រដ្ឋមន្ត្រីការបរទេសអាស៊ាន បានបង្ហាញការព្រួយបារម្ភចំពោះការសាកល្បងមីស៊ីលអន្តរទ្វីបនិងការបាញ់មីស៊ីលរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េខាងជើង ដោយថា ការបាញ់មីស៊ីលនេះ ជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងក្នុងពិភពលោក។
ការបង្ហាញក្ដីបារម្ភនេះ បានធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងចំនួន ៨គ្រាប់ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន កាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។
ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដោយជំរុញឱ្យសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ អនុវត្តការអត់ធ្មត់ ដើម្បីកាត់បន្ថយភាពតានតឹង និងជៀសវាងសកម្មភាពដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង។
សេចក្តីថ្លែងការណ៍ថា កំណើននៃភាពតានតឹងលើឧបទ្វីបកូរ៉េ និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងក្នុងពិភពលោក។ ករណីនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានអំពាវនាវឱ្យសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ អនុវត្តបានពេញលេញ នូវសេចក្តីសម្រេចចិត្តដែលពាក់ព័ន្ធទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ។
សេចក្តីថ្លែងការណ៍៖« អាស៊ានសូមរំលឹកឡើងវិញ ពីការអំពាវនាវឱ្យសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ អនុវត្តបានពេញលេញ នូវសេចក្តីសម្រេចចិត្តដែលពាក់ព័ន្ធទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ ដោយគិតគូរដល់ការអំពាវនាវរបស់សហគមន៍អន្តរជាតិសូម ឱ្យប្រើប្រាស់មធ្យោបាយការទូត ដើម្បីផលប្រយោជន៍នៃការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់។ កិច្ចប្រឹងប្រែងផ្នែកការទូត រួមទាំងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការសន្ទនាដោយសន្តិវិធី ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ គួរតែបន្តស្ថិតនៅជាអាទិភាព»។
បើតាមសេចក្តីថ្លែងការណ៍ បញ្ជាក់ថា អាស៊ានបានត្រៀមខ្លួនរួចហើយ ដើម្បីដើរតួនាទីក្នុងការស្ថាបនាតាមរយៈការប្រើប្រាស់យន្តការដឹកនាំដោយអាស៊ាន ដូចជាវេទិកាតំបន់អាស៊ាន ដើម្បីកាត់បន្ថយភាពតានតឹង និងនាំមកនូវការលុបបំបាត់ទាំងស្រុងនូវអាវុធនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ ដែលអាចផ្ទៀងផ្ទាត់ ហើយមិនប្រែក្រទ្បាស់បាន និងប្រកបដោយសន្តិវិធី ។
សេចក្តីថ្លែងការណ៍ ៖«ការសម្រេចបាននូវសន្តិភាព និងស្ថិរភាព ក៏នឹងមានសារប្រយោជន៍ ដល់ការអភិវឌ្ឍ និងវិបុលភាពសម្រាប់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ព្រមទាំងតំបន់ទាំងមូលផងដែរ»៕









