ពលរដ្ឋ​មួយចំនួន​នៅ​ស្រុកឯកភ្នំ​បង្ខំ​ចិត្ត​ឱ្យ​កូន​ចំណាកស្រុក​ទាំង​កំពុង​សិក្សា​ព្រោះ​ជីវភាព​ខ្វះខាត

អ្នក សៀង ច្រឹប កំពុងតែអង្គុយនៅក្រោមផ្ទះអ្នកជិតខាង នៅក្នុងភូមិបាក់រទេះ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ (សុខ ចន្ត្រាវុធ)

ប្រជាពលរដ្ឋមួយចំនួននៅភូមិបាក់រទេះ ខេត្ត​បាត់ដំបង បានសម្រេចឱ្យកូនចំណាកស្រុកមកធ្វើការនៅរាជធានីភ្នំពេញ ​និងប្រទេសថៃ ទាំង​ដែលពួកគេ​កំពុងសិក្សារៀនសូត្រ ដើម្បីរកចំណូលមកផ្គត់ផ្គង់គ្រួសារ ដោយសារតែពួកគេមិនអាចប្រកបរបរនេសាទត្រីបានដូចមុន។

ពលរដ្ឋទាំងនោះដែលរស់នៅភូមិបាក់រទេះ ស្រុកឯកភ្នំ ភាគច្រើនប្រកបមុខរបរនេសាទ និងធ្វើស្រែចម្ការ ដើម្បីបានថវិកាខ្លះផ្គត់ផ្គងជីវភាព។ ប៉ុន្តែអស់រយៈពេលជាង៤ឆ្នាំមកនេះ ទិន្នផលនេសាទត្រីនៅទន្លេសាបមានការធ្លាក់ចុះខ្លាំង មិនអាចរកត្រីមកលក់បានដូចមុន​ ជាហេតុបណ្ដាលឱ្យពួកគេកាន់តែជួបផលលំបាកក្នុងគ្រួសារ។

កំពុងអង្គុយមើលចៅប្រុស​ខាងមុខផ្ទះរបស់ខ្លួនជាមួយនឹងប្រពន្ធ​ ពលរដ្ឋម្នាក់ដែលរស់នៅភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ លោក ជុំ លួង បានឱ្យដឹងថា ប្រជាពលរដ្ឋសឹង៧០ភាគរយប្រកបមុខរបរជាអ្នកនេសាទ​លើបឹងទន្លេសាប។ លោកបន្តថា កាលពី៥ឆ្នាំមុន ពួកគាត់អាចរកចំណូលពីការនេសាទ​យកមកផ្គត់ផ្គង់ជីវភាព ប៉ុន្តែក្រោយមកនេះ ទិន្នផលត្រីកាន់តែធ្លាក់ចុះ សឹងតែរកមកបរិភោគមួយពេលៗ​មិនបានផង។  ​

លោក​អះអាងថា ក្រោយទិន្នផលត្រីធ្លាក់ចុះ​ ពលរដ្ឋមួយចំនួនចាប់ផ្ដើមងាកមកប្រកបរបរធ្វើស្រែចម្ការ ដូចជា ធ្វើស្រូវប្រាំង និងដាំបន្លែងផ្សេងៗ គ្រាន់អាចរកចំណូលបានខ្លះ បន្ទាប់ពីការនេសាទមិនសូវបាន។ លោកបន្តថា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានប្រកាសដកហូតដីទន្លេវិញ បណ្ដាលឱ្យពួកគេជួបការលំបាកកាន់តែខ្លាំង ព្រោះមិនដឹងប្រកបមុខរបរអ្វីទៀត។ តែយ៉ាងណា ពលរដ្ឋ​រូបនេះសាទរចំពោះវិធានការ​មួយនេះ ដើម្បីស្ដារពូជត្រីឡើងវិញ។

លោក ជុំ លួង បានឱ្យដឹងថា ក្រោយពេលមិនមានអាជីពអ្វីផ្សេងទៀត កូនចៅបានសម្រេចចិត្តឈប់ពីការរៀនសូត្រទាំងវ័យក្មេង ដើម្បីទៅធ្វើការនៅភ្នំពេញ។ លោកបន្តថា អ្វីជាក្ដីបារម្ភនោះ គឺក្មេងៗរស់នៅក្នុងភូមិភាគច្រើនមានវ័យ១៣-១៤ឆ្នាំ កំពុងតែរៀនថ្នាក់ទី៦ ឬទី៧ ចាប់ផ្ដើមធ្វើចំណាកស្រុកទៅរាជធានីភ្នំពេញ និងប្រទេសថៃ ជាបន្តបន្ទាប់ ក្នុងនោះក៏មានចៅរបស់លោកបីនាក់ផងដែរ ក្រោយពីគ្រួសារជួបការលំបាកគ្មានចំណូល។

លោកមើលឃើញថា ការធ្វើចំណាកស្រុកមានការកើនឡើងអំឡុងពេល២ខែចុងក្រោយនេះ ហើយអ្នកខ្លះបន្តទៅទាំងគ្រួសារក៏មាន។

លោក ជុំ លួង កំពុងតែអង្គុយនៅក្បែរផ្លះរបស់ខ្លួន នៅភូមិបាក់រទេះ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
លោក ជុំ លួង កំពុងតែអង្គុយនៅក្បែរផ្លះរបស់ខ្លួន នៅភូមិបាក់រទេះ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ (សុខ ចន្ត្រាវុធ)

លោកមានប្រសាសន៍ថា៖ «បារម្ភពីអនាគត [កូន/ចៅ] ហ្នឹងឯង! បារម្ភខ្លាចវាមិនចេះ [គ្មានចំណេះដឹង] ចង់ឱ្យកូនចេះដឹងដែរ ប៉ុន្តែកាលៈទេសៈនេះ អស់ដីអស់ធ្លី ហើយនេសាទត្រីមិនបានហើយ។ [ដូច្នេះ] ត្រូវបញ្ជូនកូនហ្នឹងឯងដើម្បីទៅរក ដើម្បីចិញ្ចឹមពុកម្ដាយវិញ ព្រោះពុកម្ដាយអត់ដែរ»។

លោកបន្តថា បើសិនជាបញ្ហានេសាទត្រីនៅតែបន្តធ្លាក់ចុះបែបនេះ ពលរដ្ឋអាចបន្តចំណាកស្រុកកាន់តែច្រើនបន្ថែមទៀត។ លោកស្នើឱ្យរដ្ឋាភិបាល គួរតែបង្កើតការងារ​នៅក្នុងខេត្តឱ្យបានច្រើន ដើម្បីជួយសម្រួលដល់ជីវភាពពលរដ្ឋ និងកាត់បន្ថយបញ្ហាចំណាកស្រុក។  ​

ពលរដ្ឋម្នាក់ទៀត អ្នកស្រី សួន សោភណ្ឌ នៅភូមិបាក់រទេះ ​​បានឱ្យដឹងថា អ្នកស្រីបានសម្រេចឱ្យកូន២នាក់ឈប់រៀននៅថ្នាក់ទី៦ ដើម្បីឱ្យទៅធ្វើការរោងចក្រនៅរាជធានីភ្នំពេញ ក្រោយពេល​គ្រួសាមិនមានលទ្ធភាពឱ្យពួកគេបន្តការសិក្សា។

អ្នកស្រីបន្តថា នៅភូមិបាក់រទេះនេះ មិនសូវមានអ្នករៀនបានខ្ពង់ខ្ពស់នោះទេ ដោយសារតែសាលានៅឆ្ងាយ ហើយផ្លូវក៏ពិបាក ដែលត្រូវចំណាយច្រើន ហើយអ្នកស្រីក៏មិនមានលទ្ធភាពទិញកង់និងម៉ូតូឱ្យកូនជិះទៅរៀន។ ដូច្នេះក៏សម្រេចឱ្យពួកគេឈប់រៀន ដើម្បីទៅធ្វើការនៅឆ្ងាយផ្ទះតែម្តង។

អ្នកស្រី សួន សោភណ្ឌ ឈរធ្វើម្ហូបពេលល្ងាចនៅក្រោមផ្ទះរបស់ខ្លួន នៅភូមិបាក់រទេះ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
អ្នកស្រី សួន សោភណ្ឌ ឈរធ្វើម្ហូបពេលល្ងាចនៅក្រោមផ្ទះរបស់ខ្លួន នៅភូមិបាក់រទេះ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ (សុខ ចន្ត្រាវុធ)

អ្នកស្រីមានប្រសាសន៍ថា៖ «ខ្ញុំក៏បារម្ភពីអនាគតកូនដែរ ប៉ុន្តែមិនដឹងធ្វើម៉េច បើជីវភាពខ្វះខាត។ […] កូនក៏រីករាយនឹងទៅដែរ [ចំណាកស្រុកទៅធ្វើការ] ដោយសារតែឃើញឪពុកម្ដាយខ្វះខាត។ មានអារម្មណ៍អាណិតកូនតើ! ឃើញគេរៀនបានខ្ពស់ ស្រណុកៗ​ អ៊ីចឹងអាណិតកូន ប៉ុន្តែយើងអត់ដឹងធ្វើម៉េច»។

តែយ៉ាងណា អ្នក​ស្រីសង្ឃឹមថា ក្រោយពីរដ្ឋាភិបាលបានដកហូតដីពីពលរដ្ឋ និងបង្រ្កាបបទល្មើសនេសាទទ្រង់ទ្រាយធំរួចមក ​ស្ថានភាពត្រីនឹងកើនឡើងវិញ ហើយអាចរកចំណូលដើម្បីផ្គត់ផ្គង់ជីវភាពកាន់តែប្រសើរ។

អ្នកស្រីថា ដីអ្នកស្រីនៅក្នុងតំបន់បី គឺចំណុចដែលអាជ្ញាធរបានដកហូត ដែលកន្លងមកធ្លាប់ធ្វើស្រូវប្រាំង និងដាំសណ្ដែក ប៉ុន្តែយ៉ាងណា អ្នកស្រីមិនមានការអាក់អន់ចិត្តអ្វីនោះទេ នេះជាវិធានការរបស់រដ្ឋដើម្បីស្ដារឡើងវិញនូវពូជត្រី។

ចំណែកមេភូមិបាក់រទេះ ដែលព្យាយាម​មិនចង់ផ្ដល់ព័ត៌មានដល់អ្នកសារព័ត៌មាន ហើយថែមទាំងមិនប្រាប់ឈ្មោះដែរនោះ ​បានឱ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងភូមិបាក់រទេះ សរុបមានចំនួន២៧៩គ្រួសារ។ លោកបន្តថា មិនមានពលរដ្ឋចំណាកស្រុកនោះទេនៅក្នុងភូមិរបស់លោកនាពេលបច្ចុប្បន្ន ប៉ុន្តែការចំណាកស្រុកដែលមាននោះ គឺជាការចំណាកស្រុកពីមុនតែប៉ុណ្ណោះ។ ​

លោកក៏បានឱ្យដឹងថា៖ «ចំណាកស្រុកនេះទៅតាំងពីមុនរដ្ឋដកដីម្ល៉េះ»។

មេភូមិបាក់រទេះដដែល មិន​បកស្រាយទេជុំវិញសំណួរ ថាតើលោកនឹងមានដំណោះស្រាយបែបណាចំពោះការបោះបង់ការសិក្សាទាំងវ័យក្មេងរបស់ពលរដ្ឋ ហើយ​ចំណាកស្រុកនេះ។

​​កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ លោ​​​​ក​​នា​យក​រ​ដ្ឋម​ន្ត្រី ហ៊ុ​ន សែន ​​បានចេញអនុក្រឹត្យពីរដាច់ដោយឡែកពីគ្នា ដោយសម្រេច​​​កា​​​​ត់​​ដីអ​ភិរ​ក្សតំបន់បឹងទន្លេសាប​​ជាង៦ ០០០​ហិកតា ឬស្មើជាង២ ០០០ក្បាលដី ពីតំបន់​៣បញ្ចូលទៅតំបន់២ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និង​បន្ទាយមានជ័យ ឱ្យព​ល​រដ្ឋបាន​​​អា​ស្រ័យ​ផល​​ឡើងវិ​​ញ ​ប៉ុន្តែក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នៅមិនទាន់មានការសម្រេចបែបនេះនៅឡើយទេ។​

ទោះបីជាយ៉ាងនេះក្តី ពលរដ្ឋម្នាក់ទៀតនិយាយទាំងទឹកភ្នែកហូរ ហើយអួលដើមកផង គឺអ្នកស្រី សៀង ច្រឹប រស់នៅភូមិបាក់រទេះ បានលើកឡើងថា បច្ចុប្បន្ននេះមានចៅ៣នាក់នៅក្នុងបន្ទុក ក្រោយពីម្ដាយរបស់ពួកគេបាន​ចំណាកស្រុក​។

អ្នកស្រីស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ​ជួយដល់ប្រជាពលរដ្ឋ ជាពិសេសកុមារឱ្យទទួលបានការអប់រំគ្រប់គ្រាន់ ខណៈដែលអាណាព្យាបាលពួកគេកំពុងតែជួបការខ្វះខាត។ អ្នកស្រីសង្ឃឹមថា មុខរបរនេសាទរបស់ពួកគាត់នឹងមានភាពប្រសើរដូចពេលមុនវិញ ហើយក្មេងៗអាចនឹងមានលទ្ធភាពបន្តការសិក្សា ដោយមិនចាំបាច់ត្រូវ​​ចំណាកស្រុកទៀតនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ