មន្ត្រី​ជំនាញ​រក​ឃើញ​សត្វ​ត្មាត​ប្រផេះ​និង​ត្មាត​ភ្លើង​​៩​ក្បាល​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក

វត្តមានសត្វត្មាតភ្លើង៧ក្បាល ដែលក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថាន ដោយមានការគាំទ្រពីអង្គការWWF ប្រទះឃើញនៅតំបន់ដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី។ (ហ្វេសប៊ុក មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី)

មន្ត្រីជំនាញបរិស្ថានបានឱ្យដឹងថា ក្រោយចុះស្រាវជ្រាវពួកគេបានប្រទះឃើញ វត្តមានសត្វត្មាតភ្លើង៧ក្បាល និងសត្វត្មាតប្រផេះចំនួន២ក្បាល នៅតំបន់ដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី ក្រោយពេលត្មាតប្រផេះនេះបានបាត់វត្តមានរយៈពេល២ឆ្នាំមកហើយ។

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនៅថ្ងៃអាទិត្យនេះឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថាន ដោយមានការគាំទ្រពីអង្គការWWF បានផ្តល់របាយការណ៍កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នេះ ដោយបញ្ជាក់ថាពួកគេបានប្រទះឃើញ វត្តមានសត្វត្មាតភ្លើង៧ក្បាល និងសត្វត្មាតប្រផេះចំនួន២ក្បាល។

មន្ទីរបរិស្ថានអះអាងថា នេះជាលើកទីមួយហើយ ដែលក្រុមសិក្សាស្រាវជ្រាវបានប្រទះឃើញវត្តមានសត្វត្មាតប្រផេះក្រោយពីបាត់វត្តមានអស់រយៈពេលពីរឆ្នាំ  ដែលពីមុនមកក្រុមអ្នកស្រាវជ្រាវបានឃើញ តែសត្វត្មាតភ្លើងប៉ុណ្ណោះ។

ស្ថាប័នជំនាញមួយនេះបន្តថា ត្មាតប្រផេះ (White-rumped Vulture) វាមានរោមដងខ្លួនពណ៌ប្រផេះ ឬពណ៌ដូចផេះ (ពណ៌ស្រាលជាងត្មាតភ្លើងបន្តិច ) ដូច្នេះហើយ បានដូនតាខ្មែរហៅវាថា ត្មាតផេះ រីឯសត្វនេះខ្លះនៅផ្នែកខាងក្រោមទ្រូងរបស់វាមានពណ៌ប្រផេះស្រាលលាយពណ៌ឆ្នូតតិចៗ។ ប៉ុន្តែនៅលើ-ក របស់វាមានពណ៌សតូចៗ ដុះពីក្រាស់ទៅស្តើងទៅៗនៅលើក្បាល ដោយបន្សល់ទុកផ្នែកកដល់មុខដែលមានស្បែកពណ៌ក្រម៉ៅ ស្រអាប់។ ត្មាតប្រផេះមួយចំនួនធំក៏គ្មានរោមក និងក្បាលដែរ។ មាឌនិងទំហំរបស់វាគឺប្រហាក់ប្រហែលទៅនឹងត្មាតភ្លើងដែរ។

ដោយឡែក ត្មាតភ្លើង (Red headed vulture) វាមានរោមដងខ្លួនពណ៌ក្រម៉ៅ និងក្បាលស្មើតែគ្មានរោម (គឺមានតិចបំផុត) ដោយបញ្ចេញស្បែកក្បាល និងកពណ៌ក្រហមដូចភ្លើង រួមទាំងបន្ទះស្បែកអមថ្ពាល់ដូចស្លឹកត្រចៀក ទាំងសងខាងផងក៏ពណ៌ក្រហមដែរ។

វាទម្ងន់ចន្លោះពី៣,៥០ គ.ក្រ ដល់៦,៣០គ.ក្រ វាមានបណ្តោយដងខ្លួន ប្រមាណ០,៧៦ម ដល់ ០,៨៦ម និងមានប្រវែងពីចុងស្លាបម្ខាងទៅដល់ ចុងស្លាបម្ខាងទៀត២ម.ដល់ ២,៦០ម នៅពេលវាលាតសន្ធឹងស្លាបហើរ។ វាជាបក្សីមានមាឌទាបកន្តាញ ដោយមានកម្ពស់របស់វាប្រមាណ ០,៦០ម ទៅ០,៧០ម ប៉ុណ្ណោះ។ ត្មាតភ្លើងជាប្រភេទត្មាត ដែលអ្នកស្រុកជនជាតិអាស៊ី មួយចំនួនធំបានចាត់ទុកជាមេត្មាត ឬមេហ្វូង ឬហៅថាស្តេចត្មាត ។

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដដែលថា តាមការអង្កេតតាមដានសកម្មភាពរបស់វានៅក្នុងធម្មជាតិ ត្មាតភ្លើង ពេលវាដើរផ្ទាល់ដី វាមានដំណើររាងបើកដើមស្លាបជានិច្ច  ឬហៅថាដំណើររបៀបកាងស្លាប ឬថាដើរពើងទ្រូង ដោយឥរិយាបទរបស់វាបង្ហាញពីភាពមិនខ្លាចគេ ឬជាមេគេ ហើយត្មាតប្រភេទផ្សេងៗទៀតក៏ពុំសូវហ៊ានប្រឈមតទល់នឹងវាដែរ៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ