គ.ជ.ប នឹង​ធ្វើ​ការ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​លទ្ធផល​បោះឆ្នោត​នៅ​ថ្ងៃទី​១៣​ដល់​១៤ ខែមិថុនា ឆ្នាំ២០២២

សកម្មភាពនៃការរាប់សន្លឹក​ឆ្នោត​នៅ​មណ្ឌលបោះឆ្នោតផ្សារអូរឫស្សី រាជធានីភ្នំពេញ ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសថានឹងធ្វើការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ពីថ្ងៃទី១៣ ដល់១៤ ខែមិថុនា ឆ្នាំ២០២២។

សេចក្ដីជូនដំណឹងរបស់ គ.ជ.ប ចុះថ្ងៃទី១០ ខែមិថុនា ឱ្យដឹងថា គ.ជ.ប ទទួលស្បោង “ឃ” និងកញ្ចប់ “ឃ ពិសេស” ព្រមទាំងឯកសារពាក់ព័ន្ធពីគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត ទាំង២៥ នៅថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

គ.ជ.ប ថាបន្ទាប់ពីបានទទួលសម្ភារនិងឯកសារខាងលើ គ.ជ.ប នឹងធ្វើការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ឡើងវិញនូវលទ្ធផលនៃការបោះឆ្នោតតាមឃុំ សង្កាត់ទាំងអស់ នៅថ្ងៃទី១៣​ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង៩ព្រឹកតទៅ នៅទីស្តីការ គ.ជ.ប។

គ.ជ.ប ក៏បានអញ្ជើញគណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ រួមទាំងអ្នកសារព័ត៌មាន​ជាតិនិងអន្តរជាតិផង​ ចូលរួមសង្កេតមើលនិងយកព័ត៌មាននៅថ្ងៃពិនិត្យនិងផ្ទៀងផ្ទាត់នោះ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ មានគណបក្សនយោបាយចំនួន១៧បានចូលរួមប្រកួតប្រជែងសម្រាប់តំណែងក្រុមប្រឹក្សាឃុំសង្កាត់ចំនួន១១ ៦២២ នៅក្នុងឃុំសង្កាត់សរុបចំនួន១ ៦៥២នៅទូទាំងប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ