លោក ស ខេង បែងចែក​ស្រាបៀរ​ជាង​១ម៉ឺន​កេស​ដល់​សមាជិកបក្ស​ខេត្តព្រៃវែង

លោក ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង ចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំមួយចំនួនក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ថ្ងៃទី២៥ ខែសភា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ស ខេង)

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង បានសម្រេចបែងចែកស្រាបៀរកម្ពុជា (Cambodia Beer) សរុបចំនួន១២ ០០០កេស ជូនដល់សមាជិកគណបក្សប្រជាជនកម្ពុជាក្នុងខេត្តព្រៃវែង ដែលធ្វើឡើងបន្ទាប់ពីលទ្ធផលបោះឆ្នោត​ឃុំ​-សង្កាត់នៅខេត្តនេះ គណបក្សកាន់អំណាច​ទទួលបានជោគជ័យ។

យោងតាមលិខិតមួយដែលអ្នកសារព័ត៌មានទទួលបាន បានឱ្យដឹងថា លោក ស ខេង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និង​ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែងផងដែរនោះ បានប្រកាស​ផ្តល់ស្រាបៀរចំនួន១ម៉ឺនកេស ជូនដល់គណៈកម្មាធិការគណបក្ស ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិនានាទូទាំងខេត្តព្រៃវែង។

ទាក់ទិន​ករណីនេះ លោក ស្បោង សារ៉ាត់ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានថ្លែងឱ្យដឹងថា ក្រុមការងារបានទទួលស្រាបៀរកម្ពុជាចំនួន១២ ០០០កេស ដែលជាអំណោយរបស់លោក ស ខេង រួចរាល់ហើយ។

ប្រភពដដែលបន្តថា ស្រាបៀរបានដឹកមកដល់នៅព្រឹកថ្ងៃពុធម្សិលមិញ។

លោកថា៖ «យើងបានបែងចែកដាក់ [ស្រាបៀរ] នៅពីរទីតាំងខុសគ្នា ខណៈទីតាំងមួយ​សម្រាប់​ស្រុក​ចំនួនប្រាំមួយ​មកដឹកយកទៅប្រើប្រាស់ និង​ទីតាំង​មួយ​ទៀត​គឺ​សម្រាប់​ស្រុក​ដែលនៅសល់ចំនួន​ប្រាំពីរផ្សេងទៀតមកយក។ ​​ផ្លូវមានទំហំ​តូច ហើយឡាន [ដឹកជញ្ជូនស្រាបៀរ] ​របស់​យើង​ធំ។​ ដូច្នេះហើយ​វាមានការ​ពិបាក​ក្នុង​ការ​ដឹក​ជញ្ជូន»។

លោក ស្បោង សារ៉ាត់ បានបញ្ជាក់ឱ្យដឹងទៀតថា អាជ្ញាធរ​នឹងបែង​ចែក​ស្រាបៀរ​ដល់​សមាជិក​គណបក្ស​​នៅទូទាំង​ស្រុកនិង​ឃុំទាំងអស់។

លោកបន្ថែមថា៖ «ពួកគេកំពុងតែរង់ចាំទទួលអំណោយនេះ ដែលផ្ដល់ដោយថ្នាក់ដឹកនាំដល់សមាជិកគណបក្សដែលបានខិតខំប្រឹងប្រែងបំពេញការងារ។ បើទោះបីជាវាចំនួនតិចតួចក្ដី ប៉ុន្តែពួកគេសប្បាយចិត្តនឹងទទួលយក ហើយពួកគេអាចប្រើប្រាស់សម្រាប់ការជួបជុំគ្នានៅតាមមូលដ្ឋានរបស់ពួកគេរៀងៗខ្លួន»។

ជាមួយគ្នានេះ លោកបានឱ្យដឹងទៀតថា លោក ស ខេង ក៏​បាន​បែងចែកអំណោយជាស្រាបៀរដូចគ្នានេះចំនួន១២ ០០០កេសទៀត​ដល់​ក្រុម​ការងារ​គណបក្ស​ប្រជាជន​ខេត្ត​បាត់ដំបងផងដែរ។

ទោះជាយ៉ាងណា អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានបដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទាក់ទិននឹងករណីនេះ ដោយលោកថ្លែងយ៉ាងខ្លីថា៖ «ព័ត៌មានហ្នឹង​មិន​អាច​ផ្ដល់​ឱ្យវីអូឌីបានទេ»។

គួរបញ្ជាក់ថា យោងតាមលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ សម្រាប់ខេត្តព្រៃវែង គណបក្សប្រជាជនកម្ពុជានាំមុខដាច់លើគណបក្សផ្សេងទាំងអស់ ដោយសំឡេងចំនួន ៧១% ខណៈនៅទូទាំងខេត្តបាត់ដំបង ក៏នាំមុខក្នុងចំនួន ៧៦% ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ