នាយក​រដ្ឋមន្ត្រី​ថា វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ-១៩​នៅ​ក្នុង​ឃ្លាំង​មាន​ជាង​១១លាន​ដូស

វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់​ – Sinovac) ដែលបានបញ្ជាទិញពីចិន ចំនួន១,៥លានដូស មកដល់ព្រលានយន្តហោះភ្នំពេញអន្តរជាតិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា វ៉ាក់សាំង​បង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩មាននៅក្នុងឃ្លាំងចំនួនជាង១១លានដូស​ ខណៈវ៉ាក់សាំងដែលមិត្តបរទេសសន្យាផ្ដល់ជូនកម្ពុជាមានចំនួនជាង២០លានដូសទៀត។  

​ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ និងបើកវគ្គសិក្សាថ្មីនៅសាលាភូមិន្ទរដ្ឋបាល ព្រឹកថ្ងៃចន្ទនេះ លោក ហ៊ុន សែន ថារយៈពេល២ឆ្នាំនៃជំងឺកូវីដ-១៩​ កម្ពុជាបានរៀនសូត្រច្រើនពីវិបត្តិជំងឺ​មួយនេះ​ ហើយចាត់ទុកថាជាភាពជោគជ័យដែលកម្ពុជាបានធ្វើកន្លងមកក្នុងការប្រយុទ្ធប្រឆាំង​ជំងឺរាតត្បាតមួយនេះ ដោយមានការចូលរួមយ៉ាងសកម្មពីរដ្ឋាភិបាល មន្រ្តីរាជការ និង​ប្រជាជន រួមទាំងការដាក់ចេញនូវវិធានការការពារ ពិសេសយុទ្ធនាការចាក់វ៉ាក់សាំងតែម្តង។

លោកក៏បានបញ្ជាក់បន្ថែមពីចំនួនវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដែលមាននៅក្នុងឃ្លាំងជាង១១លានដូស និងវ៉ាក់សាំងដែលសន្យានឹងមកដល់កម្ពុជា ចំនួន១៥លានដូស​ពីរដ្ឋាភិបាលចិន ហើយ៥លាន៥សែនដូសរបស់រដ្ឋាភិបាលអូស្រ្តាលី នឹងមកដល់បន្តបន្ទាប់។ ​

ការថ្លែងរបស់លោក ហ៊ុន សែន នេះ ធ្វើឡើងស្របពេលបច្ចុប្បន្ន កម្ពុជាកំពុងដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ឈានដល់ដូសទី៥ ដល់មន្រ្តីរាជការជួរមុខ និងក្រុមគោលដៅជាអាទិភាព។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឱ្យបានកាន់តែច្រើននិងគ្រប់ចំនួន ព្រមទាំងដូសជំរុញផង ដោយថា រដ្ឋមិនគិតថ្លៃពីប្រជាពលរដ្ឋនោះឡើយ។

លោកបញ្ជាក់ថា៖ «កុំថាឡើយដូសទី៥ ដល់ដូសទី២០ ក៏នៅតែមិនយកលុយដែរ»។

លោក​បន្តថា រយៈពេល២ទៅ៣ឆ្នាំខាងមុខ ប្រធានបទកូវីដនៅតែជាបញ្ហា​ស្មុគស្មាញ ត្បិតជំងឺនេះនៅមិនទាន់ចប់ និងមិនទាន់ទៅណាឆ្ងាយពីប្រជាជននៅឡើយទេ ដែលតម្រូវឱ្យបន្តប្រុងប្រយ័ត្នឱ្យបានខ្ពស់។ ​

ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មានប្រចាំថ្ងៃ ដោយអះអាងថា កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩ រយៈពេលជាង១ខែមកហើយ គិតចាប់ពីថ្ងៃទី៧ ខែឧសភាមក។

គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១៣៦ ២៦២នាក់ អ្នកជាសះស្បើយសរុបចំនួន១៣៣ ២០៦នាក់ និងស្លាប់សរុបចំនួន៣ ០៥៦នាក់។

ដោយឡែក ចំពោះកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា គិតត្រឹមថ្ងៃទី១២​ ខែមិថុនា ឆ្នាំ២០២២ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប១៦លាននាក់ មានចំនួន៩៤,១០%៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ