មន្ត្រីជាន់ខ្ពស់កងរាជអាវុធលើផ្ទៃប្រទេសអះអាងថា កម្លាំងកងរាជអាវុធហត្ថពិតជាបានចាប់ខ្លួនអភិបាលរងខេត្តបន្ទាយមានជ័យម្នាក់ប្រាកដមែន ដោយការឃាត់ខ្លួននេះ ធ្វើតាមដីការបស់តុលាការ។
អ្នកនាំពាក្យកងរាជអាវុធលើផ្ទៃប្រទេស លោក អេង ហ៊ី មានប្រសាសន៍ប្រាប់វីអូឌីនៅថ្ងៃសៅរ៍នេះថា ការចាប់ខ្លួនអភិបាលរងខេត្តបន្ទាយមានជ័យ លោក គឹង វណ្ណ: កាលពីថ្ងៃទី១០ ខែមិថុនា ធ្វើឡើងតាមដីកាបង្គាប់របស់តុលាការ។ នៅពេលសួរថា ការចាប់ខ្លួនអភិបាលរងខេត្តបន្ទាយមានជ័យលោក គឹង វណ្ណ: ពាក់ព័ន្ធរឿងអ្វីនោះ ? លោក សុំមិនធ្វើអត្ថាធិប្បាយ ដោយឱ្យទៅសួរព្រះរាជអាជ្ញារវិញ?
លោកថា៖«យើងចាប់ខ្លួន ធ្វើតាមដីកាបង្គាប់ឱ្យចាប់ខ្លួន អ៊ីចឹងសុំសួរទៅអយ្យការតែម្ដងទៅ។ [យើងបានចាប់ខ្លួនហើយ] យើងអនុវត្តតាមដីកាហ្នឹងបាទ»។
អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យលោកស្រី រស់ សុផានី ប្រាប់វីអូឌីយ៉ាងខ្លីថា លោកស្រីមិនបានដឹងរឿងនេះទេ។
ចំណែកព្រះរាជអាជ្ញាររងខេត្តបន្ទាយលោក សំរិទ្ធិ សុខុន មានប្រសាសន៍ថា ដីកាបង្គាប់ឱ្យចាប់ខ្លួនលោក គឹង វណ្ណៈ សាលាដំបូងរាជធានីភ្នំពេញអ្នកចេញ មិនមែនសាលាដំបូងខេត្តបន្ទាយមានជ័យទេ។ លោកបង្វែរសំណួរនេះ ឱ្យមកសួរអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញវិញ ពាក់ព័ន្ធនឹងការចាប់ខ្លួនដោយសាររឿងអ្វីនោះ។
វីអូឌីមិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ និង លោក សួស វិទ្យារ៉ាន់ឌី ពាក់ព័ន្ធនឹងការចាប់ខ្លួនលោក គឹង វណ្ណៈ ដែលជាអភិបាលរងខេត្តបន្ទាយមានជ័យបានទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។
ទំព័រហ្វេសប៊ុកសារព័ត៌មានប្រយុទ្ធ ដែលអះអាងដោយស្រង់ប្រភពពីមន្ត្រីអាវុធហត្ថខេត្តបន្ទាយមានជ័យថា ការចាប់ខ្លួនលោក គឹង វណ្ណ: អភិបាលរងខេត្តបន្ទាយមានជ័យ គឺតាមដីការបស់តុលាការ ពាក់ព័ន្ធការចេញសែកស្អុយ៕









