ក្រសួងកសិកម្ម​ណែនាំ​មន្ត្រី​ថ្នាក់ក្រោម​ជួយ​កសិករ​ផលិតស្រូវ​ក្រោយ​រង​ការខូចខាត​ដោយ​បញ្ហា​ទឹកជំនន់

ដំណាំស្រូវរបស់ពលរដ្ឋនៅឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល រងការជន់លិចដោយជំនន់ទឹកភ្លៀង ឆ្នាំ២០២២។ (ពលរដ្ឋមូលដ្ឋាន)

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់មន្ត្រីថ្នាក់ក្រោមឱ្យជួយដល់កសិករផលិតស្រូវ ក្រោយរងការខូចខាត និងការបង្កបង្កើនផលមានភាពយឺតយ៉ាវ ដោយសារបញ្ហាទឹកជំនន់។

ក្នុងសេចក្ដីណែនាំចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ក្រសួងកសិកម្មបានឱ្យដឹងថា ក្នុងរដូវវស្សាឆ្នាំ២០២២ ទឹកភ្លៀងបានធ្លាក់មកលឿន និងមានបរិមាណច្រើនជាងបណ្ដាឆ្នាំមុនៗ ដោយធ្វើឱ្យប៉ះពាល់ដល់ការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សា ជាពិសេសនៅតំបន់ទំនាបកណ្តាល ដែលប្រជាកសិករបានព្រោះស្រូវ បានរងផលប៉ះពាល់ និងខូចខាតដោយសារជំនន់ទឹកភ្លៀង។

ក្រសួងកសិកម្មបន្តថា បញ្ហាជំនន់ទឹកភ្លៀងនេះក៏បង្កផលប៉ះពាល់ដល់ល្បឿននៃការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាផងដែរ។ ក្រសួងបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ ការអនុវត្តការងារបង្កបង្កើនផលស្រូវរដូវវស្សាបានប្រមាណជាង៧៦ម៉ឺន (៧៦២ ៥៤២) ហិកតា ស្មើនឹងជាង ២៩% (២៩,១១) នៃផែនការជាង២លាន៦សែន (២ ៦១៩ ៥០០) ហិកតា បើធៀបឆ្នាំ២០២១ គឺតិចជាងប្រមាណ៦សែន៥ម៉ឺនហិកតា។

ក្រសួងកសិកម្មលើកឡើងថា បញ្ហានេះអាចធ្វើឱ្យប៉ះពាល់ដល់ផែនការផលិតកម្មប្រចាំឆ្នាំ និងអាចប៉ះពាល់ដល់សន្តិសុខស្បៀង រួមទាំងគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការជំរុញផលិតកម្មដំណាំស្រូវ និងការនាំចេញអង្ករផងដែរ។

បើតាមក្រសួងកសិកម្ម បច្ចុប្បន្នមានខេត្តចំនួន៣កំពុងអនុវត្តការបង្កបង្កើនផលដំណាំស្រូវរដូវវស្សាយឺតជាងគេ គឺមានខេត្តកំពង់ធំ ខេត្តតាកែវ និងខេត្តសៀមរាប ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានណែនាំដល់អគ្គនាយកកសិកម្ម មន្ទីរកសិកម្ម ត្រូវសហការជាមួយមន្ត្រីជំនាញជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះវាយតម្លៃការខូចខាតស្រូវដោយសារជំនន់ទឹកភ្លៀងឱ្យបានរួសរាន់ និងលើកសំណើទៅក្រសួងសេដ្ឋកិច្ច ដើម្បីសុំគ្រាប់ពូជស្រូវសម្រាប់ស្តារឡើងវិញឱ្យបានទាន់ពេលវេលា។

លោក វេង សាខុន ក៏ណែនាំដល់មន្ត្រីក្រោមឱវាទឱ្យជំរុញការដាំដុះនៅតាមតំបន់របស់ខ្លួនដែលមានការដាំដុះយឺតយ៉ាវ និងផ្សព្វផ្សាយបច្ចេកទេសដាំដុះសមស្របដល់កសិករ រួមទាំងត្រៀមគ្រឿងយន្តកសិកម្មដើម្បីជួយអន្តរាគមន៍ភ្ជួររាស់ និងរំដោះទឹកចេញពីស្រែជូនប្រជាកសិករដែលទទួលរងផលប៉ះពាល់ និងខូចខាតស្រូវដោយសារទឹកជំនន់ ជាពិសេសគ្រួសារក្រីក្រខ្វះលទ្ធភាព។

សេចក្តីណែនាំបន្តថា៖ «អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីខេត្ត អង្គភាពជំនាញទាំងអស់ សហការជាមួយមន្ទីរជំនាញជុំវិញរាជធានីខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដោយប្រើប្រាស់កម្លាំងសរុប និងធនធានសរុប ដើម្បីជំរុញការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាឱ្យទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក»

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ លោក ញិប ស្រ៊ន មានប្រសាសន៍ថា ក្រោយទទួលបានសេចក្តីណែនាំពីក្រសួង លោក នឹងជួបប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធនៅខេត្តតាកែវ ដើម្បីដោះស្រាយ និងអនុវត្តបទបញ្ជារបស់ក្រសួងកសិកម្ម។

ប្រធានមន្ទីរកសិកម្មរូបនេះ ឱ្យដឹងថា បញ្ហាដែលធ្វើឱ្យការអនុវត្តការបង្កបង្កើនផលដំណាំស្រូវរដូវវស្សាមានភាពយឺតយ៉ាវនៅក្នុងខេត្តតាកែវ គឺការជន់លិចដោយសារជំនន់ទឹកភ្លៀង។

លោកបន្ថែមថា៖ «ដោយសារកាលពីប៉ុន្មានសប្តាហ៍មុននេះ គឺមានភ្លៀងធ្លាក់ជាប់ៗគ្នា វាជន់លិចស្រែប្រជាជន។ ដល់អ៊ីចឹងហើយទាល់តែគាត់បើកឬរំដោះទឹកហ្នឹងចេញវិញអស់ ទើបគាត់អាចដាក់គោយន្ត ឬត្រាក់ទ័រ ដើម្បីធ្វើការភ្ជួររាស់និងព្រោះបាន។ អ្វីដែលជួយសំខាន់ គឺយើងដើរបើកទឹកឱ្យវាស្រកលឿន។ ឥលូវនេះ វាស្រកជាបន្តបន្ទាប់ហើយ កសិករកន្លែងណាដែលបានស្រកអស់ហើយ គឺគាត់បានបញ្ចុះគោយន្តនិងត្រាក់ទ័រ ដើម្បីភ្ជួររាស់ហើយ»

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោក ទា គឹមសុទ្ធ មានប្រសាសន៍ថា កសិករនៅខេត្តសៀមរាបបង្កបង្កើនផលស្រូវរដូវវស្សា ដោយព្រោះ និងពឹងផ្អែកលើអាកាសធាតុដែរ។ លោកថា ក្នុងខែឧសភា ឆ្នាំ២០២២នេះ ភ្លៀងបានធ្លាក់មកច្រើនបានធ្វើឱ្យប្រជាកសិករមិនអាចបង្កបង្កើនផលកើត និងបញ្ហាមួយទៀតនោះ ជី និងប្រេងសាំង ឡើងថ្លៃខ្លាំង។

ប្រធានមន្ទីរកសិកម្មបន្តថា នៅខេត្តសៀមរាបមានការពិបាកបន្តិចក្នុងការជួយរំដោះទឹកចេញពីស្រែរបស់ប្រជាកសិករដែលរងការជន់លិចដោយទឹកជំនន់ព្រោះពុំមានប្រព័ន្ធប្រឡាយរំដោះទឹកចេញគ្រប់គ្រាន់។ យ៉ាងណា លោកបានប្តេជ្ញាថា នឹងខិតខំជួយដោះស្រាយបញ្ហាជូនពលរដ្ឋតាមការណែនាំរបស់ក្រសួងកសិកម្មឱ្យមានប្រសិទ្ធភាព។

លោកបន្ថែមថា៖ «ដល់ពេលសើមទឹកលិចទៅ ភ្ជួរក៏ពិបាក ហើយព្រោះក៏មិនកើត ដោយសារពលរដ្ឋយើងដូរទម្លាប់ពីស្ទូងមកព្រោះវិញ អានេះជាបញ្ហាប្រឈមមួយ ហើយវាកត្តារួមផ្សំផ្សេងទៀតដែរ ដូចជា ប្រេងវាថ្លៃ ជីវាថ្លៃ ជាដើម។ យើងប្តេជ្ញា វាប្តេជ្ញាហើយ ប៉ុន្តែវាអាស្រ័យទៅលើតំបន់ដែរ ព្រោះប្រព័ន្ធធារាស្ត្រយើងហ្នឹងមិនអាចបង្ហូរទឹកចេញពីស្រែបានទេកន្លែងខ្លះ ដល់អ៊ីចឹងទឹកពេញ គាត់ធ្វើម៉េចកើត»

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន មានប្រសាសន៍ថា លោកសាទរចំពោះសេចក្តីណែនាំរបស់ក្រសួងកសិកម្មនេះ ប៉ុន្តែលោកថា កន្លងទៅ អាជ្ញាធរពាក់ព័ន្ធហាក់មិនបានដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករឱ្យមានប្រសិទ្ធភាពនោះទេ។ លោកថា អាជ្ញាធរពាក់ព័ន្ធទាំងនោះបានត្រឹមចុះពិនិត្យមើលនិងធ្វើរបាយការណ៍ជូនថ្នាក់លើប៉ុណ្ណោះ មិនបានដោះស្រាយដោយផ្តល់ជាឧបករណ៍ គ្រាប់ពូជ និងសម្ភារផ្សេងៗទៀតជួយទៅដល់ប្រជាកសិករឡើយ។

លោកបន្ថែមថា៖ «ក្នុងករណីបើមានទឹកជន់លិចស្រូវ អាជ្ញាធរឃុំសង្កាត់ មន្ទីរកសិកម្មតាមបណ្តាខេត្តនីមួយៗហ្នឹង ត្រូវរកវិធីធ្វើយ៉ាងម៉េចស្វះស្វែងរក និងស្នើឱ្យមានការផ្តល់ជាជំនួយសង្គម ដូចជា ស្រូវពូជ និងសម្ភារផ្សេងៗ ជូនដល់ប្រជាកសិករ។ ប្រសិនជាលិច ក៏ត្រូវផ្តល់ជូនជាប្រេងសាំង ឬក៏រៀបចំម៉ាស៊ីនបូមទឹក ឬបង្ហូរចេញពីស្រែដែរ ដើម្បីធ្វើម៉េចកុំឱ្យពួកគាត់ខូចខាត់ទិន្នផលដែលពួកគាត់កំពុងបង្កបង្កើនផលហ្នឹង។ ប៉ុន្តែកន្លងមក ខ្ញុំឃើញថា ការទទួលខុសត្រូវនិងការដោះស្រាយហ្នឹង គឺមិនសូវផ្តល់ជាប្រសិទ្ធភាព និងដោះស្រាយជូនពលរដ្ឋទាន់ពេលវេលាទេ»

គួររម្លឹកថា កាលពីអំឡុងខែមេសា ឆ្នាំ២០២២នេះ ដំណាំស្រូវរបស់ប្រជាពលរដ្ឋរាប់រយហិកតា នៅឃុំសំពៅពូន និង​ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្ត​កណ្ដាល បានរងការ​ខូចខាត​ដោយសារ​ជំនន់ទឹក​ភ្លៀង និងបានធ្វើឱ្យពលរដ្ឋរង​ផលប៉ះពាល់ធ្ងន់ធ្ងរដល់​ជីវភាពរបស់ពួកគេ ខណៈទិន្នផលផ្លែស្វាយកែវរមៀតរាប់រយតោន នៅខេត្តកណ្ដាល និងខេត្តបាត់ដំបង ត្រូវបានទុកចោល និងឈូសឆាយដើមចោល ក្រោយគ្មានដំណោះស្រាយពីអាជ្ញាធរពាក់ព័ន្ធ ក្នុងការជួយសង្គ្រោះ និងរកទីផ្សារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ