ប្រធានាធិបតី​អ៊ុយក្រែន​ថាខ្លួន​មិន​បោះបង់​ជំហរ​យោធា​ក្នុងទីក្រុង Sievierodonetsk ចោល​ឡើយ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថ្លែងពាក់ព័ន្ធនឹងការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន។ (ហ្វេសប៊ុក៖ Володимир Зеленський)

ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានអះអាងឱ្យដឹង​ថា កងទ័ពរបស់លោក គឺ​មិន​បោះបង់​ជំហរ​យោធា​ក្នុង​ការ​វាយ​ដណ្ដើមទីក្រុង Sievierodonetsk យក​មក​គ្រប់​គ្រង​វិញ​​ឡើយ ខណៈ​តំបន់​នេះ​បច្ចុប្បន្ន​កំពុង​តែ​មាន​ការ​ប្រយុទ្ធគ្នាខ្លាំង។ នេះ​បើ​តាម​ការ​ចុះ​ផ្សា​យ​ដោយ​ ​​ទីភ្នាក់​ងារ​​សារ​ព័ត៌មាន Reuters។

ថ្លែង​ក្នុងសុន្ទរកថា​មួយ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ កាលពីថ្ងៃចន្ទម្សិលមិញ ប្រធានាធិបតី​រូប​នេះ បាន​ឱ្យ​ដឹងថា​៖​ «វីរបុរស​របស់​យើង​នានា គឺនឹង​មិនបោះបង់​ជំហរ​យោធាក្នុងទីក្រុង Sievierodonetsk ចោលឡើយ ខណៈ​​ការ​​ប្រយុទ្ធគ្នា​ក្នុងទ្រង់ទ្រាយធំ​នៅតែ​បន្តធ្វើឡើង​»។

លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី កាលពីសប្ដាហ៍មុន ក៏ធ្លាប់​បានលើកឡើង​ពីជោគជ័យមួយចំនួន​​របស់​កងកម្លាំង​​របស់លោក ក្នុងការ​ប្រយុទ្ធជាមួយ​ទ័ពរុស្ស៊ី​ដើម្បី​ដណ្ដើម​យកទីក្រុង Sievierodonetsk ទាំងមូល​មកគ្រប់គ្រងវិញផងដែរ។

ទោះជាយ៉ាងណា កងកម្លាំង​រុស្ស៊ី​ដែលប្រើប្រាស់​កាំភ្លើងធុនធ្ងន់ទាំងឡាយ បានគ្រប់គ្រង​ទីតាំង​ភាគច្រើន​​នៃ​ទីក្រុង​​ឧស្សាហកម្ម Sievierodonetsk ខណៈ​ការ​​ប្រយុទ្ធគ្នា​នៅតែកំពុង​បន្តធ្វើឡើង។ នេះបើតាម​កា​រឱ្យដឹងពីមន្រ្តីអ៊ុយក្រែន។

ការបាញ់គ្រាប់ផ្លោង​របស់ រុស្ស៊ី កាលពីពេលថ្មីៗនេះ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗទាំងអស់​ក្នុង​ទីក្រុង Sievierodonetsk ខណៈលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានអះអាងថា ការវាយដណ្តើម​យកទីក្រុងក្នុងតំបន់ភាគខាង​កើតអ៊ុយក្រែនមួយនេះ​បច្ចុប្បន្នគឺជា​គោលដៅ​ដ៏សំខាន់​មួយរបស់​រុស្ស៊ី។

ទាក់ទិននឹងករណីនេះ ប្រធានាធិបតីអ៊ុយក្រែន បានចោទ​ប្រកាន់កងកម្លាំងរុស្ស៊ី​ពីការប៉ុនប៉ង​សម្លាប់ជនជាតិ​អ៊ុយ​ក្រែន ធ្វើឱ្យខូចខាតកាន់តែ​ច្រើន​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន និងចាត់​ទុក​​សកម្មភាពរបស់រុស្ស៊ីនេះថា ជា«ការប្រព្រឹត្តអំពើប្រល័យពូជសាសន៍​»ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ