ជនជាតិដើមភាគតិច​៤នាក់​នៅ​ខេត្តមណ្ឌលគិរី​ស្នើ​តុលាការ​ទម្លាក់​ចោល​ការ​ចោទប្រកាន់

ជនជាតិដើមភាគតិចពូនងខេត្តមណ្ឌលគិរី ដែលពាក់ព័ន្ធនឹងបណ្ដឹងរបស់ម្ចាស់ក្រុមហ៊ុន «ឌីវេឡុបមេន ខូអិលធីឌី» ចូលបំភ្លឺ​នៅតុលាការ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

តំណាងជនជាតិដើមភាគតិចពូនង​ចំនួន៤នាក់ដែល​សកម្មក្នុង​ការ​​​ការ​ពារ​ដីធ្លី និងធនធានធម្ម​ជាតិ បានស្នើដល់តុលាការឱ្យទម្លាក់ចោលការចោទប្រកាន់លើពួកគេ ក្រោយរងបណ្ដឹងពីក្រុមហ៊ុនឯកជនមួយ។

កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ តំណាង​អយ្យការអមសាលាដំបូងខេត្តមណ្ឌល​គិរី លោក អ៊ាង សុគន្ធ បានកោះហៅតំណាងជនជាតិដើមភាគតិច ៤នាក់ រួមមាន លោក គ្រឿង តុលា, អ្នកស្រី ផ្លឹក ភឹរុំ, អ្នកស្រី ផ្លឹក ណារី និងលោក ​ខ្លើង ទុំ ឱ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ​២០២២នេះ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និង​ញុះញង់​ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍» ដើម្បី​សាកសួរលើកទី២ ទៅតាមបណ្ដឹងរបស់បុគ្គលឈ្មោះ កាក់ រតនា ដែលពលរដ្ឋជនជាតិដើមភាគតិចអះអាងថា ជានាយិកាក្រុមហ៊ុនវីឡា «ឌីវេឡុបមេន ខូអិលធីឌី»

អ្នកសម្របសម្រួលជនជាតិដើមភាគតិចពូនង នៅខេត្តមណ្ឌលគិរី អ្នកស្រី ផ្លឹក ភីរុំ ប្រាប់វីអូឌីថា តុលាការសាកសួរពួកគាត់ជាច្រើនម៉ោងកាលពីម្សិលមិញពាក់ព័ន្ធបទចោទ និងបានឱ្យពួកគាត់ត្រលប់មកផ្ទះវិញ ដោយតុលាការមិនទាន់សម្រេចថាយ៉ាណានៅឡើយទេ។

ជនជាតិដើមភាគតិចពូនងរូបនេះបន្តថា នៅក្នុងតុលាការនោះ អ្នកស្រី និងតំណាងជនជាតិដើមភាគផ្សេងទៀតបានស្នើដល់តុលាការឱ្យទម្លាក់ចោលការចោទប្រកាន់លើពួកគាត់ ដោយថា ពួកគាត់មិនបានធ្វើខុសដូចការចោទប្រកាន់ឡើយ។

អ្នកស្រី ផ្លឹក ភីរុំ ឱ្យដឹងថា ដើមចមដែលធ្វើឱ្យពួកគាត់ជាប់បណ្តឹងនៅតុលាការ គឺក្រោយពីពួកគាត់ប្តឹងតំណាង​​ក្រុមហ៊ុនវីឡា «ឌីវេឡុបមេន ខូអិលធីឌី» ឈ្មោះ កាត់ រតនា ថាបានដាក់គ្រឿងចក្រឈូសឆាយដីព្រៃ និងដីអាស្រ័យផលរបស់ជនជាតិដើមភាគតិច។ ​

អ្នកស្រីបន្តថា ដីព្រៃ និងដីអាស្រ័យផលរបស់ជនជាតិដើមភាគតិចជាច្រើនហិកតាដែលបានអាស្រ័យផលតាំងពីឆ្នាំ១៩៨៨ ស្ថិតក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ត្រូវបានក្រុមហ៊ុនរបស់បុគ្គលឈ្មោះ កាត់ រតនា ឈូសឆាយធ្វើជាកម្មសិទ្ធិ ​ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធឡើយ។

កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ តំណាងជនជាតិដើម​ភាគតិចបានប្ដឹងអាជ្ញាធរមូលដ្ឋាន២នាក់ រួមមាន ចៅសង្កាត់សុខដុម លោក ពៅ សុផាត និងមេភូមិឡៅកា លោក គឹម ស៊ីម រួមទាំង​នាយិកា​ក្រុមហ៊ុន​វីឡា ឌីវេឡុប​មេន ខូលិល​ធី​ឌី អ្នក​ស្រី កាក់ រតនា ពី​បទ​ «កាប់រុករានឈូស​ឆាយ​ដី​ព្រៃ​សាធារណៈ និងបំផ្លិចបំផ្លាញដើមជ័រទឹកក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច និងអនុគ្រោះបទល្មើសព្រៃឈើ» ប៉ុន្តែពលរដ្ឋអះអាងថា តុលាការមិនចាត់វិធានការលើបណ្តឹងពួកគាត់ឡើយ។

យ៉ាងណា វីអូឌី មិនអាច​រកការឆ្លើយតបពីបុគ្គលឈ្មោះ កាត់ រតនា បានទេ ពាក់ព័ន្ធករណីនេះ កាលពីម្សិលមិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ