ទំព័រហ្វេសប៊ុក​មាតាធម្មជាតិ នឹង​ផ្សព្វផ្សាញ​បញ្ហា​បរិស្ថាន​ឡើង​វិញ​ក្រោយ​ផ្អាក​សកម្មភាព​មួយរយៈ

ទំព័រហ្វេសប៊ុកឬផេកមាតាធម្មជាតិ (Mother Nature Cambodia)

យុវជនចលនាមាតាធម្មជាតិ ប្ដេជ្ញាចិត្តបន្ដធ្វើជាសកម្មជនបរិស្ថាន ដោយពួកគេចូលរួមជាមួយគ្នាឡើងវិញ ចាប់ផ្ដើម​ផ្សព្វផ្សាញពីបញ្ហាបរិស្ថានតាមរយៈទំព័រឬផេក «មាតាធម្មជាតិកម្ពុជា (Mother Nature Cambodia)» បន្ទាប់ពីពួកគេបានផ្អាកសកម្មភាពមួយរយៈដោយសារមានរឿងក្ដីក្ដាំនៅតុលាការកន្លងមក។

យុវជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុធ បានប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះថា ក្រោយពេលពួកគាត់ចេញពីពន្ធនាគារកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ដោយសារសកម្មភាពការពារបរិស្ថាននោះ ពួកគាត់នៅតែបន្ដ​ធ្វើជាសកម្មជនបរិស្ថានដដែល។ លោកបន្តថា សកម្មជនចលនាមាតាធម្មជាតិនៅតែមានទឹកចិត្តស្រឡាញ់ និងចូលរួមការពារបរិស្ថាន ដែលកន្លងមកពួកគាត់ធ្វើការពាក់ព័ន្ធរឿងសំរាម ទឹកស្អុយ និងការពារព្រៃឈើ ជាដើម។

ជាមួយគ្នានេះ លោកថា ពួកគាត់គ្រោងនឹងចេញវីដេអូផ្សព្វផ្សាយលើទំព័រឬផេក «មាតាធម្មជាតិ (Mother Nature Cambodia)» អំពីបញ្ហាបរិស្ថានក្នុងពេលឆាប់ៗខាងមុខនេះ។

​លោក លី ចាន់ដារ៉ាវុធ លើកឡើងថា៖ «​​មាតាធម្មជាតិនៅតែនៅរស់ នៅតែប​ន្ដធ្វើការងារដើម្បីការពារធនធានធម្មជាតិរបស់កម្ពុជាដដែល ហើយក៏ជាការលើកទឹកចិត្តមួយដល់សកម្មជនផ្សេងទៀតដែលកំពុងតែទទួលរងគំនាបដូចយើង ឱ្យខិតខំតស៊ូក្នុងការធ្វើការងារក្នុងវិស័យនេះ»។

សកម្មជនបរិស្ថានរូបនេះ​លើកឡើងថា លោកនៅ​មានការព្រួយបារម្ភចំពោះការចាប់ខ្លួនឡើងវិញ ដោយសារលោកនៅជាប់ពាក្យបណ្ដឹង និងកំពុងស្ថិតក្នុងការត្រួតពិនិត្យរបស់តុលាការនៅឡើយ។

ទោះបីជាយ៉ាងនេះក្តី លោកបញ្ជាក់ថា ​ការចេញមកធ្វើការរឿងបរិស្ថានឡើងវិញនេះ មិនមែនជាការផ្គើន​នឹងនរណាម្នាក់នោះឡើយ ​ហើយក៏មិនមែនចង់ធ្វើឱ្យនរណាម្នាក់ឈឺចាប់នោះដែរ ​ពោលគឺគ្រាន់តែប្រើប្រាស់សេរីភាពក្នុងការការពារធនធានធម្មជាតិឱ្យគង់វង្សក្នុងនាមជាពលរដ្ឋសកម្មប៉ុណ្ណោះ។

ទំព័រហ្វេសប៊ុកឈ្មោះ ចលនាមាតាធ​ម្មជាតិ (​Mother Nature Cambodia) បានផ្អាកការផ្សព្វផ្សាយរបស់ខ្លួនជាងមួយឆ្នាំ បន្ទាប់ពីសមាជិកចលនាមាតាធម្មជាតិមួយចំនួនត្រូវបាន​ចាប់ខ្លួននិងដាក់ពន្ធនាគារ​កាលពីពេលកន្លងមក។ បើតាមលោក លី ចាន់ដារ៉ាវុធ ក្រុមចលនាមាតាធម្មជាតិ នឹងផ្សាយឡើងវិញលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយមានវីដេអូជាច្រើនទៀតនាពេលដ៏ខ្លីខាងមុខ។

ប្រភពដដែលនិយាយថា វីដេអូឯកសារដំបូងជាភាសាខ្មែរដែលនឹងចេញផ្សាយអំពីបញ្ហាដែលពលរដ្ឋអារ៉ែងក្រោកឡើងប្រឆាំងការសាងសង់ទំនប់វារីអគ្គិសនី ​នឹងបង្ហាញពីសក្ដានុពលតំបន់ធម្មជាតិមួយនេះ។

បើតាមលោក ដារ៉ាវុធ ឱ្យដឹងថា វីដេអូឯកសារនេះនឹងផ្ដល់ចំណេះដឹងដល់ពលរដ្ឋខ្មែរក្នុងការឈ្វេងយល់ពីបញ្ហាធនធានធម្មជាតិ ​និងមានការចូលរួមអភិរក្សតំ​បន់នេះកាន់តែច្រើនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ