពរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់វុធ ក្រោយពួកគេរកឃើញនូវភាពមិនប្រក្រតីមួយចំនួន នៅក្នុងដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងការរាប់សន្លឹកឆ្នោត។
ការស្នើនេះ បានធ្វើឡើងនៅក្នុង របាយការណ៍សង្ខេបបឋមស្តីពីស្ថានភាពនៃដំណើរការនៅថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដែលផ្សព្វផ្សាយនៅថ្ងៃទី៧ ខែមិថុនានេះ របស់អង្គការសង្គមស៊ីវិលចំនួន៥ រួមមាន អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន អង្គការខុមហ្វ្រែល សមាគមការពារសិទ្ធិមនុស្សអាដហុក មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីសន្តិភាពនិងការអភិវឌ្ឍ និងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)។
របាយការណ៍សង្ខេបបឋមនោះ លើកឡើងថា តាមលទ្ធផលនៃការសង្កេតក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ ពួកគេបានរកឃើញនូវភាពមិនប្រក្រតីមួយចំនួន ក្នុងនោះមាន វត្តមានអាជ្ញាធរ ដូចជា សមាជិកភូមិ មេភូមិ មេឃុំ ចៅសង្កាត់ មន្ត្រីនគរបាល និងបេក្ខជនឈរឈ្មោះ បានទៅឈរនៅក្នុងបរិវេណការិយាល័យបោះឆ្នោត ឬតាមភូមិនានានៅក្នុងឃុំសង្កាត់របស់ខ្លួន។
ជាមួយគ្នានោះ អង្គការទាំងនោះសង្កេតឃើញទៀតថា ប្រជាពលរដ្ឋមិនបានបោះឆ្នោត ដោយសារមូលហេតុដូចជា ការរកឈ្មោះមិនឃើញ និងទិន្នន័យក្នុងឯកសារបញ្ជាក់អត្តសញ្ញាណខុសពីទិន្នន័យក្នុងបញ្ជីឈ្មោះបោះឆ្នោត និងមិនមានឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ខណៈដែលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរហួសសុពលភាពប្រើប្រាស់ ឬបាត់បង់។
ចំណែកនៅក្នុងដំណើរការរាប់សន្លឹកឆ្នោតនៅការិយាល័យរាប់សន្លឹកឆ្នោត ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ក៏បានសង្កេតឃើញមានភាពមិនប្រក្រតីដូចគ្នាដែរ ក្នុងនោះ អ្នកសង្កេតការណ៍ត្រូវបានរារាំងមិនឱ្យចូលសង្កេតឬ/និងមិនឱ្យថតដំណើរការរាប់សន្លឹកឆ្នោតនៅតាមការិយាល័យមួយចំនួន ខណៈដំណើរការរាប់សន្លឹកឆ្នោតនៅការិយាល័យមួយចំនួន ត្រូវបានគេសង្កេតឃើញថា បានប្រព្រឹត្តទៅក្នុងស្ថានភាពបិទបាំង និងខ្វះតម្លាភាព ដូចជា ការបិទច្រកការិយាល័យ ព្រមទាំងបិទទ្វារបង្អួចការិយាល័យរាប់ស្លឹកឆ្នោត ដោយមិនអនុញ្ញាតឬ/និងមិនឱ្យពលរដ្ឋមើលការរាប់សន្លឹកឆ្នោតជាដើម។
ក្រៅពីនោះ អង្គការទាំងនោះថា មន្ត្រីការិយាល័យបោះឆ្នោតមួយចំនួន មិនបានបិទផ្សាយកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់១១០២) នៅមុខការិយាល័យបោះឆ្នោតក្រោយដំណើរការបោះឆ្នោតបានបញ្ចប់នោះទេ ហើយការិយាល័យមួយចំនួន ក៏មិនបានបំពេញព័ត៌មានដែលបានកំណត់ក្នុងច្បាប់ បទបញ្ជា និងនីតិវិធី អំពីលទ្ធផលនៃការរាប់សន្លឹកឆ្នោត សម្រាប់គណបក្សនយោបាយនីមួយៗ នៅក្នុងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ដែលត្រូវបិទនៅមុខការិយាល័យបោះឆ្នោតផងដែរ។
យោងតាមលទ្ធផលនៃការរកឃើញភាពមិនប្រក្រតីនេះ អង្គការសង្គមស៊ីវិលទាំងនោះ បានស្នើឱ្យភាគីពាក់ព័ន្ធ ពិនិត្យមើលការបំពេញនូវលក្ខខណ្ឌអប្បបរមាទាំង៦ ចំណុច ដែលបានលើកឡើងនេះ ជាពិសេសពង្រឹងការអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត អព្យាក្រឹត្យភាពរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងពង្រឹងសមត្ថភាពគ្រប់គ្រង និងចាត់ចែងការបោះឆ្នោតរបស់ស្ថាប័ន គ.ជ.ប និងលើកកម្ពស់សិទ្ធិ និងតួនាទីរបស់អង្គការសង្គមស៊ីវិលក្នុងដំណើរការបោះឆ្នោត។
ជុំវិញករណីនេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោក ហង្ស ពុទ្ធា មានប្រសាសន៍កាលពីថ្ងៃម្សិលមិញថា ក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ មិនបានចែងថា អាជ្ញាធរដែលស្លៀកពាក់ស៊ីវិល ទៅអង្គុយ ឬឈរចាំកត់ត្រាឈ្មោះនៅក្រៅបរិវេណការិយាល័យបោះឆ្នោតនោះ ជារឿងខុសច្បាប់នោះទេ។
លោកថា៖ «អាជ្ញាធរគាត់មានតួនាទីក្នុងការចាត់ចែង ឬគោរពអញ្ជើញប្រជាពលរដ្ឋ ព្រោះពួកគាត់ចង់ឱ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោតឱ្យបានច្រើន[…]មិនមែនជាការធ្វើឱ្យពលរដ្ឋមានការភ័យខ្លាចទេ ផ្ទុយទៅវិញការលើកឡើងខ្លះ គ្រាន់តែជាការលើកឡើងដោយសំអាងដោយការគិតផ្ទាល់ខ្លួន»។
តែយ៉ាងណា លោក ហង្ស ពុទ្ធា បានលើកទឹកចិត្តឱ្យមានការដាក់ពាក្យបណ្តឹងទៅស្ថាប័នរៀបចំការបោះឆ្នោត ប្រសិនបើអង្គការសង្គមស៊ីវិល ឬគណបក្សនយោបាយណាមួយ រកឃើញភាពមិនប្រក្រតី ឬការគំរាមកំហែងណាមួយនៅក្នុងដំណើរការនៃការបោះឆ្នោតនេះ៕












