លោក កឹម សុខា ចោទ​មេធាវី​ការពារ​ឱ្យ​ដើមបណ្ដឹង​ថា​បាន​យក​ឃ្លីបវីដេអូ​មក​ចោទ​ប្រកាន់​លោក​ទាំង​បំពាន

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស» ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ ហើយកំពុងមានក្ដីក្ដាំនៅ​​តុ​​លា​ការ បានចោទប្រកាន់មេធាវីតំណាងដោយរដ្ឋាភិបាលថាបានយកភស្តុតាងដាក់បន្ទុកប្រឆាំងរូប​​លោក​​ទាំង​​បំពានខុសពីការពិត ក្នុងពេលដែលឃ្លីបវីដេអូយកមកដាក់បន្ទុកចំពោះរូបលោកនេះខុស​​ទាំ​​ង​​​ទីតាំង និងពេលវេលានៃថ្ងៃកើតហេតុ។

ថ្លែងដោះបន្ទុកនៅក្នុងបន្ទប់ជំនុំជម្រះ នៅព្រឹកថ្ងៃពុធនេះ ប្រធានគណបក្សជំទាស់ លោក កឹម សុ​​ខា បានប្រាប់អង្គសវនាការថា ឃ្លីបវីដេអូដែលមេធាវីតំណាងដោយរដ្ឋាភិបាលមកយក​​ចោទ​​ប្រ​​កាន់​​ប្រឆាំងរូបលោក គឺខុសទាំងស្រុង។

លោកបានជម្រាបអង្គជំនុំជម្រះថា ឃ្លីបវីដេអូនៅជិត​​ផ្សារ​​ស្លាបលែង ក្នុងឃុំស្វាយរំពារ ស្រុកបរ​​សេ​ដ្ឋ ខេត្តកំពង់ស្ពឺនោះ គឺលោកពាក់អាវគគីរដៃខ្លី ហើយពុំបាន​​ថ្លែង​​​​​សារនយោបាយ​​អ្វី​នោះ​ទេ។ ប៉ុន្តែឃ្លីបវីដេអូដែលសហមេធាវីតំណាងរដ្ឋាភិបាលយកមក​​ចោទ​​​ប្រកាន់ គឺលោក កឹម សុខា ពាក់អាវស មានពាក់កម្រងផ្កាម្លិះ។ ក្នុងន័យនេះ ជនជាប់ចោទបានអះអាងថា ភស្តុតាងដែលដាក់​​បន្ទុក​​ប្រ​​ឆាំ​​ង​​​​​​រូបលោកនេះខុសទាំងទីតាំងនិងពេលវេលា។

សហមេធាវីតំណាងដោយរដ្ឋាភិបាល លោក ចេង ប៉េងហាប់ បានប្រើប្រាស់ឃ្លីបវីដេអូចំនួន៣​ឃ្លីបដែលមានរយៈពេលខ្លីៗ ​កើតឡើងនៅអំឡុងដើមខែសីហា ឆ្នាំ២០១៣ ដើម្បីស្នើសុំឱ្យតុលាការចាក់ មុន​​នឹងតាំងសំណួរទៅជនជាប់ចោទ កឹម សុខា ឱ្យឆ្លើយ។

គេសង្កេតឃើញថា តាមរយៈឃ្លីបវីដេអូទាំង៣ឃ្លីបដែលមេធាវីដើមបណ្តឹងរដ្ឋប្បវេណី យកមក​​ធ្វើ​​ជា​​មូលដ្ឋានក្នុងការដាក់បន្ទុកប្រឆាំងប្រធានគណបក្សជំទាស់នេះ គឺសកម្មភាពថ្លែង​​សារ​​នយោ​​បាយរបស់លោក កឹម សុខា ជាមួយអ្នកគាំទ្ររបស់ខ្លួនក្នុងពេលធ្វើបាតុកម្មនៅទីលាន​​ប្រជា​​ធិប​​តេយ្យ ចំនួន២ឃ្លីប និងឯកសារជា​​ឃ្លីបវីដេអូ១ឃ្លីបទៀត លោក សម រង្ស៊ី និងលោក កឹម សុខា ជួបជាមួយ​​អ្នក​​​​​គាំទ្រនៅជិតផ្សារស្លាប​​លែង ក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

តាមរយៈឃ្លីបវីដេអូនេះ លោក កឹម សុខា ត្រូវរងការចោទប្រកាន់ថា លោកបានថ្លែង​​សារន​​យោ​​បាយ ដោយអំពាវនាវឱ្យមានកម្លាំងប្រមូលផ្ដុំ ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ ប៉ុន្តែ ភ្លាមៗ លោក កឹម សុខា បានជំទាស់ថា ក្នុងឃ្លីបវីដេអូនៅខេត្តកំពង់ស្ពឺនោះ លោកមិនបានថ្លែង​​សារនយោ​​បាយ​​អ្វី​​ទេ គឺលោក សម រង្ស៊ី នៅពេលធ្វើជាប្រធានបក្ស ជាអ្នកថ្លែងសារនយោបាយជាមួយអ្នកគាំទ្រ​​។

សម្រាប់សវនាការលើកទី៤៣ នៅថ្ងៃទីពុធ ទី៨ ខែមិថុនានេះ គេសង្កេតឃើញថា ទាំងតំណាង​​អយ្យ​​ការ លោក ឆាយ ហុង និងមេធាវីតំណាងដោយអាណត្តិពីខាងរដ្ឋាភិបាល លោក ចេង ប៉េងហាប់ និង​​លោក សាន់ ជួយ បានបន្តតាំងសំណួរជាថ្មីទៀត។ ប៉ុន្តែសំណួរភាគច្រើនត្រូវបានជនជាប់ចោទ បាន​​ជម្រាបអង្គជំនុំជម្រះ ថាធ្លាប់បានសួររួចហើយ។ នៅក្នុងបន្ទប់សវនាការ សង្កេតឃើញថា មាន​​ពេល​​ខ្លះ លោក កឹម សុខា បន្តរក្សាចម្លើយចាស់ ហើយពេលខ្លះទៀត លោកឆ្លើយ​​ដោយពន្យល់​​​​ទៅ​​ម្ចាស់​​សំណួរវិញផង។

បើទោះបែបណា សវនាការលើកនេះក៏មិនខុសពីសវនាការមុនៗដែរ។ ភាគីនៅក្នុងរឿងក្តីបានបន្ត​​តាន​​តឹង​ដាក់គ្នាជាថ្មីទៀត ភាពប្រឈមមុខដាក់គ្នានៅក្នុងបន្ទប់ជំនុំជម្រះ រហូតដល់ភាគីម្ខាងៗ មាន​​​​ពេលខ្លះ បានប្រើ​​ប្រាស់​​​​ភាសាឌឺដងឱ្យគ្នាជាលក្ខណៈជាបុគ្គលសឹងថាច្រើន​​ជាងនីតិវិធីតាម​​ផ្លូ​​វ​​ច្បាប់ផង។

ប្រធានគណបក្សជំទាស់ បានចំអកឱ្យតំណាងអយ្យការ លោក ឆាយ ហុង ថាប្រហែល​​តំណាង​​អ​យ្យ​​​ការរូបនេះមិនមានសំណួរត្រូវសួរហើយ បានជាសួរសំណួរបែបនេះទៅកើត។ ​​ប្រតិកម្មរបស់​​លោក កឹម សុខា នេះ ស្របពេលលោក ឆាយ ហុង តាំងសំណួរថា “តើកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែ​​ល​​​​​ជនជាប់ចោទលើកឡើងនេះ វាជ្រៀតជ្រែករដ្ឋធម្មនុញ្ញមែនឬយ៉ាងណា?”។

មិនបង្អង់យូរ សហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា គឺលោក ផែង ហេង បានឡើង​ជំទាស់​​ភ្លាមដែរ ដោយហៅសំណួររបស់លោក ឆាយ ហុង ថា ជាសំណួរដែលគ្មានវិជ្ជាជីវៈ ហើយ​​ជា​​សំ​​ណួរ​​ត្រឹម​​កម្រិតសួរឱ្យកូនសិស្សសាលាដឹងប៉ុណ្ណោះ។ លើសពីនេះទៀត សំណួរនេះ វាមិនឆ្លុះបញ្ចាំងទៅ​​នឹង​​អង្គហេតុដែលកំពុងបន្តនីតិវិធីនៅពេលនេះទេ។ លោកមេធាវី ផែង ហេង បានជម្រាបអង្គជំនុំ​​ជម្រះ​​ថា តាមពិតទៅ កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ គឺច្បាប់ជាអន្តរជាតិទៅហើយ។

បើទោះបែបណា គេសង្កេតឃើញថា សំណួរភាគច្រើន នៅព្រឹកថ្ងៃពុធនេះ គឺទាក់ទងជា​​មួយ​​នឹង​​លោក សម រង្ស៊ី។ លោកមេធាវី ចេង​ ប៉េងហាប់ បានសួរលោក កឹម សុខា ថាតើបុគ្គលិកលក្ខណៈ​​របស់​​លោក សម រង្ស៊ី ជាមនុស្សបែបណា ជាដើម។ មេធាវីតំណាងដោយរដ្ឋាភិបាលរូបនេះ តាំង​​​សំ​​​ណួរ​អមដោយសេចក្ដីសន្និដ្ឋានថាលោក សម រង្ស៊ី គឺជាមនុស្សហិង្សា និងមានចេតនា​​ចង់​​ផ្តួល​​រំលំ​​រដ្ឋា​​ភិបាល។

មេបក្សជំទាស់ បានឆ្លើយនៅចំពោះមុខអង្គជំនុំជម្រះ ថាបើចង់ច្បាស់ គួរសួរទៅលោក សម រង្ស៊ី ផ្ទាល់។ មកដល់ចំណុចនេះ លោក កឹម សុខា ហាក់ប្រតិកម្មខ្លាំង។ លោកអះអាងថា អ្នកណាធ្វើអី អ្នកនឹងជាអ្នកទទួលខុសត្រូវ។ ការរួបរួមរវាង សម រង្ស៊ី និង កឹម សុខា គឺដើម្បីធ្វើដំណើរទៅ​​បោះ​​ឆ្នោត​​​​ប៉ុណ្ណោះ មិនបានបម្រើឱ្យគោលដៅផ្សេងពីនេះទេ។ បន្ថែមពីលើនេះ មេបក្សជំទាស់រូបនេះអះអាងថា ប្រសិនបើយល់ឃើញលោក សម រង្ស៊ី អាក្រក់ ហេតុអីនៅពេលនេះ រដ្ឋាភិបាល​​ផ្តល់​​​​ភាពស្របច្បាប់ឱ្យគណបក្សភ្លើងទៀនបានធ្វើសកម្មភាពនយោបាយ ទាំងដឹងថាគណបក្ស​​ភ្លើ​​ង​​ទៀនគឺជាមនោគមរបស់លោក សម រង្ស៊ី ទៅហើយ។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីក្រុមសហមេធាវីពីភាគីទាំងពីរ ដើម្បីបំភ្លឺបានទេ នៅ​​ថ្ងៃពុធ​​នេះ​​។ ចំណែកសហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា លើកនេះ បានព្យាយាមគេចចេញ មិនផ្តល់​​បទ​​សម្ភាសន៍ឱ្យក្រុមអ្នកកាសែតដូចធ្លាប់ធ្វើសព្វមួយដង។ បើទោះជាបែបណា គេនៅមិនទាន់ដឹង​​ពី​​មូលហេតុដែលសហមេធាវីរបស់មេបក្សជំទាស់មិនផ្តល់ព័ត៌មានអំពីនីតិវិធីនៃការសួរដេញ​​ដោលនៅខាងមុខបន្ទប់ជំនុំជម្រះនេះបាននៅឡើយទេ។

យ៉ាងនេះក្តី នាយកចាត់ការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់​​ឃើញ​​ថា ប្រសិនបើភាគីចុងចោទនៅក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ មើលឃើញភស្តុតាងដាក់​​បន្ទុ​ក​​នេះមិនត្រឹមត្រូវ មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទគួរប្តឹងជំទាស់ និងរក្សាសិទ្ធិមិនឆ្លើយតបចំពោះសំណួរណាដែលមិនបានផ្តល់ផលប្រយោជន៍ក្នុងការដោះបន្ទុកបាន។ មួយវិញទៀត ផ្អែក​​តាមនីតិវិធី រាល់សំណួរដែលមានភាពមិនច្បាស់លាស់ វានឹងបានជាប្រយោជន៍ទៅដល់​ជន​​ជាប់​​​ចោទ​។

លោកបន្តថា៖ «ប្រសិនបើភស្តុតាង វាខុសអង្គហេតុ ខុសថ្ងៃ ខុសខែ និងខុសកាលបរិច្ឆេទនៃថ្ងៃកើត​​ហេតុ ​​​​ហើយយកមកធ្វើភស្តុតាង អាហ្នឹងគឺសាម៉ីខ្លួនជាជនជាប់ចោទ ក៏ដូចជាមេធាវីការពារសិទ្ធិ​​ឱ្យ​​ជនជាប់ចោទ អាចមានសិទ្ធិក្នុងការបដិសេធ​​មិនទទួលបាន។ ភស្តុតាង​​ទាំងឡាយណាដែល​​វា​​ខុស​​នឹងអង្គហេតុ ឬក៏ចំណុចដែលវាមានវិមន្ទិលសង្ស័យ វាជាប្រយោជន៍ដល់ជនជាប់ចោទ»។

លោក កឹម សុខា ត្រូវបានរងការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពត្រូវរ៉ូវជាមួយរដ្ឋបរទេស » ចង់ផ្តួលរំលំរដ្ឋា​​ភិ​​​បាល។ គិតមកដល់ពេលនេះ ប្រធានគណបក្សជំទាស់រូបនេះត្រូវបិទសិទ្ធិនយោបាយ​​តាម​​ផ្លូវ​​តុ​​លា​​ការប្រមាណ៤​ឆ្នាំ​​មក​​​​​ហើយ គិតចាប់ពីថ្ងៃចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៧។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កូយ សៅ ដែលដឹកនាំនីតិវិធីសួរដេញដោលនេះ ប្រកាសថា អង្គ​​​ថ្មី​ទាក់ទងប្រទូស្តរ៉ាយ ដែលជាអង្គហេតុចុងក្រោយគេ អាចនឹងត្រូវចាប់ផ្តើមនីតិវិធីនៅ​​សប្តាហ៍​​ក្រោយ​​។ ក្រុមអ្នកសង្កេតការណ៍នៅក្នុងបន្ទប់សវនាការ យល់ឃើញថា នេះជារឿងក្តីដែលប្រើ​​ពេ​ល​​សួរ​​ដេញដោលយូរគេជាងគេក្នុងប្រវត្តិនយោបាយនៅកម្ពុជា ដែលស៊ីពេលប្រមាណជាង២​ឆ្នាំ​​មក​​ហើយ​។

សម្រាប់សវនាការលើកទី៤៣ នៅថ្ងៃពុធនេះ គេសង្កេតឃើញថា នៅខាងមុខតុលាការឯណេះវិញ អ្នក​​គាំ​ទ្រលោក កឹម សុខា គឺមានចំនួនច្រើនជាងសព្វមួយដង។ ប៉ុន្តែការប្រមូលផ្តុំដ៏ច្រើនមិនធ្លាប់​​មាន​​នេះ គឺពុំមានបញ្ហាប្រឈមអ្វីកើតឡើងទេ។ តុលាការបន្តសវនាការជាថ្មីទៀតនៅថ្ងៃពុធ ទី១៥ ខែមិថុនា ខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ