ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដាក់ឱ្យដំណើរការប្រព័ន្ធតាមដានត្រួតពិនិត្យនិងវាយតម្លៃលើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ តាមប្រព័ន្ធព័ត៌មានវិទ្យា។
ក្នុងសេចក្ដីប្រកាសព័ត៌មានមួយចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ដែលវីអូឌីទើបទទួលនៅថ្ងៃពុធនេះ បានឱ្យដឹងថា ការដាក់ឱ្យដំណើរការប្រព័ន្ធតាមដានត្រួតពិនិត្យ និងវាយតម្លៃ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ តាមប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យានេះ ត្រូវបានចាប់ផ្តើមធ្វើចាប់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ។
ក្រសួងបន្តថា ការបង្កើតកម្មវិធីនេះក្នុងគោលបំណងលើកកម្ពស់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្ដីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ ឱ្យកាន់តែមានប្រសិទ្ធភាព។
ក្រសួងសង្គមកិច្ច បញ្ជាក់ថា ប្រព័ន្ធតាមដានត្រួតពិនិត្យនិងវាយតម្លៃនេះជួយសម្រួលមន្ត្រីក្នុងការគ្រប់គ្រងកម្មវិធី និងការអនុវត្តកម្មវិធីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ និងស្ថាប័នពាក់ព័ន្ធនានា ក្នុងការប្រមូលទិន្នន័យ បញ្ចូលទិន្នន័យ និងបញ្ចេញរបាយការណ៍ទិន្នន័យបានលឿនរហ័ស។
ជាមួយគ្នានេះដែរ ក្រសួងសង្គមកិច្ច ក៏បានណែនាំដល់មន្ទីរសង្គមកិច្ច ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង ស្រុក ខណ្ឌ រដ្ឋបាល ឃុំ សង្កាត់ រួមទាំងមូលដ្ឋានសុខាភិបាលសាធារណៈ ត្រូវអនុវត្តនិងប្រើប្រាស់ប្រព័ន្ធនេះប្រកបដោប្រសិទ្ធភាពខ្ពស់៕












