វិភាគ៖ ការបោះឆ្នោត​អាណត្តិនេះ​ផ្ដល់​មេរៀន​អ្វីខ្លះ​ដល់​អ្នកនយោបាយ?

មន្ត្រីការិយាល័យបោះឆ្នោតម្នាក់បង្ហាញពីសន្លឹកឆ្នោតដែលបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅការិយាល័យលេខ១៦៩៧ ស្ថិតនៅក្នុងសាលាគរុកោសល្យ ភូមិភាគក្រុងតាខ្មៅ ខេត្តកណ្តាល ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

​​​​ល​ទ្ធ​ផ​លបណ្ដោះអាសន្ន​​នៃការ​​​បោះឆ្នោ​​តជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់​​​​នៅឆ្នាំ​​២​​០​​២២​​​នេះ​​ ​​ដូ​ច​​គ្នា​​ទៅ​​នឹង​​​លទ្ធ​ផ​លបោះ​​ឆ្នោត​ឆ្នាំ២​០១​៨​ដែ​រ ​គឺ​ «គ​​ណបក្ស​​​​​ប្រជា​ជន​ក​ម្ពុជា​» មា​នសំ​ឡេង​គាំទ្រ​​នាំមុ​ខ​​ស្ទើ​រគ្រ​ប់កា​រិ​យា​ល័យ​​បោះ​ឆ្នោត​ទូទាំ​​ងប្រទេស​ចំ​នួ​ន​២​៣​​​ ៦០​​២​កន្លែ​ង ស្រប​​ពេល​​ដែល «​​គណបក្សសង្គ្រោះ​ជាតិ»​ ដែលជាបក្ស​​ប្រ​ឆាំង​ដែ​លមា​នសក្ដា​នុព​ល ត្រូវ​បា​នគេ​បន្ត​បិទខ្ទ​ប់ពីទីលា​នប្រកួ​ត។​

គ​ណបក្សប្រ​ឆាំង​ដែល​មានអ្ន​កគាំ​ទ្រ​ប្រហា​​​ក់ប្រ​ហែលទៅនឹង​គ​​ណ​ប​ក្ស​កា​ន់អំ​​ណា​​​ចដែរនោះ​ ត្រូ​វបាន​តុលា​ការកំ​ពូល​​​រំលាយចេ​ញពីឆា​កន​យោ​បា​យ ចាប់​តាំង​​ពី​​ចុង​ឆ្នាំ២០​១៧​មក​។ ចរ​ន្តនេះ​ជំរុញ​ឱ្យក្បា​​ល​ម៉ាស៊ីន​រៀបចំការ​បោះឆ្នោត ​គ.ជ.ប ​ដែល​ធ្លាប់​​តែមា​ន​តុល្យ​ភាព​អំណាច តាម​រូប​​មន្ត​​ ៤+៤+​១ នោះ ​ត្រូវ​ជំ​នួស​​មក​វិញ​ដោយ​​មន្ត្រី​ជាន់​ខ្ពស់ភាគច្រើនមក​ពីគ​ណប​ក្ស​កាន់​អំ​​ណាច​​។

របត់​​​​​​នេះ​​បានធ្វើឱ្យ​​​កា​របោះ​​​ឆ្នោ​តជ្រើ​ស​​​តាំ​ង​​តំ​​​ណាង​​រា​ស្ត្រ​​ អាណ​ត្តិទី​​៦ ឆ្នាំ២០​១៨ ​គ្មានវត្តមានបក្ស​ប្រឆាំង​​ចូលរួមការបោះឆ្នោត​ទេ​ ហើយកា​រប្រកាសលទ្ធផលពេល​នោះ គ​ណប​ក្សប្រជាជនកម្ពុ​ជាទ​ទួល​បា​​ន​អាសនៈ​ទាំងអស់​ក្នុ​ង​ស​ភាដែលមាន​​ចំនួន១២៥ ​បើទោះបីមា​នគ​ណបក្ស​ចំនួន​១៩​បា​នចូលរួមប្រកួត​ក្តី។ ក៏ប៉ុ​​ន្តែ​ ជោ​គជ័យរបស់បក្សកាន់អំណាច​​​នៅពេល​នោះ ​ត្រូ​វបាន​ក្រុ​មប្រ​ទេសលោកសេ​រី ដែ​ល​នាំមុខ​គេ​ដោ​យ​ស​ហរ​ដ្ឋអាមេ​រិក​ និងសហភាព​អឺរ៉ុប ប្រកា​ស​មិនទ​ទួលស្គា​ល់ ក្រោយ​ពី​​កាត់​ផ្ដាច់ជំនួយ​ទាំង​ស្រុង​​ពី គ.ជ.ប ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

បញ្ហា​នេះ ប្រទេស​​ប្លុក​លោក​សេរីបានសម្អា​ងថា​ ​ការ​​បិទ​ខ្ទប់គណបក្សប្រឆាំងដែលមានកម្លាំងប្រហាក់ប្រហែល​មិន​ឱ្យ​ចូល​រួម​ការ​ប្រកួតបោះឆ្នោ​ត ​ជា​ដំណើរ​ប្រាសចាកពីគន្លង​ប្រជា​ធិប​តេ​យ្យ។

ដោយឡែ​ក ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កា​ត់ អាណត្តិទី​៥ ​ដែលទើបនឹងបិទប​ញ្ចប់​នៅថ្ងៃ​អាទិ​ត្យសប្ដាហ៍​មុននេះ​ ជាលទ្ធផលបណ្តោះអាសន្ន​ តំណែងប្រ​ធានក្រុមប្រឹក្សា ឬមេឃុំ-ចៅសង្កាត់​ទូ​​ទាំង​ប្រ​ទេ​ស​ចំ​នួន១ ៦​៥​២​ ​បានធ្លា​ក់ទៅក្នុងការគ្រប់​គ្រង​​រ​បស់​​គ​ណប​ក្ស​កាន់​អំ​ណាច​ស្ទើ​រទាំង​អស់​។

​ដោយឡែក​​ ​គណបក្ស​​ដេញតាម​ពីក្រោយ គឺ «គណ​បក្សភ្លើងទៀន» ​ដែល​​ពីមុ​នជា «​គណ​បក្ស​សម​​រ​ង្ស៊ី​​» នោះ​ ​ទ​ទួ​ល​​បាន​​តំ​ណែងមេ​ឃុំ​​​តែ​៤​​ប៉ុណ្ណោះ​ ខ​ណៈកា​របោះ​ឆ្នោត​ឆ្នាំ២​០១២​ គណប​ក្សនេះបាន​​គ្រប់​គ្រងតំ​ណែង​មេ​​ឃុំ​​​-ចៅ​សង្កាត់ស​រុប​ចំនួ​ន២២​។

​ជ្រុ​ងមួយនៃប​ញ្ហា​ ​​​​ក្រុ​ម​អ​​ង្គកា​រសង្គ​មស៊ីវិល និ​​ង​អ្ន​ក​ន​យោបាយ​​ក្រៅ​​រ​​ដ្ឋា​​ភិបាល​​មួយ​ចំ​នួ​ន ​​បា​​ន​រ​ក​ឃើញ​ថា​ ​​ការ​បោះឆ្នោ​​ត​អាណត្តិ​នេះ​​មិ​នបានឆ្លុះ​​បញ្ចាំង​​ពីឆ​ន្ទៈ​ពិតប្រាកដរ​បស់​ប្រជាពលរដ្ឋទេ​​​។

ក្រុ​មអ​ង្គការទាំងនោះ​បា​នស​ម្អាង​ថា នៅថ្ងៃ​បោះឆ្នោត ​​កា​រិ​យាល័យមួ​យចំនួនមានវត្តមាន​មេភូ​មិ​ និ​ងមន្ត្រី​នគរបាលខ្លះនៅស្រង់ឈ្មោះអ្នកទៅបោះឆ្នោត ដែលករណីនេះ ពួកគេថា ជារូបភាពគំរាមកំហែងដល់ការសម្រេចចិត្ត​របស់​អ្នកបោះឆ្នោត។​ មួយវិញ​​ទៀត ពួ​កគេសម្អា​ង​ពី​ការ​រកឃើញពីភាព​មិនប្រក្រតីមួ​​យ​ទៀត​ គឺ​ការិយាល័យខ្លះបានបិទទ្វារ បិទបង្អួ​ច ​ហើយបណ្ដេញ​អ្នកសង្កេ​តកា​រណ៍ ​មិន​ឱ្យថ​ត​រូ​ប ​ឬនៅ​កន្លែង​រា​ប់​សន្លឹ​កឆ្នោ​តនោះ​ទេ ​ដែលកា​រណ៍​នេះ ​ពួកគេ​ថា ​បាន​ជះឥទ្ធិព​លដ​ល់ភា​ពសេ​រី ​ត្រឹមត្រូវ​ និ​ងយុត្តិ​ធ​ម៌ ​សម្រាប់​ល​ទ្ធផ​ល​បោះឆ្នោតនាពេលនេះ​។

​តែ​​យ៉ា​​ងណា ប្រ​ធាន គ.ជ.ប លោ​​ក​ ប្រា​ជ្ញ ​ចន្ទ ​បានថ្លែង​ក្នុងកិ​ច្ចប្រជុំបន្ទាន់មួយ ក្រោយបិទប​ញ្ចប់កា​ររាប់សន្លឹកឆ្នោត ​កាល​ពីល្ងាចថ្ងៃអា​ទិត្យ ថា​ការ​បោះ​​ឆ្នោត​បានដំ​ណើរកា​រទៅ​ដោ​យមា​នសណ្ដាប់​ធ្នាប់ល្អ ​គ្មាន​​កា​​រគំរាម​កំ​ហែ​​ង ​និងមាន​តម្លា​ភាព​។

កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ សរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។
កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ សរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

​លោក​ថា៖ ​«ប្រហែលជាគ្មានការបោះឆ្នោតណាត្រង់បំផុតជាងកម្ពុជា ដែលរាប់[ស​ន្លឹក​ឆ្នោ​ត]នៅការិ​យា​​​ល័​យនោះ​ទេ»។

ភាព​ចម្រូងច​ម្រាសនេះបានចោទជា​សំណួរ​ថា ​តើការបោះឆ្នោតពេលនេះ​ផ្ដល់មេ​រៀន​អ្វីខ្លះ​ដល់អ្នកន​​យោ​​បាយ​?

​នាយ​កប្រតិបត្តិអ​ង្គ​ការ​ឃ្លាំមើល​ការ​បោះឆ្នោ​តនិ​កហ្វិ​ច (​NIC​FEC)​ លោ​ក ​សំ ​គន្ធា​មី ​លើក​ឡើ​ងថា ប​ញ្ហា​ដែ​​​ល​បាន​កើត​ឡើង​​បណ្ដាលមក​ពី​ក​ត្តា​ចម្បង៣​ ក្នុងនោះ​​ ម​កពី​​ស្ថាប័​ន គ.ជ.ប​ ខ្វះ​ឯ​ក​រា​ជ្យពេ​ញ​លេញ​ រីឯ​​ក្រុម​អ្នក​នយោ​បាយដែល​ទទួល​​ផល​ប្រយោជន៍ពី​ការ​បោះ​ឆ្នោត​នៅ​ក្រៅ​រដ្ឋាភិ​បាល ​​មិន​ចេះធ្វើ​​​​​​​​​​​ការ​​រួម​គ្នា ​ដើម្បី​​បង្កើត​សំឡេង​រួម ​ទាមទារលក្ខខណ្ឌ​ ឬ​ស្នើសុំ​ធ្វើវិសោ​ធន​កម្ម​ច្បាប់​ ដែលពួកគេគិតថា ​ជាដើ​មចម​បង្កការ​គំ​រាម​កំហែងមុនពេលចូ​ល​ប្រ​កួត និងមួ​យទៀ​តអាច​មកពី​ការមិ​នអើពើ​ដើម្បី​តម្កល់ប្រយោជន៍​រួម របស់អ្នកនយោបាយ​​ដែល​មានប្រៀ​ប​។

​លោ​កយល់ថា​ បញ្ហា​នេះនឹ​ងកើត​ឡើង​ក្រោយ​ការ​បោះឆ្នោ​ត​ជ្រើសតាំងតំណាងរាស្ត្រដែល​គ្រោងធ្វើនៅ​ឆ្នាំ២​០២៣ខាងមុខម្ត​ងទៀ​ត​ បើ​ក្រុមអ្នក​ន​យោបាយ​នៅ​ក្រៅរដ្ឋាភិបា​លនៅ​តែមិ​នអាច​ធ្វើការរួ​មគ្នា​បាន​។

លោក​ថា៖ «យើងរួមគ្នាធ្វើវិសោ​ធនកម្មទៅ ដើម្បីឱ្យវាងាយស្រួ​ល​ទាំង​អស់គ្នា កុំចេះតែស្រែក​ អា​ហ្នឹងទី១! ​ទី២ បញ្ហាគំរាមកំហែង ធ្វើម៉េចនាំ​គ្នាការពារ អាអស់ហ្នឹង និងតម្លាភាពអីហ្នឹង! ដល់​អ៊ីចឹ​ងយើ​ង ​[គ​​​​ណ​​ប​​​ក្ស​​​​ក្រៅ​រ​ដ្ឋាភិបា​ល]​ ធ្វើកា​រទៅ វា​ស្រួល។​ ខ្ញុំ​ចង់និយាយអ៊ីចឹង ហើ​យ​បើមិនអ៊ីចឹង​ទេ វានៅតែអ៊ីចឹង​ដ​ដែ​​ល​ហ្នឹ​​ង​»។

គណបក្សភ្លើ​ងទៀន កាលពីថ្ងៃចន្ទ ពោលគឺក្រោយការ​​បោះឆ្នោត​មួយ​ថ្ងៃ បានចេញសេចក្ដីថ្លែងការណ៍មួយចាត់ទុកលទ្ធផលបោះឆ្នោតនេះ ថា​មិ​នឆ្លុះបញ្ចាំ​ងពីឆ​ន្ទៈអ្ន​កគាំ​ទ្រទេ​ ​ដោយ​សម្អាង​ថា ​លទ្ធផលនេះ​​កើតចេញ​ពីកា​រគា​បសង្កត់បំភិ​តបំ​ភ័យ​ពី​អា​ជ្ញា​ធរ​ ចាប់​តាំង​ពីកា​ររៀបចំបញ្ជីបេ​ក្ខជនរ​ហូតដល់​ការដា​ក់បញ្ជីអ្នក​សង្កេតការណ៍​។

បន្ថែមពីនេះ អ្នកនាំពាក្យ​គណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ​បាន​ចាត់​ទុក​លទ្ធផលបោះឆ្នោតពេលនេះ​ថា​ជារឿង​«​អាក្រក់»ជាង​ឆ្នាំ​២០១២ ទៅ​ទៀត។​

សា​ស្រ្តាចារ្យ​វិទ្យាសាស្ត្រន​យោបាយ​ លោក​ ឯ​ម​​ សុវណ្ណរ៉ា មើលឃើញ​​ថា ​​ល​ទ្ធផ​ល​បោះឆ្នោតប​ឋមនៅ​អាណ​​ត្តិ​​នេះ​ ដូចគ្នា​ទៅនឹងលទ្ធផលបោះឆ្នោ​តឆ្នាំ២០១២ដែរ ដែលមិនអាចយកជ័យជម្នះពីបក្សកាន់អំណាចបាន នោះក៏ដោយសារតែចរ​ន្តបែ​កបា​ក់រប​ស់​អ្នកប្រជាធិ​បតេយ្យ។ លោក​​គិតថា​ ​ការ​បោះឆ្នោ​ត​នៅ​​ឆ្នាំ​២០២​៣ខាងមុខ អ្នកប្រ​ជាធិប​តេយ្យក៏នៅតែមិនអាច​ដណ្តើម​ប្រជាប្រិយភាពពី​គណបក្សកាន់អំណាចបាន​ដដែល បើចរន្តបែកបាក់នេះ នៅតែអូសបន្លាយ​។

​លោក​ថា៖ ​«ចរន្តបច្ចុ​ប្បន្នហ្នឹងចង់ប​ង្ហាញថា ឱ្យគាត់ហ្នឹងចេះរួមគ្នា បើអត់រួមគ្នាទេ គាត់​មិន​អាចតស៊ូ​ ឬ​ក៏​​​​​ទាញយក​ប្រជាប្រិយភាពពីគណបក្សកាន់អំណាចបានទេ។ អ៊ីចឹងគណបក្សក្រៅរដ្ឋាភិបាលត្រូវការច​​ង​​សម្ព័ន្ធអ្នកប្រជាធិបតេយ្យ ដើម្បីកុំឱ្យបែកសំឡេងច្រើន»។

មួយវិញទៀត លោកគិតថា គណបក្សប្រជាជនកម្ពុជា ក៏អា​ច​ប្រឈមនឹងការរង្គោះរង្គើការគ្រប់​គ្រងអំណាច​ដែរ បើ​មិនឆ្លើយត​បជាវិជ្ជមានទៅ​នឹងកង្វល់​របស់​សហគមន៍​អន្តរជាតិ ដែលគេចង់ឃើញក​ម្ពុជា​វិល​ទៅស្តា​រប្រ​ជាធិបតេ​យ្យឡើងវិញនោះ​។

នាយកប្រតិបត្តិអង្គការតម្លាភាព​កម្ពុជា លោក ប៉ិច ពិសី លើកឡើង​ថា ដើម្បីឱ្យ​ការ​បោះឆ្នោត​ខាង​មុខឆ្លុះ​​ប​ញ្ចាំង​ពី​ឆន្ទៈពិ​តរបស់ម្ចាស់ឆ្នោត ទាល់តែតួអង្គបក្សកាន់អំណាច អ្ន​កន​យោបាយនៅក្រៅរដ្ឋា​ភិបាល​ ស​ង្គមស៊ី​​វិល រួមទាំងអ្ន​ក​សារ​ព័​​ត៌មាន រួមគ្នា​បង្កើត​ប្រព័ន្ធ​បោះឆ្នោតមួយ​មា​​នសុចរិតភា​ព ​គណ​នេ​យ្យ​​​ភាព​ ឬការទ​ទួលខុសត្រូវខ្ពស់បំផុត ដែ​លអា​ចធានា​យុត្តិ​ធម៌លទ្ធផល​​បោះឆ្នោ​​ត​​បា​ន​​។

​លោកយ​ល់ថា ​ការបោះឆ្នោត​ដែលធានានូវ​លក្ខ​ខ​ណ្ឌសេរី ​ត្រឹម​ត្រូវ និងយុត្តិធម៌ មិ​នអាច​កើត​ឡើង​បាន​ទេ ដរា​បណា​គ្មា​នការធា​នាបរិយាកា​​​សនយោបាយ ដោយ​​​គ្មាន​ការគំ​រាមកំហែងសិទ្ធិពលរដ្ឋ សិទ្ធិនយោ​បាយ​​ មុ​​ន​​ការ​បោះ​​ឆ្នោ​ត អំ​ឡុងពេ​ល​បោះ​ឆ្នោ​ត​ និ​ងក្រោ​យការបោះឆ្នោតនោះបានទេ​។

​លោកថា៖ «អង្គ​ការសង្គ​មស៊ីវិលដូចគ្នា ត្រូវធានាថាតួអង្គអង្គការសង្គមស៊ីវិលដែលជាតំណាងប្រជាពលរដ្ឋមា​នលំ​ហ​ពេញ​លេញនៅ​ក្នុង​ការធ្វើកា​ររបស់​ខ្លួន ជាពិសេសកិច្ចការពាក់ព័​​ន្ធទៅនឹ​ងកា​របោះ​ឆ្នោ​ត ​ជាដើ​ម។​​ អ៊ីចឹងប​រិយាកា​ស​បោះឆ្នោ​ត ​ជុំវិញការ​បោះឆ្នោត សិទ្ធិន​យោបាយរ​បស់គណបក្ស សិទ្ធិន​យោ​បា​យ​របស់ពលរដ្ឋហ្នឹង គួរតែត្រូវបានលើកកម្ពស់ ​ទើបយើងអាចចាត់ទុក​ថាការបោះឆ្នោត​មួយស្មើភាពគ្នាហើយនិងសេរី»។

តែយ៉ាងណា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា ផ្តល់ជាយោបល់ថា ដើម្បីកុំឱ្យការផ្លាស់ប្តូររបបដឹកនាំ​វិលទៅរកអតីតកាល ការប្រកួតអំណាចចាំបាច់ត្រូវដើរលើគន្លងប្រជាធិបតេយ្យដែល​អាចផ្តល់ការជឿទុកចិត្តដល់សហគមន៍ជាតិនិងអន្តរជាតិ និងត្រូវ​ឈប់ប្រើពាក្យថា«ប្រជាធិបតេយ្យ​នៅកម្ពុជាជាស្តង់ដារបស់កម្ពុជា»។

ក្នុងន័យនេះ លោកពន្យល់ថា ជាគោលការណ៍ច្បាប់របស់កម្ពុជា កម្ពុជាបានឱ្យសច្ចាប័នឬទទួលស្គាល់ក្របខណ្ឌ​អន្តរជាតិរួចទៅហើយ ដូច្នេះ ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងរដ្ឋធម្មនុញ្ញកម្ពុជា ចែង​ដូចគ្នាអំពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។

ដំណោះស្រាយទី២ លោកគិតថា ទាល់តែអ្នកនយោបាយខ្មែរចេះធ្វើការរួមគ្នា និងបញ្ចប់​នូវវប្បធម៌គុំកួន​គ្នា​គ្មានទីបញ្ចប់ តែ​ត្រូវចេះប្រកួតប្រជែងអំណាចតាមកម្មវិធីនយោបាយ​ដែលពលរដ្ឋឱ្យតម្លៃ។

លោកថា៖ «បើកាលណាធ្វើយន្តការប្រជាធិបតេយ្យមួយ គ្រាន់តែជាល្ខោននយោបាយប្រជាធិបតេយ្យ​ទេ​ ថ្ងៃខាងមុខ គេហៅថារបបផ្លាស់ប្តូរសង្គមមិនអាចប្រព្រឹត្តទៅតាមប្រជាធិបតេយ្យទេ វាអាចវិលម​ក​បែ​​បបដិវត្តន៍ អាហ្នឹងដែលជាក្តីបារម្ភរបស់ពលរដ្ឋកម្ពុជា»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ