នៅក្នុងរបាយការណ៍មួយស្ដីពីសេរីភាពសាសនាអន្ដរជាតិ ឆ្នាំ២០២១ បានលើកឡើងពីការបំបិទសិទ្ធិសេរីភាពរបស់ព្រះសង្ឃក្នុងសកម្មភាពនយោបាយនៅកម្ពុជា ខណៈកាលពីខែធ្នូ រដ្ឋាភិបាលបានចេញសេចក្ដីព្រាងច្បាប់ស្ដីពីសាសនា រឹតត្បិតព្រះសង្ឃមិនឱ្យចូលរួមតវ៉ានយោបាយប្រឆាំងគណបក្សណាមួយ ដែលអាចប្រឈមការផ្ដន្ទាទោសដាក់ពន្ធនាគារថែមទៀតផង។
របាយការណ៍សេរីភាពសាសនាអន្ដរជាតិ ឆ្នាំ២០២១ ដែលវីអូឌីទើបទទួលបាននៅខែមិថុនានេះ បញ្ជាក់ថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដែលត្រូវបានផ្សព្វផ្សាយដោយរដ្ឋាភិបាល តាមរយៈការប្រារព្ធពិធីបុណ្យ ការបណ្តុះបណ្តាលសាសនា ការបង្រៀនព្រះពុទ្ធសាសនានៅក្នុងសាលារដ្ឋ និងការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដល់ស្ថាប័នព្រះពុទ្ធសាសនា។
របាយការណ៍ដដែលបានប៉ាន់ស្មានថា ប្រជាជនប្រមាណ ៩៣ភាគរយ នៃប្រជាជនកម្ពុជាសរុប ជាអ្នកកាន់ព្រះពុទ្ធសាសនា ហើយក្នុងចំណោមនោះ មាន៩៥ភាគរយកាន់ព្រះពុទ្ធសាសនាថេរវាទ។ ចំណែកនៅសល់ ៧ភាគរយ ជាអ្នកកាន់សាសនាគ្រិស្ដ ឥស្លាម និងសាសនាផ្សេងៗទៀត។
ប្រភពដដែលបានបន្ថែមថា ច្បាប់ចែងអំពីសេរីភាពនៃជំនឿ និងការថ្វាយបង្គំសាសនា ដោយបានផ្តល់សេរីភាព មិនជ្រៀតជ្រែកដល់ជំនឿ និងសាសនារបស់អ្នកដទៃ ឬរំលោភលើសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។
របាយការណ៍នេះបានអះអាងថា ក្រសួងធម្មការ និងសាសនា ក្នុងការពិគ្រោះជាមួយអ្នកដឹកនាំសាសនានៃសាសនាមួយចំនួន បានរៀបចំសេចក្តីព្រាងច្បាប់ដាក់ទោស “អ្នកកាន់សាសនា” ដែលចូលរួមក្នុងសកម្មភាពនយោបាយ រួមទាំង «សកម្មភាពរៀបចំប្រឆាំងនឹងគណបក្សនយោបាយណាមួយ»។
បើតាមឯកសារដដែលនេះ អ្នកជំនាញបានលើកឡើងថា ពាក្យ “អ្នកសាសនា” គឺសំដៅដល់ព្រះសង្ឃ ប៉ុន្ដែនៅក្នុងសេចក្ដីព្រាងច្បាប់នេះមិនទាន់មានការកំណត់បន្ថែមឱ្យច្បាស់នៅឡើយ ដោយមានភាពមិនច្បាស់លាស់ ថាតើគួរអនុវត្តទៅលើសាសនាផ្សេងឬអត់។
កាលពីខែធ្នូ រដ្ឋាភិបាលបានចេញសារាចរហាមឃាត់ព្រះសង្ឃមិនឱ្យចូលរួមក្នុងការតវ៉ានយោបាយ និងតម្រូវឱ្យព្រះសង្ឃមានអព្យាក្រឹត្យខាងនយោបាយ។ បញ្ហានេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរចាប់ខ្លួនព្រះសង្ឃដែលសកម្មលើបញ្ហាសង្គមនិងបរិស្ថាន កាលពីពេលកន្លងមក។
ទោះជាយ៉ាងណា ក្នុងអនុសំវច្ឆរមហាសន្និបាតមន្រ្ដីសង្ឃទូទាំងប្រទេស លើកទី២៩ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក៏បានដាក់ចេញនូវសង្ឃប្រកាសផងដែរថា៖ «បព្វជិតពុទ្ធសាសនាកម្ពុជាមានសិទ្ធិសេរីភាពក្នុងការសម្ដែងមតិស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ប៉ុន្ដែមិនត្រូវធ្វើ ឬចូលរួមដង្ហែជាក្បួនបាតុកម្ម កូដកម្ម ក្នុងទីសាធារណៈ ដែលជាហេតុនាំឱ្យបាត់បង់សេចក្ដីថ្លៃថ្លូរ ភេទជាអ្នកបួស ប៉ះពាល់ដល់សន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ»។
កាលពីខែធ្នូ ឆ្នាំ២០២១ ក្រសួងធម្មការ និងសាសនា បានចេញសេចក្ដីព្រាងច្បាប់ថ្មីស្ដីពីសាសនានៅកម្ពុជា មាត្រា៣៥ ចែងថា ព្រះសង្ឃព្រះពុទ្ធសាសនាដែលមានចេតនាចូលរួមធ្វើបាតុកម្ម កូដកម្ម កុបកម្ម ដើម្បីប្រឆាំង ឬប្រឆាំងនឹងគណបក្សនយោបាយណាមួយ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំ ដល់១៥ឆ្នាំ ដោយមិនគិតពីទោសដទៃទៀតដែលមានចែងក្នុងក្រមព្រហ្មទណ្ឌកម្ពុជា៕