រដ្ឋាភិបាល​គ្រោង​ដំឡើង​ប្រាក់​បៀវត្ស​មន្រ្តី​រាជការ​នៅ​ឆ្នាំ​នេះ​ក្រោយ​ពី​ខកខាន​២ឆ្នាំ

រាជធានីភ្នំពេញ៖ សកម្មភាពរៀននិងបង្រៀនក្នុងថ្នាក់រៀនផ្ទាល់ នៅសាលាបឋមសិក្សាចតុមុខ ក្រោយពេលក្រសួងអប់រំ យុវជន និងកីឡា ប្រកាសឱ្យដំណើរការកម្មវិធីសិក្សាទូទៅឡើងវិញ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស ​ចាប់ពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។ (គួយ ឡង់ឌី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាសពីគម្រោង​​ដំឡើងប្រាក់បៀវត្សជូន​ដល់​មន្រ្តីរាជការ បន្ទាប់​ពី​រដ្ឋាភិបាល​ខក​ខានដំឡើង​អស់​រយៈ​ពេល២ឆ្នាំមកហើយ។

ក្នុងពិធីប្រគល់សញ្ញាប័ត្រ និងបើកវគ្គសិក្សាថ្មីនៅសាលាភូមិន្ទរដ្ឋបាល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ថា កា​រដំឡើងប្រាក់បៀវត្សជូន​មន្ត្រីរាជការ​​នេះ មិនគិត​ជា​ភាគ​រយ​ទេ គឺ​ដំឡើង​តាម​របៀប ដោយនឹងដំឡើងប្រាក់បៀវ​ត្សច្រើន​ដល់មន្ត្រីរាជការដែលមាន​អ្នកមានប្រាក់​បៀវត្សតិច និងដំឡើងតិចសម្រាប់មន្ត្រីរាជការដែលមានប្រាក់បៀវត្សខ្ពស់។

លោកថ្លែង​ថា៖ «ពិតមែនហើយ សម្រាប់សារាចរណែនាំទាក់ទងនឹងការរៀបចំច្បាប់ថវិកាសម្រាប់ឆ្នាំក្រោយ គ្រោងនឹងដំឡើងបៀវត្ស យើងខានដំឡើងបៀវត្សឆ្នាំ២០២០​ ក៏មិនបានឡើង! ២០២១ ក៏មិនបានឡើង! ឥលូវ២០២២នេះ យើងនឹងចាប់ផ្តើមឡើង»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឱ្យដឹងទៀត​ថា ការដំឡើងប្រាក់បៀវត្សសម្រាប់​គ្រូបង្រៀននិងគ្រូពេទ្យ​ ទាបបំផុតឱ្យ​​បាន១,៥លាន​រៀល ដែល​កន្លង​ទៅ ​ប្រាក់បៀវត្សពួកគាត់​មានចំនួន១,៣លា​ន​រៀល​ និង​ប្រាក់បៀវត្សសម្រាប់មន្រ្តីផ្នែក​​ផ្សេងទៀតនឹង​ឡើងដល់១,​៤លានរៀល ខណៈកន្លងទៅ​មានចំនួន១,២លាន​រៀល។

លោកបានបន្តទៀតថា នៅពេលដំឡើងបៀវត្ស ក៏ត្រូវដំឡើងពិដាននៃប្រាក់បៀវត្សដែលត្រូ​វ​ជាប់​ពន្ធផងដែរ ដែលមានន័យ​ថា អ្នក​ដែលមានប្រាក់បៀវត្សក្រោម១,៥លានរៀល ​គឺមិនជាប់​ពន្ធនោះទេ។

លោកបានបញ្ជាក់ថែមទៀតថា ការធ្វើបែបនេះ គឺចៀសវាងអ្នកមានប្រាក់បៀវត្សទាបជាងគេជាប់ពន្ធ ហើយការដែលធ្វើបែបនេះ គឺ​គិតទាំងវិស័យរដ្ឋ និងវិស័យឯកជន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ