កុដិលោក​នៅ​អាស្រម​ព្រៃ​មេត្តា​ធម្មជាតិ​ត្រូវបាន​ទាហាន​​ដុត​បំផ្លាញ ខណៈ​ព្រៃតំបន់​នោះ​កំពុង​រងការ​ឈូសឆាយ ​

កំទេចផេះ និងដំបូលសង្ក័សីសំណល់​ពី​កុដិព្រះសង្ឃគង់នៅព្រៃមេត្តាធម្មជាតិ ស្ថិតនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោយគេលបលួចដុត កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២។ (Screenshot ហ្វេសប៊ុក៖ Metta Nature)

ប្រជា​សហគមន៍​អះអាងថា កុដិ​លោក​នៅ​អាស្រម​ព្រៃមេត្តាធម្មជាតិ ស្ថិតនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានទាហាន​ដុតបំផ្លាញ​ ខណៈ​ព្រៃសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» កំពុង​មាន​ជម្លោះ​ជាមួយ​ក្រុម​ទាហាន​រថក្រោះ​កងទ័ព​ជើងគោក និង​ពលរដ្ឋ​មួយ​ចំនួន​នៅ​តំបន់​នោះ។

ព្រៃឈើក្នុងសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» រងការកាប់បំផ្លាញ និងឈូសឆាយពីសំណាក់​ក្រុមទាហាន «រថក្រោះកងទ័ពជើងគោក» និង​ពលរដ្ឋមួយចំនួនតាំងអំឡុងខែសីហា ឆ្នាំ២០២១ ក្រោយពួកគេទទួលបានដីសម្បទានសង្គមកិច្ចពីរដ្ឋាភិបាលជាង ២៦០ហិកតា នៅតំបន់នោះ។

ព្រះតេជព្រះគុណ ព្រំ សុជាតិ គង់នៅអាស្រមព្រៃមេត្តាធម្មជាតិមានថេរដីកាប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា ​ព្រៃសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តា​ធម្មជាតិ​» រងការកាប់ និងដឹកចេញស្ទើររាល់ថ្ងៃពីសំណាក់ទាហាន និងប្រជាពលរដ្ឋមួយចំនួននៅក្នុងឃុំត្រពាំងជោរ ហើយ​កាលពីម្សិលមិញនេះ​បានដុត​កុដិលោកមួយ​ខ្នងនៅក្នុង​អាស្រមនេះ​ផងដែរ។​

ព្រះតេជព្រះគុណ ព្រំ សុជាតិ មានថេរដីកាបន្តថា ក្រៅពីចូលឈូសឆាយ និងកាប់ឈើនៅក្នុងសហគមន៍ គឺទាហានបាន​បាញ់គំរាមកំហែង​មិនឱ្យ​ពលរដ្ឋ​ហ៊ានតវ៉ា ខណៈតំណាងពលរដ្ឋប្រមាញ ១០នាក់ កំពុងជាប់បណ្តឹងនៅតុលាការដោយសារតែការតវ៉ានេះ។

ព្រះអង្គមានថេរដីកាថា «ដឹង​សុវត្ថិភាព​ស្អីទេ រាប់ឆ្នាំ​មកហើយ​ គេបាញ់​រំលង​ក្បាល គេបាញ់រំលង​កេសា​​រាប់មិនអស់​។ អាត្មា​ឆ្អែតអស់ហើយ បើសុគត​ក៏​សុគត​ទៅ ស្លាប់​ក៏ស្លាប់ទៅ ដឹងធ្វើម៉េច ​បរិយាកាសអីចឹង បើស្រុកហ្នឹង​វាអីចឹង​។ ញោម​ខ្លះ​ ឱ្យអាត្មា​ចេញពីកន្លែងនេះ​ឱ្យបាត់ទៅ​កុំឱ្យគេ​ធ្វើបាប​ទៀត តែ​អាត្មា​មិន​ទៅ​»

សមាជិកសហគមន៍ អ្នកស្រី ឃន ខន អះអាងថា អ្នកដែលដុត​កុដិលោកនោះ គឺក្រុមទាហាន​ដែលកំពុងមានជម្លោះជាមួយប្រជាសហគមន៍។ អ្នកស្រីបន្តថា ក្រុមទាហានមិនចង់ឱ្យមានអាស្រមលោកនៅក្នុងព្រៃកំពុងមាន​ជម្លោះនោះទេ ដើម្បី​ងាយស្រួលពួកគេទន្ទ្រានយកធ្វើកម្មសិទ្ធិតែម្តង។

អ្នកស្រីបន្ថែមថា«អ្នកដែលដុតកុដិលោកហ្នឹងគឺ ទាហានដែលកំពុងឈូសឆាយ និងកាប់បំផ្លាញដីព្រៃលោកហ្នឹង។ គេឈូសព្រៃហ្នឹងវាលហើយគេថា កុដិហ្នឹងនៅក្នុងដីគេ។ គេដុតចោលទៅ។ ការធ្វើនេះអត់ត្រឹមត្រូវទេ ដីព្រៃនេះប្រជាពលរដ្ឋ និងលោក​បានការពារយូរហើយ។ ឥលូវនេះ​ឮ​សំឡេង​ម៉ាស៊ីនអត់ គេអារ គេកាប់ ជិតដល់កុដិធំហើយ។ គេអារ[ឈើ]គាត់យកឈើធំ សល់ព្រៃតូចៗ​គេឈូសចោល»។

លោក អៀម ម៉ៅ ដែលពលរដ្ឋប្រាប់ថា ជាមន្ត្រីទាហានប្រចាំការនៅឃុំត្រពាំងជោរបានប្រាប់ វីអូឌី ថា កុដិលោក និងដីព្រៃឈើ​ដែល​ក្រុមទាហាន​កំពុង​ឈូសឆាយ និងបំផ្លាញនោះ ជាដីដែលរដ្ឋាភិបាល​បានផ្តល់ជូនពួកគាត់ដោយស្របច្បាប់ ហើយគ្រួសាររបស់លោកទទួលបាន ៥ហិកតា ផងដែរ។

មន្ត្រីទាហានរូបនេះ អះអាងថា ក្រុមទាហានដែលកំពុងធ្វើសកម្មភាពឈូសឆាយព្រៃសហគមន៍នោះ មិនមែនជាទាហាន «ង៧០» ដូចការ​លើឡើងរបស់​ប្រជា​ពលរដ្ឋឡើយ ប៉ុន្តែពួកគាត់ជា​ក្រុមទាហានរថគ្រោះកងទ័ព​ជើងគោក។

លោកបន្ថែមថា«សំខាន់ទីមួយ អូនសួរទៅអាជ្ញាធរភូមិឃុំរហូតដល់ខេត្តថា តើការឈូសឆាយ​នៅគេមានច្បាប់គ្រប់គ្រាន់ ឬមួយយ៉ាងណា? បើសិន​អត់មាន​ច្បាប់គ្រប់គ្រាន់ ហ៊ានដាក់គ្រឿងចក្រ​ទៅឈូសឆាយ បើមិនជាប់ច្រវ៉ាក់​តែឥលូវនេះ អត់ដល់ ២៤ម៉ោងទេ»

កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ២០២១ រដ្ឋាភិបាល​បានចេញអនុក្រឹត្យមួយកាត់ដីទំហំជាង ២៦០ហិកតា (២៦២.២៤ហិកតា) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅ​ឱ្យ​គ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋ​ចំនួន ​៤១គ្រួសារ សម្រាប់ធ្វើលំនៅឋាន និងបង្កបង្កើនផល។

ក្រោយ​ទទួលបានដីសម្បទានសង្គម​កិច្ច​នេះ ក្រុម​ទាហានបាន​​ដាក់​គ្រឿងចក្រឈូស​ឆាយ និង​ប្រើកម្លាំង​កម្មករ​ឱ្យ​ចូល​ទៅកាប់​រុករានព្រៃឈើនៅ​តំបន់នោះ ប៉ុន្តែត្រូវបានអ្នកភូមិរាប់រយនាក់​នៅឃុំត្រពាំង​ជោរ​ តវ៉ា​ប្រឆាំង ដោយពួកគេអះអាងថា ព្រៃឈើតំបន់នោះជាព្រៃសហគមន៍ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ ដែលពួក​គេ​​បាន​ការ​ពារ​ជាង​ ២០​ឆ្នាំមកហើយ។

កាលពីអំឡុងខែឧសភា ឆ្នាំ២០២២នេះ ប្រជា​សហគមន៍​រកកិច្ចអន្តរាគមន៍ពីកូនប្រុសពៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ លោក ហ៊ុន ម៉ានី តំណាង​រាស្ត្រ​មណ្ឌ​ល​​ខេត្តកំពង់ស្ពឺ ឱ្យ​ជួយ​​ទប់​ស្កាត់​សកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» ពីសំណាក់​ក្រុមទាហាន​កងទ័ព​ជើង​គោក និង​ពលរដ្ឋមួយចំនួនស្ថិតនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ក្រោយ​គ្មាន​ដំណោះស្រា​យ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ។

ក្នុងញត្តិ​ដែលបានលើកឡើងថា កាលពីឆ្នាំ២០០៣ ផ្ទៃ​ដីព្រៃសហគមន៍ឧត្ដមស្រែពស់​ មានទំហំ ២ ៤៣៣ហិកតា ដោយ​មាន​ពលរដ្ឋអាស្រ័យ​ផលចំនួន ២៥៣​គ្រួសារ ហើយ​នៅចន្លោះឆ្នាំ​២០០៨ និង​ឆ្នាំ​២០១៧ អាជ្ញាធរបានកាត់ឆ្វៀលដីព្រៃសហគមន៍នេះ​ទៅឱ្យក្រុមហ៊ុនឯកជន និងក្រុមគ្រួសារទាហាន«ង៧០» អស់​ជាច្រើនហិកតា។

ប្រភពដដែលបន្តថា បច្ចុប្បន្ន​នេះ ដីព្រៃសហគមន៍នេះ​នៅសល់ប្រហែល ៩០០ហិកតាប៉ុណ្ណោះ និងកំពុងទទួលរង​ការកាប់ទន្ទ្រាន​ និងដុតបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​បំផុត ខណៈព្រៃ​សហគមន៍ទាំង២នេះ​ជាប្រភេទតំប​ន់​ព្រៃ​ស្រោង ជាជម្រកសត្វព្រៃ​ជាច្រើនប្រ​ភេទ​​កំពុងរស់នៅ ជាពិសេស​ប្រភេទ​សត្វព្រៃ​ជិត​ផុត​ពូជដែល​ប្រជា​​ពលរដ្ឋ និងព្រះសង្ឃបានការពារជាង២០ឆ្នាំទៅហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ