ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងកាពារជាតិ បានបញ្ជាក់ថា កម្ពុជាគ្រោងទិញអាវុធធុនធ្ងន់ទំនើបៗ ដើម្បីការពារពីការគំរាមកំហែងពីប្រទេសនានា និងពង្រឹងសមត្ថភាពយោធារបស់ខ្លួនបន្ថែមទៀត ប៉ុន្តែលោកថាមិនមានចេតនាប្រឆាំង ឬគំរាមកំហែងដល់ប្រទេសណាមួយឡើយ។
ក្នុងពិធីការបើកការដ្ឋានសាងសង់សំណងមួយចំនួននៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ បាញ់ បានបញ្ជាក់ថា កម្ពុជាមានការអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ មិនមែនត្រឹមតែការធ្វើទំនើបកម្មលើកម្រិតក្នុងមូលដ្ឋានសមុទ្ររាមប៉ុណ្ណោះទេ។ ប៉ុន្តែលោកថា កម្ពុជានឹងបន្តធ្វើឱ្យកងយោធពលខេមរភូមិន្ទមានសមត្ថភាពខ្ពស់ អាចធានាដល់ការការពារអធិបតេយ្យ បូរណភាពទឹកដីរបស់ខ្លួន។ លើសពីនេះ លោកថា កម្ពុជាថែមទាំងអាចបំពេញករណីយកិច្ចដទៃប្រកបដោយជោគជ័យ ដូចជា ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ការសង្គ្រោះពីគ្រោះមហន្តរាយ និងប្រតិបត្តិការរក្សាសន្តិភាព ជាដើម។
លោកបានថ្លែងថា៖ «កម្ពុជាបានទទួលជំនួយឥតសំណងពីប្រទេសជាមិត្ត ដូចជា សម្ភារសឹកធុនធ្ងន់និងទំនើប ហើយបច្ចុប្បន្ននេះកំពុងធ្វើការហ្វឹកហ្វឺនជំនាញ បញ្ហាបច្ចេកទេស និងប្រើប្រាស់។ នៅពេលអនាគត កម្ពុជានឹងបន្តទទួលជំនួយឥតសំណងពីប្រទេសជាមិត្ត នឹងទិញសម្ភារសឹកធុនធ្ងន់និងទំនើបៗនៃប្រទេសនានា សម្រាប់ពង្រឹងសមត្ថភាពយោធារបស់ខ្លួន ស្របតាមមាត្រា៥៣ ស្របតាមនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។
រដ្ឋមន្ត្រីក្រសួងការពារជាតិដដែលបន្តថា កម្ពុជាគ្មានចេតនាបង្កការគំរាមកំហែងដល់ប្រទេសណាមួយឡើយ ហើយកម្ពុជាក៏មិនដែលជំទាស់រាល់ការចូលរួមអភិវឌ្ឍសមត្ថភាពកងទ័ពរបស់ប្រទេសដទៃដែរ។ លោកបញ្ជាក់ថា កម្ពុជាគ្រាន់តែចង់លើកកម្រិតសមត្ថភាពការពារខ្លួនកាន់តែប្រសើរឡើងថែមទៀត ដើម្បីធានាទប់ទល់នឹងសម្ពាធនិងឥទ្ធិពលនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលកំពុងកើតមានក្នុងពេលបច្ចុប្បន្ន ដោយធានាដំណើរការទៅមុខនៃសន្តិភាព សន្តិសុខ និងមានលទ្ធភាពចូលរួមកសាងសន្តិភាពក្នុងតំបន់និងសកលលោក។
លោក ទៀ បាញ់ បន្ថែមថា ជាមួយគ្នានេះដែរ កម្ពុជាគ្មានគោលនយោបាយជ្រើសរើសប្រទេសមួយដើម្បីប្រឆាំងនឹងប្រទេសមួយណាឡើយ។ សម្រាប់ការអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ លោកថា កម្ពុជានៅតែបើកចំហចំពោះការជួយឧបត្ថម្ភគាំទ្រពីសំណាក់បណ្តាប្រទេសជាមិត្តនានា ដោយគោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងមិនប្រកាន់និន្នាការឬការរើសអើងឡើយ៕