លោក វ៉ូឡូឌីមៀ៖ មនុស្ស​រាប់លាននាក់​ប្រឈម​នឹង​ភាព​អត់ឃ្លាន​ដោយសារ​ការ​បិទ​កំពង់ផែ​អ៊ុយក្រែន

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថ្លែងពាក់ព័ន្ធនឹងការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន។ (ហ្វេសប៊ុក៖ Володимир Зеленський)

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សរាប់លាននាក់អាចនឹងធ្លាក់ចូលទៅក្នុងភាពអត់ឃ្លាន ដោយសារតែការបិទកំពង់ផែសមុទ្រខ្មៅ​របស់អ៊ុយក្រែនដោយរុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានស្រង់​សេចក្តីថ្លែងការណ៍មួយរបស់​​លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មក​ចុះផ្សាយ​ថា ពិភព​លោក​បច្ចុប្បន្ន គឺកាន់តែកៀកចូលទៅកាន់វិបត្តិស្បៀងអាហារ​ដ៏គួរឱ្យភ័យខ្លាចមួយ​ហើយ ខណៈអ៊ុយក្រែនមិនអាចនាំចេញស្រូវសាលី ពោត ប្រេង និងផលិតផលផ្សេងទៀតក្នុងបរិមាណដ៏ធំទៅកាន់ទីផ្សារពិភពលោក។

លោកបន្ថែមថា៖ «វាមានន័យថា ការខ្វះខាតនៃផលិតផលប្រើប្រាស់ចាំបាច់នានា អាចនឹងកើតមានឡើងនៅក្នុងប្រទេសជាច្រើននៅជុំវិញពិភពលោក ខណៈមនុស្សរាប់លាននាក់អាចនឹងជួបប្រទះភាពអត់ឃ្លាន ប្រសិនបើរុស្ស៊ីនៅតែបន្តបិទកំពង់ផែសមុទ្រខ្មៅ»។

អ៊ុយក្រែន កាលពីពេលកន្លងទៅ ធ្លាប់នាំចេញគ្រាប់ធញ្ញជាតិរហូតដល់៦លានតោនក្នុងមួយខែ មុនពេល​ដែល​រុស្ស៊ី​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំទៅ​លើប្រទេសមួយនេះកាលពីខែកុម្ភៈ ខណៈបរិមាណនេះបានធ្លាក់ចុះមកនៅត្រឹមប្រមាណជា១លានតោនប៉ុណ្ណោះនាពេលបច្ចុប្បន្ន។

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គិតរហូតមកដល់ពេលនេះ បានឈានចូលមកដល់សប្តាហ៍ទី១៥​ហើយ ដែលបានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់បាត់បង់ជីវិត តំបន់ទីក្រុងជាច្រើនប្រែក្លាយ​ទៅជាគំនរបាក់បែក និងបង្កឱ្យមានជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកើតឡើង ខណៈមនុស្សរាប់លាននាក់ ក៏បានភៀសខ្លួនចេញពីប្រទេសផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ