ពលរដ្ឋនៅស្រុកស្វាយលើ ខេត្តសៀមរាប ចោទអាជ្ញាធរមូលដ្ឋានថាគប់គិតគ្នាយកដីធ្លីពួកគេ ក្រោយពួកគេអះអាងថា ដីនោះមានជម្លោះរ៉ាំរ៉ៃជាមួយទាហានជាង១០ឆ្នាំមកហើយ។
លោក សាន សិទ្ធ ជាប្រជាពលរដ្ឋដែលមានដីនៅភូមិសែនជ័យ ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថា ប្រជាពលរដ្ឋប្រហែល២០០គ្រួសារដែលមានដីនៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប បានមានជម្លោះដីធ្លីជាមួយទាហានភូមិភាគ៤ តាំងពីឆ្នាំ២០១១ រហូតឆ្នាំ២០២១ ដោយទាហានតែងតែរុះរើផ្ទះ និងគំរាមកំហែងមិនឱ្យប្រជាពលរដ្ឋចូលអាស្រ័យផលលើដីរបស់ខ្លួនបានឡើយ។
ពលរដ្ឋរូបនេះបន្តថា ក្រោយអ្នកភូមិប្តឹងករណីនេះទៅសាលាដំបូងខេត្តសៀមរាប និងសាលាឧទ្ធរណ៍ខេត្តបាត់ដំបងរួចមក អាជ្ញាធរពាក់ព័ន្ធនៅខេត្តសៀមរាបបានចេញមុខអះអាងថា ដីនោះលែងជាប់ពាក់ព័ន្ធជាមួយទាហានទៀតហើយ ហើយបែរចោទពលរដ្ឋថាចូលអាស្រ័យផលលើដីរបស់សហគមន៍ «តំបន់ការពារធម្មជាតិជប់សោម» ទៅវិញ។
លោក សាន សិទ្ធ លើកឡើងថា សហគមន៍តំបន់ការពារធម្មជាតិជប់សោម នៅឃុំកន្ទួតនេះ ទើបតែបង្កើតឡើងនៅដើមឆ្នាំ២០២២នេះទេ ហើយសហគមន៍នោះបង្កើតដោយអាជ្ញាធរសុទ្ធសាធ។ លោកដាក់ការសង្ស័យថា ករណីអាជ្ញាធរបង្កើតសហគមន៍នេះឡើង គឺមានចេតនាចង់គ្រប់គ្រង និងយកដីធ្លីរបស់ប្រជាពលរដ្ឋ។
លោកបន្ថែមថា៖ «សហគមន៍នោះ គេទើបនឹងបង្កើតទេ! បង្កើតភ្លាម គេចាប់ផ្តើមយកឈ្មោះសហគមន៍មកធ្វើបាបប្រជាពលរដ្ឋភ្លាម។ មុនដំបូង គេថាបង្កើតសហគមន៍ហ្នឹងដើម្បីពលរដ្ឋ ដល់ក្រោយមកធ្វើបាបពលរដ្ឋដដែល ហើយឱ្យពលរដ្ឋធ្វើកិច្ចសន្យាសុំដីសហគមន៍អាស្រ័យផលវិញ បើមិនអ៊ីចឹងទេ អត់ឱ្យធ្វើ។ តែពួកខ្ញុំអត់ធ្វើតាមទេ ព្រោះថា បើពួកខ្ញុំធ្វើអ៊ីចឹង ដីហ្នឹងក្លាយជាដីសហគមន៍ អ៊ីចឹងបានជាពួកខ្ញុំសម្រេចប្ដឹងទៅតុលាការវិញ»។
លោក ញ៉ែម ផល្លា រស់នៅភូមិសែនជ័យ ឃុំកន្ទួត អះអាងថា គ្រួសារគាត់បានកាន់កាប់និងអាស្រ័យផលលើដីជិត១០ហិកតាតាំងពីឆ្នាំ២០០០ រហូតមកដល់ឆ្នាំ២០២២នេះ ដោយបានដាំស្វាយ ខ្នុរ ចេក និងដំណាំហូបផ្លែផ្សេងៗទៀត។
ពលរដ្ឋរូបនេះបន្តថា រូបលោកនិងពលរដ្ឋផ្សេងទៀតមានជម្លោះដីធ្លីជាង១០ឆ្នាំជាមួយទាហាននៅខេត្តសៀមរាប និងនៅឆ្នាំ២០២២នេះ អាជ្ញាធរមូលដ្ឋានបែរជាអះអាងថា ដីដែលពួកគាត់កំពុងអាស្រ័យផលនោះជាដីរបស់សហគមន៍ទៅវិញ។
លោក ញ៉ែម ផល្លា អះអាងថា សហគមន៍តំបន់ការពារធម្មជាតិជប់សោម នៅឃុំកន្ទួត គឺអាជ្ញាធរមូលដ្ឋាននិងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀតជាអ្នកបង្កើត ហើយគណៈកម្មការសហគមន៍នេះភាគច្រើនជាមន្ត្រីអាជ្ញាធរ ពុំមានពលរដ្ឋចូលរួមឡើយ។
លោកបន្ថែមថា៖ «ខ្ញុំថាអាជ្ញាធរធ្វើនេះខុសរឿង ពីមុន បើជួយប្រជាពលរដ្ឋតវ៉ាប៉ុណ្ណឹងនៅតំបន់នេះ វាអត់មានរឿងបញ្ហាដីធ្លីត្រូវដោះស្រាយអីទៀតទេ។ ចុះយើងមានផ្ទះសម្បែង ដំណាំមានតើ! មានខ្នុរ មានស្វាយ មានដូង មានផ្លែ បេះហូបរាប់ឆ្នាំហើយតើ!»
មេភូមិសែនជ័យ លោក ផាន ផល និងមេឃុំកន្ទួតទើបឡើងថ្មីដែលពលរដ្ឋប្រាប់ថា ឈ្មោះ ឈាង ប្រាប់ថាជាប់រវល់ មិនអាចនិយាយបាន ខណៈប្រធានស្នាក់ការនៃការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព លោក សឿន តូ ទាមទារឱ្យវីអូឌីដាក់លិខិតមុនផ្តល់បទសម្ភាសន៍៕












