សមត្ថកិច្ចបានបញ្ជូនខ្លួនកញ្ញា សេង ធារី ទៅឃុំនៅពន្ធនាគារព្រៃសភ្លាមៗ បន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំ ខណៈមេដឹកនាំនិងអ្នកគាំទ្របក្សប្រឆាំងប្រមាណ៥០នាក់ផ្សេងទៀតត្រូវបានកាត់ទោសចន្លោះពី៥ទៅ៨ឆ្នាំ ក្រោមបទចោទប្រកាន់ «ញុះញង់ និងរួមគំនិតក្បត់»។
ការចាប់ខ្លួនកញ្ញា សេង ធារី នេះ បានធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បានប្រកាសសាលក្រមផ្ដន្ទាទោសលើថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយ ចំនួន១១នាក់ ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ៨ឆ្នាំ ហើយកញ្ញា និងអ្នកផ្សេងទៀតកាត់ទោសចំនួន៦ឆ្នាំ។ ចំណែកអ្នកដែលតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ៥ឆ្នាំវិញ គឺតុលាការសម្រេចព្យួរទោសពួកគេ។
ក្រៅពីផ្ដន្ទាទោស តុលាការបានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនមេដឹកនាំទាំង១១នាក់ដែលកំពុងរស់នៅក្រៅប្រទេសមកដាក់ពន្ធនាគារ ក្នុងនោះមានលោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោកស្រី មូរ សុខហួរ, លោក តុប វ៉ាន់ចាន់, លោក ហូរ វ៉ាន់, លោក ឡុង រី, លោក អ៊ុំ សំអាន, លោក ម៉ែន សុថាវរិន្ទ្រ និងលោក អ៊ូ ច័ន្ទរិទ្ធ ជាដើម។
ចំណែកលោក ទុំ ប៊ុនថន, លោក កាក់ កុម្ភារ, លោកស្រី យស នាង ត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ បង្គាប់ឱ្យឃុំខ្លួនបន្តទៀត បន្ទាប់ពីតុលាការបានឃុំខ្លួនពួកគេរយៈពេល២ឆ្នាំរួចមកហើយ។
ដោយឡែក កញ្ញា សេង ធារី វិញ ត្រូវបានសមត្ថកិច្ចប្រមាណ៥០នាក់ចាប់ខ្លួនបញ្ចូលក្នុងរថយន្តនគរបាល និងបញ្ជូនទៅឃុំនៅពន្ធនាគារភ្លាមៗ បន្ទាប់ពីចៅក្រមប្រកាសសាលក្រមផ្តន្ទាទោស៦ឆ្នាំ ហើយការចាប់ខ្លួននេះ អំឡុងពេលដែលកញ្ញាកំពុងឈរនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។
ប្រាប់អ្នកសារព័ត៌មានមុនពេលសមត្ថកិច្ចចាប់ខ្លួននោះ កញ្ញា សេង ធារី ថាមូលហេតុដែលកញ្ញាមិនចូលស្ដាប់ការប្រកាសសាលក្រម ដោយថា បើមានការចាប់ខ្លួន កញ្ញាចង់ឱ្យសមត្ថកិច្ចចាប់ខ្លួនគាត់នៅទីសាធារណៈ ដោយមិនចង់ចាប់ខ្លួនស្ងាត់ៗឡើយ។
កញ្ញាបញ្ជាក់ថា កញ្ញាបានត្រៀមខ្លួនរួចហើយក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ដើម្បីទទួលសាលក្រមផ្ដន្ទាទោសរបស់តុលាការ ដោយសារតែតុលាការនឹងមិនអនុញ្ញាតឱ្យគាត់មានសេរីភាពឡើយ។
កញ្ញាបន្តថា៖ «រដ្ឋធម្មនុញ្ញ! ហើយម្ខាងទៀតជាភាសាអង់គ្លេស មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាច្បាប់មូលដ្ឋាននៃកម្ពុជាដែលមានជីវិតរស់រវើក ដែលជាការរម្លឹកដល់របបផ្ដាច់ការនេះ សូមគោរពច្បាប់! ច្បាប់ប្រកបដោយយុត្តិធម៌ មិនមែនច្បាប់ចេញពីបបូរមាត់របស់ពួកគាត់ទេ។ ហើយរដ្ឋធម្មនុញ្ញ ១៩៩៣ នោះ វាប្រសើរជាងគេបង្អស់។ បើអ៊ីចឹង ខ្ញុំជាអ្នកនាងសេរីភាព នេះជាភ្លើងតំណាងឱ្យការឆ្លុះបំភ្លឺភាពងងឹតដេញពីទីកន្លែង។ នេះតំណាងឱ្យច្បាប់ជាក់ស្ដែងប្រកបដោយយុត្តិធម៌ ច្រវាក់តំណាងឱ្យទង្វើឃោរឃៅរបស់របបផ្ដាច់ការលើសេរីភាព ដាក់ខ្នោះលើសេរីភាព»។
មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី គឺលោក ជូង ជូងី ចាត់ទុកការចាប់ខ្លួនកូនក្ដីថាជារឿងមិនត្រឹមត្រូវ។ លោកបញ្ជាក់ថា រូបលោកនឹងទៅជួបកូនក្ដីនៅពន្ធនាគារដើម្បីពិភាក្សាជាមួយកូនក្ដី ដើម្បីប្ដឹងសាទុក្ខទៅតុលាការជាន់ខ្ពស់បន្តទៀត។
លោកថា៖ «ខ្ញុំនឹងព្យាយាមទៅតាមអ្វីដែលខ្ញុំអាចធ្វើបាន ប៉ុន្តែការសម្រេចបែបណា អាស្រ័យលើតុលាការ»។
ភរិយាលោក កាក់ កុម្ភារ សកម្មជនគណបក្សសង្គ្រោះដែលតុលាការបានរំលាយ គឺអ្នកស្រី ព្រំ ចាន់ថា បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់តុលាការប្រកាសសាលក្រម ថាស្វាមីរបស់គាត់មិនបានធ្វើខុសអ្វីសោះ តែតុលាការបែរជាចោទប្រកាន់និងផ្តន្ទាទោសស្វាមីគាត់ឱ្យជាប់ពន្ធនាគារ៦ឆ្នាំទៅវិញ។
អ្នកស្រីចាត់ទុកការសម្រេចនេះថាជារឿងអយុត្តិធម៌សម្រាប់គ្រួសារគាត់ និងសកម្មជន រួមទាំងអ្នកគាំទ្របក្សប្រឆាំងផ្សេងទៀត។

អ្នកស្រីថា៖ «ទឹកភ្នែកខ្ញុំហូរនេះ ខ្ញុំឈឺចាប់ខ្លួនឯង ហេតុអ្វីប្រទេសកម្ពុជាមួយនេះធ្វើបាបប្រជាពលរដ្ឋខ្លួនឯងដល់ថ្នាក់ហ្នឹង? សម្រាប់អ្នកនយោបាយទាំងអស់ដែលស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី ធ្វើដើម្បីអ្នកណា? ធ្វើដើម្បីប្រជាពលរដ្ឋទូទាំងប្រទេស១៦លាននាក់។ ប្ដីខ្ញុំមានឆន្ទៈអ៊ីចឹង! ខ្ញុំឈរលើគោលការណ៍គាត់ច្បាស់លាស់ ប៉ុន្តែខ្ញុំសោកស្ដាយនឹងមេដឹកនាំ ជាពិសេសសម្ដេច ហ៊ុន សែន ហេតុអីបានជាមកធ្វើបាបប្រជារាស្ត្រខ្លួនឯងអ៊ីចឹង?»
អំឡុងពេលចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ ប្រកាសសាលក្រមនាព្រឹកមិញនេះដែរ ក៏មានការប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងក្រុមគ្រួសារសកម្មជនគណបក្សសង្គ្រោះជាតិ រួមទាំងអ្នកគាំទ្រកញ្ញា សេង ធារី ដែលបានទៅឃ្លាំមើលនិងគាំទ្រ។ ការប៉ះទង្គិចគ្នានេះ ដោយសារគ្រួសារ និងអ្នកគាំទ្រ បានព្យាយាមលើកបដា និងស្រែកទាមទាររកយុត្តិធម៌នៅមុខសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានការចាប់ខ្លួនកញ្ញា សេង ធារី ខណៈមន្ត្រីពន្ធនាគារក៏បានដឹកអ្នកជាប់ឃុំ៤នាក់ទៅពន្ធនាគារវិញដែរ។
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា ការចាប់ខ្លួននិងការផ្ដន្ទាទោសកញ្ញា សេង ធារី រួមទាំងថ្នាក់ដឹកនាំបក្សប្រឆាំង មិនគួរកើតឡើងតាំងពីដំបូងមកម្ល៉េះ ដោយសារករណីនេះជារឿងនយោបាយ។
លោកស្រីបន្តថា សកម្មជននិងអ្នកគាំទ្របក្សប្រឆាំងបានរងការធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់ ចាប់តាំងពីតុលាការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ បើទោះបីជាការចោទប្រកាន់នោះ តុលាការគ្មានភស្តុតាងដែលមានទម្ងន់គ្រប់គ្រាន់សម្រាប់ដាក់បន្ទុកក៏ដោយ។
ជាមួយគ្នានេះ លោកស្រីថា កញ្ញា សេង ធារី បានចូលរួមនិងបង្ហាញខ្លួនអំឡុងពេលសវនាការកន្លងមក គ្រប់ទម្រង់ផ្សេងៗ ក្នុងនោះមានទាំងការស្លៀកពាក់បែបរូបអប្សរា និងរូបតំណាងសេរីភាព ជាដើម ដើម្បីរំលេចពីការទាមទារយុត្តិធម៌សម្រាប់ខ្លួនឯងផងនិងអ្នកផ្សេងទៀតផង។
ទោះបីជាកញ្ញាបានបង្ហាញនិងរៀបចំខ្លួនគ្រប់ទម្រង់ក្ដី លោកស្រីសង្កេតឃើញថា កញ្ញា សេង ធារី តែងតែអះអាងថា អ្វីដែលខ្លួនបានធ្វើនិងចូលរួមគ្រប់សវនាការជាមួយតុលាការ ទោះបីជាកញ្ញាធ្លាប់ចោទថាជាឆាកល្ខោននយោបាយក៏ដោយ។
លោកស្រីបន្ថែមថា៖ «សម្រាប់ខ្ញុំ មានការសោកស្ដាយណាស់ ដែលយើងឃើញថា មានការបន្តចោទប្រកាន់លើពលរដ្ឋខ្មែរដូចគ្នាពីបទ “ក្បត់ជាតិ” ជាដើមនេះ ព្រោះពាក្យក្បត់ជាតិនេះ មែនទែន ធ្ងន់ធ្ងរ! សួរថាតើគាត់ក្បត់ជាមួយអ្នកណា? យើងឃើញថា បើសិនជាករណីពាក់ព័ន្ធនឹងសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស និងសកម្មជនបរិស្ថាន គឺហាក់ដូចជាមានការដុតដៃដុតជើងក្នុងការបញ្ជូនសំណុំរឿងក្នុងការកាត់ក្ដី ប៉ុន្តែករណីផ្សេងៗដែលពាក់ព័ន្ធនឹងអ្នកមានអំណាចឬល្មើស ហើយបង្កការបំផ្លិចបំផ្លាញធនធានធម្មជាតិ យើងមិនឃើញការដុតដៃដុតជើងនោះទេ»។
លោកស្រី ចក់ សុភាព ចាត់ទុកការចាត់វិធានការរបស់តុលាការធ្វើឡើងក្នុងរូបភាពស្តង់ដាពីរ ដែលករណីនេះជាការបង្អាក់សកម្មភាពចូលរួមរបស់ប្រជាពលរដ្ឋទាំងឡាយដែលសកម្មក្នុងការទាមទារសិទិ្ធសេរីភាពនិងយុត្តិធម៌៕