រដ្ឋាភិបាល​ណែនាំ​ទៅ​អាជ្ញាធរខេត្ត​ឱ្យ​​កំណត់​ព្រំប្រទល់​តំបន់​ការពារ​ធម្មជាតិ​ឡើង​វិញ

បង្គោលព្រំដីដែលបោះបំពានដីតំបន់ការពារកែវសីមា ខេត្តមណ្ឌលគិរី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

រដ្ឋាភិបាលសម្រេចឱ្យកែសម្រួល​ព្រំប្រទល់តំបន់ការពារធម្មជាតិ​នីមួយៗ​ឡើងវិញ ដោយកំណត់តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ នៅក្នុងភូមិសាស្រ្ដខេត្តមួយចំនួន។

លិខិតទីស្ដីការគណៈរដ្ឋមន្រ្ដី ចុះថ្ងៃទី១០​ ខែមិថុនា ឆ្នាំ២០២២​ ដែលវីអូឌីទទួលបាននៅថ្ងៃអង្គារនេះ បានអនុញ្ញាតលើសំណើក្នុងការកំណត់តំបន់គ្រប់គ្រង និងសម្រាប់ប្រើប្រាស់អាស្រ័យផលជាក់ស្ដែង ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ នៅក្នុងភូមិសាស្រ្ដខេត្តចំនួន១៥ ​រួមមាន ត្បូងឃ្មុំ​ ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង កំពង់ធំ សៀមរាប ព្រះវិហារ ឧត្ដរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ​ កំពត ​និងតាកែវ។

លិខិតនេះបានលើកឡើងថា រដ្ឋាភិបាលបានយល់ព្រមក្នុងការកែសម្រួល​ព្រំប្រទល់តំបន់ធម្មជាតិនីមួយៗឡើងវិញ ដោយរៀបចំកំណត់ជាបួនតំបន់គ្រប់គ្រង។ ទី១​ តំបន់សហគមន៍ ជាដីភូមិករ និងដីស្រែចម្ការចាស់របស់ប្រជាពលរដ្ឋ។ ​ទី២ តំបន់ប្រើប្រាស់ដោយចីរភាព ជាដីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ ទី៣​ តំបន់អភិរក្ស និងទី៤ តំបន់ស្នូល ជាដីព្រៃឈើ ជម្រកសត្វព្រៃ និងសេវាប្រព័ន្ធអេកូឡូស៊ី ស្របតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។

លិខិតដដែលនេះ​ឱ្យអាជ្ញាធរកែសម្រួលព្រំប្រទល់តំបន់របៀងអភិរក្សជីវចម្រុះ ដែលមិនប៉ះពាល់ជាមួយ​ប្រជាជន និងកំណត់ជាតំបន់អភិរក្សនៃតំបន់ការពារធម្មជាតិនីមួយៗ។

នៅក្នុងលិខិតនេះក៏បានបញ្ជាឱ្យអភិបាលខេត្តបន្ដដឹកនាំធ្វើការកំណត់អត្តសញ្ញាណក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ក្បាលដីជាក់ស្ដែងក្នុងតំបន់នីមួយៗឱ្យបានច្បាស់លាស់ ដើម្បីឱ្យពលរដ្ឋមានលទ្ធភាពប្រើប្រាស់ដី ស្នើសុំចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិ ស្របតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ច្បាប់ភូមិបាល និងបទប្បញ្ញត្តិ-លិខិតបទដ្ឋានគតិយុត្តជាធរមាន។

លិខិតដដែលក៏បានណែនាំដល់អាជ្ញាធរឱ្យរក្សាទុកនិងចុះបញ្ជីជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ចំពោះទីតាំងមូលដ្ឋានកងទ័ព តំបន់ប្រវត្តិសាស្ត្រយោធា និងតំបន់ការពារសន្ដិសុខព្រំដែន ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ ដោយមានក្រសួងបរិស្ថានជាអាជ្ញាធរកាន់កាប់ដីរដ្ឋ ដោយមិនអនុញ្ញាតផ្ដល់កម្មសិទ្ធិជូនបុគ្គលឯកជនឡើយ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ