គណបក្ស​កម្ពុជា​និយម អំពាវនាវ​ឱ្យ​មាន​ការ​រួបរួម​របស់​ថ្នាក់ដឹកនាំ​ប្រជាធិបតេយ្យ

លោក យ៉ែ​​ម បុញ្ញឫទ្ធិ ស្ថាបនិកគណបក្សកម្ពុជានិយម។

គណបក្សកម្ពុជានិយម ប្រកាសឱ្យថ្នាក់ដឹកនាំអ្នកប្រជាធិបតេយ្យរួបរួមគ្នាជាធ្លុងមួយ ដើម្បីកសាងសង្គមប្រជាធិបតេយ្យនៅកម្ពុជា។

សេចក្ដីថ្លែងការណ៍របស់គណបក្សកម្ពុជានិយម ចុះថ្ងៃទី១០ ខែមិថុនា បានលើកឡើងថា គណបក្សនេះពិតជាមានសោកស្ដាយយ៉ាងខ្លាំង ចំពោះអ្នកប្រជាធិបតេយ្យដែលបែកបាក់គ្នា​ លាបពណ៌ ញុះញង់គ្នា ខណៈដែលមានគោលដៅតែមួយ ដោយគ្រាន់តែមានទស្សនៈ យោបល់ និងវិធីសាស្រ្ដផ្សេងៗពីគ្នា។

គណបក្សកម្ពុជានិយម បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការបកស្រាយវែកញែករបស់ថ្នាក់ដឹកនាំអ្នកប្រជាធិបតេយ្យដែលយកត្រូវរៀងៗខ្លួន បានធ្វើឱ្យបាត់បង់នូវស្មារតីដើម ក្នុងការរួបរួមអ្នកប្រជាធិបតេយ្យ អ្នកជាតិនិយមពិតប្រាកដ»។

នៅក្នុងសេចក្ដីថ្លែងការណ៍គណបក្សកម្ពុជានិយម មិនបានបញ្ជាក់ចំឈ្មោះថ្នាក់ដឹកនាំប្រជាធិបតេយ្យរូបណាដែលបក្សមួយនេះចង់ឃើញឱ្យមានការរួបរួមនោះទេ ប៉ុន្តែសេចក្តីថ្លែងការណ៍នេះចេញមកស្របពេលដែលគេសង្កេតឃើញថា អ្នកនយោបាយរបស់គណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ និយាយរិះគន់វាយប្រហារគ្នាជាបន្តបន្ទាប់។

គណបក្សកម្ពុជានិយម ដែលមានលោក យ៉ែម បុញ្ញឫទ្ធិ ជាប្រធាន យល់ឃើញថា ការបង្កជាជម្លោះទាស់ទែងគ្នាមិនចេះចប់នេះ ជាការបំបាក់និងសម្លាប់ស្មារតីអ្នកប្រជាធិបតេយ្យនៅកម្ពុជា។

ជាមួយគ្នានេះដែរ​ គណបក្សនេះអំពាវនាវទៅដល់ថ្នាក់ដឹកនាំអ្នកប្រជាធិបតេយ្យសេរី អ្នកជាតិនិយមពិតប្រាកដ រក្សាភាពអត់ធ្មត់ រួបរួមគ្នាជាធ្លុងមួយ ដើម្បីកសាងប្រជាធិបតេយ្យនៅកម្ពុជា ស្របតាមគោលការណ៍និយម មិនបុគ្គលនិយម ជាពិសេសស្របតាមរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា និងកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ