អភិបាលក្រុង Sievierodonetsk៖ ការ​ជម្លៀស​ជនស៊ីវិល​ចេញ​ពី​តំបន់​គឺ​មិន​អាច​ធ្វើ​ឡើង​បាន​ឡើយ

ទិដ្ឋភាព​អគារ​លំនៅឋាន​ដែល​រង​ការ​ខូចខាត​ដោយ​ការ​វាយ​ប្រហារ​យោធា ខណៈ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​បន្ត​ នៅ​ក្នុង​ក្រុង Sievierodonetsk តំបន់ Luhansk ប្រទេស​អ៊ុយក្រែន ថ្ងៃទី១៦ ខែ​មេសា ឆ្នាំ២០២២។ (REUTERS/Serhii Nuzhnenko)

អភិបាលក្រុង Sievierodonetsk លោក Oleksandr Stryuk បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងអ៊ុយក្រែនទាំងឡាយនៅតែបន្តស្ថិតនៅក្នុងតំបន់នានានៃទីក្រុងមួយនេះ ខណៈស្ថានការណ៍បច្ចុប្បន្នមានភាពពិបាក។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ប្រភពដដែលបន្ត​ថា កងកម្លាំង​ការពារនានា​កំពុង​តែបន្តស្នាក់នៅក្នុងទីក្រុង​ បើ​ទោះ​បីជា​មាន​ការ​បាញ់ប្រហារដោយ​កាំភ្លើង​ធំ​ពីសំណាក់ភាគី​រុស្ស៊ី​យ៉ាង​ណាក្ដី។

ទោះជាយ៉ាងណា លោក Oleksandr Stryuk បន្ថែមថា ប្រជាពលរដ្ឋក្នុងតំបន់ គឺមិនអាចជម្លៀស​​ចេញ​ទៅ​កាន់​ទីតាំងសុវត្ថិភាពណាផ្សេងឡើយ ខណៈជនស៊ីវិលប្រមាណជា១ម៉ឺនាក់កំពុងតែស្ថិតក្នុងទីក្រុងមួយនេះ ដែលបច្ចុប្បន្នគឺជាគោលដៅសំខាន់នៃការវាយលុករបស់ពួកទាហានរុស្ស៊ី។

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) នៅដើមសប្ដាហ៍នេះ ធ្លាប់បានអះអាងថា កងទ័ពរបស់លោក គឺនឹងមិនបោះបង់ជំហរយោធាក្នុងការវាយដណ្ដើមទីក្រុង Sievierodonetsk យកមកគ្រប់គ្រងវិញឡើយ ខណៈតំបន់នេះ​ បច្ចុប្បន្នកំពុងតែមានការប្រយុទ្ធគ្នាខ្លាំង។

ការបាញ់គ្រាប់ផ្លោងរបស់រុស្ស៊ីកាលពីពេលថ្មីៗនេះ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងអស់ក្នុង​ទីក្រុង Sievierodonetsk ខណៈលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថា ការវាយដណ្តើមយកទីក្រុងក្នុងតំបន់ភាគខាងកើតអ៊ុយក្រែនមួយនេះ បច្ចុប្បន្នគឺជាគោលដៅដ៏សំខាន់មួយរបស់រុស្ស៊ី។

ទាក់ទិននឹងករណីនេះ ប្រធានាធិបតីអ៊ុយក្រែន ក៏បានចោទប្រកាន់កងកម្លាំងរុស្ស៊ីពីការប៉ុនប៉ងសម្លាប់ជនជាតិអ៊ុយក្រែន ធ្វើឱ្យខូចខាតកាន់តែ​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន និងចាត់​ទុក​សកម្មភាពរបស់រុស្ស៊ីនេះថាជាការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ