អង្គការ​អន្តរជាតិ​ជំរុញ​រដ្ឋាភិបាល​ពង្រឹង​ការអនុវត្ត​ផែនការ​ដាក់ចេញ ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​លើ​កុមារ​មាន​ប្រសិទ្ធភាព

ស្ត្រីម្នាក់អង្គុយកាន់សៀវភៅរបាយការណ៍របស់អង្គការទស្សៈពិភពលោក (World Vision) ដែលមានចំណងជើងថា “Child Protection Learning Repoort 2018-2021” ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

អង្គការអន្តរជាតិដែលធ្វើការលើកកម្ពស់សិទ្ធិកុមារ ជំរុញឱ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់និងផែនការបន្ថែមទៀត ដើម្បីទប់ស្កាត់អំពើហិង្សាលើកុមារ ស្របពេលផែនការដាក់ចេញនិងការអនុវត្តជាក់ស្ដែងនៅមានកម្រិតនៅឡើយ។

ការជំរុញនេះធ្វើឡើងនៅក្នុងសិក្ខាសាលាស្ដីពី «បទពិសោធន៍នៃការអនុវត្តកម្មវិធីកិច្ចការពារកុមារ និងបញ្ហាប្រឈមថ្មីដែលត្រូវយកចិត្តទុកដាក់» ដែលរៀបចំដោយអង្គការ World Vision International, Save the Children, CRC Cambodia និង Friends International នៅថ្ងៃនេះ។

ប្រធានកម្មវិធីកិច្ចការពារកុមារនៃអង្គការ​ទស្សនៈពិភពលោក លោក ឆាយ វាសនា លើកឡើងថា ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ អំពើហិង្សាលើកុមារ ដែលអង្គការនេះបានធ្វើការផ្សាយនិងអប់រំដល់ឪពុកម្ដាយនិងភាគីពាក់ព័ន្ធផ្សេងទៀត បានធ្វើឱ្យអំពើហិង្សាលើកុមារថយចុះពី៤៩ភាគរយ មកចំនួន៣៨ភាគរយវិញ។ លោកបន្តថា គម្រោងនេះ អង្គការ​ទស្សនៈពិភពលោក បានធ្វើនៅខេត្តចំនួន១០នៃប្រទេសកម្ពុជា។

លោកបន្តថា ទោះបីអំពើហិង្សាលើកុមារបានថយចុះក៏ពិតមែន ប៉ុន្តែបញ្ហានេះនៅតែកើតមានឡើង ដែលករណីនេះ ទាមទារឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាលកម្ពុជាតែម្ដង។

ប្រធានកម្មវិធីកិច្ចការពារកុមារនៃអង្គការ​ទស្សនៈពិភពលោក លោក ឆាយ វាសនា ផ្ដល់បទសម្ភាសន៍ក្នុងសិក្ខាសាលាស្ដីពី «បទពិសោធន៍នៃការអនុវត្តកម្មវិធីកិច្ចការពារកុមារ និងបញ្ហាប្រឈមថ្មីដែលត្រូវយកចិត្តទុកដាក់» ដែលរៀបចំដោយអង្គការ World Vision International, Save the Children, CRC Cambodia និង Friends International ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២។
ប្រធានកម្មវិធីកិច្ចការពារកុមារនៃអង្គការ​ទស្សនៈពិភពលោក លោក ឆាយ វាសនា ផ្ដល់បទសម្ភាសន៍ក្នុងសិក្ខាសាលាស្ដីពី «បទពិសោធន៍នៃការអនុវត្តកម្មវិធីកិច្ចការពារកុមារ និងបញ្ហាប្រឈមថ្មីដែលត្រូវយកចិត្តទុកដាក់» ដែលរៀបចំដោយអង្គការ World Vision International, Save the Children, CRC Cambodia និង Friends International ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

លោកថា៖ «ដំណាក់កាលដំបូង ពី៤៩ភាគរយ ធ្លាក់មក៣៨ភាគរយ​។ អ៊ីចឹងយើងឃើញមានការរីកចម្រើនកន្លែងនេះ ប៉ុន្តែយើងទទួលស្គាល់ថា អត្រាហ្នឹងនៅខ្ពស់នៅឡើយ​។ មួយទៀត បើយើងសម្ភាសទៅដល់ឪពុកម្ដាយផ្ទាល់​ យើងឃើញថា មានការធ្លាក់ចុះពី៨៤ភាគរយ មកដល់៦៦ភាគរយ ហើយចំនួន៦៦ភាគរយ វាគឺជាទិន្នន័យមួយនៅខ្ពស់​ច្រើនជាង៥០ភាគរយ។ អ៊ីចឹងឪពុកម្ដាយ គាត់បានឆ្លើយថា គាត់បានប្រើប្រាស់អំពើហិង្សា​ផ្លូវកាយ ផ្លូវចិត្ត ទៅលើកូនហ្នឹង គឺមានកម្រិតមួយដែលយើងគួរតែយកចិត្តទុកដាក់ និងជាចំណុចមួយដែលយើងត្រូវចូលរួមទាំងអស់គ្នាឆ្លើយតប ព្រោះវាមានផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ច ក៏ដូចជា​សុខុមាលភាពរបស់កុមារ»។

លោក ឆាយ វាសនា បន្តថា ត្បិតរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្ត ដោយបានដាក់ផែនកា​​រនិងវិធានការច្បាប់ ដើម្បីទប់ស្កាត់អំពើហិង្សាលើកុមារក្ដី ប៉ុន្តែការអនុវត្តជាក់ស្ដែងនៅមិនទាន់មានប្រសិទ្ធភាពឡើយ។ លោកបន្តថា ការអនុវត្តផែនការនិងវិធានការច្បាប់នៅមានកម្រិត ដោយសារខ្វះធនធាន ជំនាញ សមត្ថភាព និងថវិកា ជាដើម។

លោកថា៖ «បើយើងនិយាយពីកិច្ចការកុមារ មិនមែនយើងឆ្លើយតែរឿងអន្តរាគមន៍តែរឿងអំពើហិង្សាតែមួយទេ យើងត្រូវតែមានវិធីបង្ការ កម្មវិធីអប់រំ បណ្ដុះបណ្ដាលទៅដល់ឪពុកម្ដាយ អាណាព្យាបាល អ្នកពាក់ព័ន្ធ ក៏ដូចជាកុមារខ្លួនឯងផ្ទាល់ ដើម្បីឱ្យគាត់មានសមត្ថភាពការពារខ្លួនដែរ។ ​អ៊ីចឹងយន្តការនៃការបង្ការនិងគោលដៅក៏នៅមានកម្រិតដែរ ដូចលើកឡើងអ៊ីចឹង ដោយសារថវិកា រឿងសមត្ថភាពរបស់គាត់ ហើយជំនាញក្នុងការធ្វើរឿងទាំងអស់ហ្នឹង។ ចំណុចទី២ នៅពេលដែលយើងនិយាយអំពីអន្តរាគមន៍យន្តការនៃការរាយការណ៍ នៅពេលដែលមានករណីការរំលោភបំពានឬអំពើហិង្សាកើតឡើងហ្នឹង តើគាត់យល់ដឹងពីវិធីសាស្ត្រឆ្លើយតបយ៉ាងម៉េច»។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញ​ដូរមនុស្ស លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា ក្រសួងបានដាក់ចេញផែនការសម្រាប់អនុវត្តហើយ ប៉ុន្តែទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទើបអាចលុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារបាន។ ចំពោះមន្រ្តីដែលចុះអនុវត្តវិញ លោកស្រីថា ក្រសួងកំពុងធ្វើការពង្រឹងនិងបណ្ដុះបណ្ដាលបន្ថែមទៀតដែរ។

លោកស្រីថា៖ «ចំពោះរដ្ឋាភិបាល ដូចបានលើកឡើងអ៊ីចឹង យើងមានច្បាប់ យើងមានគោលនយោបាយ យើងមានផែនការ ដែលយើងត្រូវជំរុញនិងអនុវត្ត រួមទាំងពង្រឹងសមត្ថភាពអ្នកអនុវត្តឱ្យបានល្អប្រសើរ។ យើងកំពុងស្រាវជ្រាវដែរ តើអំពើហិង្សាមានកត្ដារួមផ្សំអីខ្លះ? ព្រោះវាប៉ះពាល់ផ្លូវចិត្ត​។ អ៊ីចឹងវានៅ[លើ]ការអប់រំផ្លូវចិត្ត ផ្នែកចិត្តសាស្ត្រ ដែលរាល់ថ្ងៃយើងកំពុងលើកកម្ពស់អប់រំផ្សព្វផ្សាយរឿងហ្នឹងដែរ។ យើងកំពុងបង្កើនគ្រូបង្គោលកន្លែងការងារ ជាពិសេសសក្នុងចំណោមមន្ត្រីជួរមុខនៅតាមមូលដ្ឋាន»។

បើតាមអង្គការទស្សនៈពិភពលោក (World Vision) លើកឡើងថា អំពើហិង្សាលើស្រ្តីភេទនិងកុមារ ជាទម្រង់នៃការរំលោភបំពានលើផ្លូវកាយនិងផ្លូវចិត្ត ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ សុខភាពផ្លូវកាយ របួសរាងកាយ វិបត្តិផ្លូវចិត្ត និងប្រាជ្ញាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ