លោក ទៀ បាញ់ ថា​ក្រោយ​ធ្វើ​ទំនើបកម្ម​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​រួច នឹង​មិន​អនុញ្ញាត​ឱ្យ​នរណា​ចូល​មើល​ទៀត​ទេ

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លង នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ទៀ បាញ់)

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ថ្លែង​ថា ក្រោយ​ធ្វើ​ទំនើប​កម្ម «មូលដ្ឋានកងទ័ពជើ​ងទឹក​​​រាម» រួចរាល់ នឹងមិនអនុញ្ញាតឱ្យនរណាចូលមើលទៀតទេ ដោយសារ​ទីនោះជាមូលដ្ឋានទ័ព ហើយ​ការងារបច្ចេកទេស​យោធាជាកិច្ចការផ្ទៃក្នុង ដែលមិនអាចបង្ហាញជាសាធារណៈបាន​ទេ។​

ក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លង នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៨ ខែមិថុនានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ អះអាងថា កន្លងមក មានការចោទប្រកាន់ម្ដងហើយម្ដងទៀត​ថា ការធ្វើទំនើបកម្មមូលដ្ឋានទ័ពនៅ​សមុទ្រ​រាម គឺ​ជាការ​ប្រគល់មូលដ្ឋាននេះ​ដល់​កង​ទ័ព​រំដោះប្រជាជនចិនប្រើប្រាស់ផ្ដាច់មុខ។

លោក ទៀ បាញ់ ច្រានចោលការចោទប្រកាន់នេះ ដោយថាគ្មានមូលដ្ឋានទ័ពបរទេសណាមួយនៅទីនោះទេ។ លោកបន្តថា មូលដ្ឋាន​ទ័ព​នៅ​​សមុទ្ររាម​​ជាដែន​អធិបតេយ្យរបស់កម្ពុជា ហើយកម្ពុជាមានសិទ្ធិពេញលេញក្នុងការសម្រេចធ្វើទំនើបកម្មតាមលទ្ធភាព កម្រិត និងតាមរបៀបរបស់ខ្លួន។

រដ្ឋមន្ត្រីការពារជាតិរូបនេះបន្តទៀត​ថា អំឡុងពេល​​​ចាប់ផ្ដើមបើកការដ្ឋានសាងសង់នេះ អ្នកដែ​លចង់មកមើលមូលដ្ឋានកងទ័ពជើង​ទឹក​រាម គឺអាចចូលបាន តែបើទៅថ្ងៃអនាគត នឹងមិនអនុញ្ញាតឱ្យចូលមើល​ទេ ព្រោះការងារបច្ចេកទេសយោធាជាកិច្ចការផ្ទៃក្នុង ដែលមិនអាចបង្ហាញជាសាធារណៈបាន​ទេ។​

លោក ទៀ បាញ់ ថ្លែងបញ្ជាក់ថា៖ «ដូច្នេះ មូលដ្ឋាននេះ គឺអាចនឹងមិនឱ្យចូលមកទៀតទេថ្ងៃក្រោយនោះ ដោយសារតែយើងសាងសង់ហើយ គឺចាប់ផ្តើមរើសម្ភារទាំងឡាយ គឺវាចូលមក ដាក់ពាសពេញទៅហើយ គឺការជីក ការគាស់កកាយ វាយចោលមួយចំនួនតាមតម្រូវការរបស់យើងនៅនេះ គឺវាមិនគួរមានការរំខានតទៅទៀតទេ។ តែនេះមកឱ្យហើយចុះ! មកមើលទាំងអស់គ្នាឱ្យហើយទាំងអស់ទៅ ថាវាយ៉ាងម៉េចអ៊ីចឹង ផែតូចមួយ»។

យ៉ាងណា លោកថា ការហាមឃាត់នេះក៏មិនមែនជាការផ្តាច់មនោសញ្ចេតនា មិនឱ្យមានទំនាក់ទំនងជាមួយមេបញ្ជាការសមុទ្ររាមទាល់តែសោះនោះដែរ ពោលគឺបើមានសំណូមពរណាមួយក្នុងការចូលមើល ដូចជា កងនាវាចរចូលមកសុំចត ទស្សនកិច្ច ឬការជួប​សួរសុខទុក្ខជាដើមនោះ នោះ​មេបញ្ជាការកងទ័ពជើងទឹកនៅ​សមុទ្ររាម​ នឹងត្រៀមកន្លែងទទួលមួយដែលមានការ​រៀបចំទុករួចជាស្រេច។

ជាមួយគ្នានេះដែរ លោក ទៀ បាញ់ បានគូសបញ្ជាក់ថា លោកមិនខ្វល់ចំពោះការរិះគន់ណាមួយនោះទេ ព្រោះកម្ពុជាដែលជាម្ចាស់ប្រទេស ដែល​មានសិទ្ធិរៀបចំតាមរបៀប និង​តាមដែនសមត្ថកិច្ចរបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ