តំណាងជនជាតិដើមភាគតិចពូនងចំនួន៤នាក់ដែលសកម្មក្នុងការការពារដីធ្លី និងធនធានធម្មជាតិ បានស្នើដល់តុលាការឱ្យទម្លាក់ចោលការចោទប្រកាន់លើពួកគេ ក្រោយរងបណ្ដឹងពីក្រុមហ៊ុនឯកជនមួយ។
កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី លោក អ៊ាង សុគន្ធ បានកោះហៅតំណាងជនជាតិដើមភាគតិច ៤នាក់ រួមមាន លោក គ្រឿង តុលា, អ្នកស្រី ផ្លឹក ភឹរុំ, អ្នកស្រី ផ្លឹក ណារី និងលោក ខ្លើង ទុំ ឱ្យចូលខ្លួនទៅបំភ្លឺនៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍» ដើម្បីសាកសួរលើកទី២ ទៅតាមបណ្ដឹងរបស់បុគ្គលឈ្មោះ កាក់ រតនា ដែលពលរដ្ឋជនជាតិដើមភាគតិចអះអាងថា ជានាយិកាក្រុមហ៊ុនវីឡា «ឌីវេឡុបមេន ខូអិលធីឌី»។
អ្នកសម្របសម្រួលជនជាតិដើមភាគតិចពូនង នៅខេត្តមណ្ឌលគិរី អ្នកស្រី ផ្លឹក ភីរុំ ប្រាប់វីអូឌីថា តុលាការសាកសួរពួកគាត់ជាច្រើនម៉ោងកាលពីម្សិលមិញពាក់ព័ន្ធបទចោទ និងបានឱ្យពួកគាត់ត្រលប់មកផ្ទះវិញ ដោយតុលាការមិនទាន់សម្រេចថាយ៉ាណានៅឡើយទេ។
ជនជាតិដើមភាគតិចពូនងរូបនេះបន្តថា នៅក្នុងតុលាការនោះ អ្នកស្រី និងតំណាងជនជាតិដើមភាគផ្សេងទៀតបានស្នើដល់តុលាការឱ្យទម្លាក់ចោលការចោទប្រកាន់លើពួកគាត់ ដោយថា ពួកគាត់មិនបានធ្វើខុសដូចការចោទប្រកាន់ឡើយ។
អ្នកស្រី ផ្លឹក ភីរុំ ឱ្យដឹងថា ដើមចមដែលធ្វើឱ្យពួកគាត់ជាប់បណ្តឹងនៅតុលាការ គឺក្រោយពីពួកគាត់ប្តឹងតំណាងក្រុមហ៊ុនវីឡា «ឌីវេឡុបមេន ខូអិលធីឌី» ឈ្មោះ កាត់ រតនា ថាបានដាក់គ្រឿងចក្រឈូសឆាយដីព្រៃ និងដីអាស្រ័យផលរបស់ជនជាតិដើមភាគតិច។
អ្នកស្រីបន្តថា ដីព្រៃ និងដីអាស្រ័យផលរបស់ជនជាតិដើមភាគតិចជាច្រើនហិកតាដែលបានអាស្រ័យផលតាំងពីឆ្នាំ១៩៨៨ ស្ថិតក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ត្រូវបានក្រុមហ៊ុនរបស់បុគ្គលឈ្មោះ កាត់ រតនា ឈូសឆាយធ្វើជាកម្មសិទ្ធិ ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធឡើយ។
កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ តំណាងជនជាតិដើមភាគតិចបានប្ដឹងអាជ្ញាធរមូលដ្ឋាន២នាក់ រួមមាន ចៅសង្កាត់សុខដុម លោក ពៅ សុផាត និងមេភូមិឡៅកា លោក គឹម ស៊ីម រួមទាំងនាយិកាក្រុមហ៊ុនវីឡា ឌីវេឡុបមេន ខូលិលធីឌី អ្នកស្រី កាក់ រតនា ពីបទ «កាប់រុករានឈូសឆាយដីព្រៃសាធារណៈ និងបំផ្លិចបំផ្លាញដើមជ័រទឹកក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច និងអនុគ្រោះបទល្មើសព្រៃឈើ» ប៉ុន្តែពលរដ្ឋអះអាងថា តុលាការមិនចាត់វិធានការលើបណ្តឹងពួកគាត់ឡើយ។
យ៉ាងណា វីអូឌី មិនអាចរកការឆ្លើយតបពីបុគ្គលឈ្មោះ កាត់ រតនា បានទេ ពាក់ព័ន្ធករណីនេះ កាលពីម្សិលមិញ៕