អន្តរជាតិ​ហៅ​ការ​កាត់ទោស​កញ្ញា សេង ធារី និង​អ្នក​នយោបាយ​បក្សប្រឆាំង ជា​ការ​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

កញ្ញា សេង ធារី ឈរនៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ក្រោយពេលតុលាការសម្រេចប្រកាសសាលក្រមផ្ដន្ទាទោសទៅលើថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយជាទ្រង់ទ្រាយធំនៅថ្ងៃអង្គារនេះមិនបានប៉ុន្មានម៉ោងផង សហគមន៍អន្តរជាតិ លោកសេរី ក៏បានបញ្ចេញប្រតិកម្មជាបន្តបន្ទាប់ ដោយហៅការសម្រេចនេះថាជារឿងអយុត្តិធម៌ និងជាការបង្ក្រាបសំឡេងប្រជាធិបតេយ្យដែលនៅសេសសល់ចុងក្រោយនៅកម្ពុជា។

ភ្លាមៗក្រោយការសម្រេចនេះ​ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃអង្គារនេះ ដោយចាត់ទុកការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសអ្នកនយោបាយប្រឆាំង និងកញ្ញា សេង ធារី ដែលមានសញ្ជាតិអាមេរិកាំង ព្រមទាំងជាអ្នកច្បាប់ និងអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ ថាជាការបង្រ្កាបទ្រង់ទ្រាយធំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅលើអ្នកនយោបាយ និងក្រុមមនុស្សដែលប្រឆាំងនឹងលោក។

អ្នកនយោបាយប្រឆាំង ក្នុងនោះរួមមានទាំងលោក សម រង្សី ថ្នាក់ដឹកនាំ សកម្មជន និងកញ្ញា សេង ធារី ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារចាប់ពី៥ដល់៨ឆ្នាំ ពីបទ «រួមគំនិតក្បត់ និងញុះញង់» ក្រោយត្រូវបានបើកសវនាការជំនុំជម្រះអស់ជាច្រើនលើកតាំងពីខែធ្នូ ឆ្នាំ២០២១ ហើយត្រូវបាន ប្រកាសសាលក្រមនៅថ្ងៃនេះ។

សេចក្តីថ្លែងការណ៍របស់ Human Rights Watch ​នៅព្រឹកថ្ងៃទី១៤ ខែមិថុនានេះ ​លើកឡើងថា ជាការចោទប្រកាន់ដែលគ្មានភស្តុតាងនិងមូលដ្ឋានដាក់បន្ទុកលើក្រុមប្រឆាំងនោះឡើយ។

នាយករងប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ថា ការផ្តន្ទាទោសលើអ្នកនយោបាយប្រឆាំងនៅពេលនេះ គឺប្រាកដណាស់ជាការព្យាយាមរារាំងការប្រកួតប្រជែងនៅក្នុងការបោះឆ្នោតតទល់ទៅនឹងការគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងវាជាសញ្ញានៃការសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា។

លោក រ៉ូប៊ើតសុន លើកឡើងបន្ថែមទៀតថា ការបង្កើតនូវបរិយាកាសនយោបាយមួយមានលក្ខណៈគំរាមកំហែងនិងការធ្វើទុក្ខបុកម្នេញចំពោះអ្នកហ៊ានរិះគន់លើរដ្ឋាភិបាល មានន័យថា លោក ហ៊ុន សែន បានបង្ហាញកាន់តែច្បាស់ចំពោះការមិនយកចិត្តទុកដាក់គោរពសិទ្ធិនៅក្នុងសង្គមប្រជាធិបតេយ្យនោះឡើយ។

អ្នកឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិរូបនេះបញ្ជាក់ថា៖ «សវនាការកាត់ទោសលើសមាជិកបក្សប្រឆាំង [បក្សសង្រ្គោះជាតិ] ដែលត្រូវបានតុលាការរំលាយជាយូរមកហើយ គឺជាការបង្ហាញឱ្យឃើញពីការភ័យខ្លាចរបស់រដ្ឋាភិបាលលោក ហ៊ុន សែន នូវព្រលឹងប្រជាធិបតេយ្យដែលនៅសេសសល់តិចតួចនៅកម្ពុជា»។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ អំពាវនាវឱ្យរដ្ឋាភិបាលបរទេស អង្គការសហប្រជាជាតិ ម្ចាស់ជំនួយ ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាឱ្យបញ្ចប់នូវការវាយប្រហារទ្រង់ទ្រាយធំលើលំហប្រជាធិបតេយ្យ និងសិទ្ធិពលរដ្ឋ ដែលកំពុងនៅសេសសល់តិចតួចនៅកម្ពុជា។

ដោយឡែក ស្ថានទូតអាមេរិកប្រចាំកម្ពុជា ចាត់ទុកសាលក្រមកាត់ទោស​កញ្ញា សេង ធារី និងក្រុមបក្សប្រឆាំងផ្សេងទៀត ជារឿងអយុត្តិធម៌។

ការប្រកាសនេះធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូត នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ។

ស្ថានទូតបញ្ជាក់ថា សេរីភាព​ក្នុងការបញ្ចេញមតិ ការចងក្រងគ្នាជាក្រុម និងការអត់ឱន​ចំពោះទស្សនៈផ្ទុយ គឺជាផ្នែកដ៏សំខាន់បំផុត​នៃលទ្ធិប្រជាធិបតេយ្យ ខណៈស្ថាប័ននេះស្នើឱ្យអាជ្ញាធរកម្ពុជាដោះលែងកញ្ញា សេង ធារី ហើយនិងសកម្មជនសិទ្ធិមនុស្សដទៃទៀតពីសាលក្រមដ៏​អយុត្តិធម៌នេះ។

ស្ថានទូតថា៖ «យើងមានការរំខានចិត្តជាខ្លាំងចំពោះសាលក្រមដ៏អយុត្តិធម៌នាថ្ងៃ​នេះ ដែលត្រូវបានប្រកាសទៅលើកញ្ញា សេង ធារី​ និងអ្នកដទៃទៀត។ សេរីភាព​ក្នុងការបញ្ចេញមតិ និងការចងក្រងគ្នាជាក្រុម ជាសមាគម ហើយនិងការអត់ឱន​ចំពោះទស្សនៈប្រឆាំង គឺជាផ្នែកដ៏មានសារៈសំខាន់បំផុត​នៃលទ្ធិប្រជាធិបតេយ្យ។ យើងសូមអំពាវនាវឱ្យអាជ្ញាធរកម្ពុជាដោះលែងរូបគាត់ ហើយនិងសកម្មជនសិទ្ធិមនុស្សដទៃទៀតពីការដាក់ពន្ធនាគារដ៏​អយុត្តិធម៌»

អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា លោក Chad Roedemeier បានប្រាប់វីអូឌីបន្ថែមតាមប្រព័ន្ធសារអេឡិចត្រូនិចអ៊ីម៉ែលនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិក​ព្រួយបារម្ភយ៉ាងខ្លាំងចំពោះសាលក្រមអយុត្តិធម៌នៅថ្ងៃនេះ។ ជាមួយគ្នានេះ អាមេរិកអំពាវនាវឱ្យ​ដោះលែងមេធាវី អ្នកនិពន្ធ និងជាសកម្មជនសិទ្ធិមនុស្ស កញ្ញា សេង ធារី ព្រមទាំងសកម្មជនសិទ្ធិមនុស្ស និងក្រុមបក្សប្រឆាំងកំពុងជាប់ពន្ធនាគារផ្សេងទៀត។

លោកថា៖ «សហរដ្ឋអាមេរិកបានអំពាវនាវជាបន្តបន្ទាប់ដល់អាជ្ញាធរកម្ពុជាឱ្យបញ្ឈប់ការកាត់ទោសដែលមានហេតុផលនយោបាយ រួមមានប្រឆាំងនឹងពលរដ្ឋអាមេរិកាំង សេង ធារី និងអ្នកការពារសិទ្ធិមនុស្ស សមាជិកគណបក្សប្រឆាំងនយោបាយ អ្នកកាសែត និងសកម្មជនការងារ និងបរិស្ថាន»។

មន្ត្រីជាន់ខ្ពស់ស្ថានទូតអាមេរិករូបនេះបន្តថា ការគោរពសេរីភាពនៃការបញ្ចេញមតិ និងសមាគម សិទ្ធិក្នុងការជួបប្រជុំដោយសន្តិវិធី សេរីភាពសារព័ត៌មាន និងសង្គមស៊ីវិលសកម្ម គឺជាធាតុផ្សំដ៏សំខាន់នៃអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ។

លោក Chad Roedemeier ថាសហរដ្ឋអាមេរិកជំរុញឱ្យអាជ្ញាធរកម្ពុជារក្សានូវកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន រួមទាំងកាតព្វកិច្ចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាផងដែរ។

​យ៉ាងនេះក្ដី ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ច្រានចោលការលើកឡើងរបស់ស្ថាប័នអន្តរជាតិទាំងនេះ។ លោកថា ការសម្រេចផ្ដន្ទាទោសនេះកើតចេញពីការវិនិច្ឆយរបស់ចៅក្រមនិងតុលាការ ដោយផ្អែកទៅតាមអង្គហេតុ ភស្តុតាង និងអង្គច្បាប់ ខណៈរដ្ឋាភិបាលគ្រាន់តែជាដើមបណ្ដឹង មិនអាចសម្លុត​ បង្គាប់បញ្ជាចៅក្រម និងពុំមានអំណាចលូកលាន់ក្នុងរឿងនេះទេ។

មន្ត្រីរដ្ឋាភិបាលរូបនេះចាត់ទុកការស្នើរបស់ស្ថាប័នអន្តរជាតិឱ្យដោះលែងកញ្ញា សេង ធារី និងអ្នកនយោបាយបក្សប្រឆាំងផ្សេងទៀត ថាគ្រាន់ជាការបង្កើតទិដ្ឋភាពនយោបាយ បង្កឱ្យមានការភ័ន្តច្រឡំតែប៉ុណ្ណោះ។

​បើសិនស្ថានទូតណាមួយយល់ថាពលរដ្ឋរបស់ខ្លួនរងគ្រោះ ឬរងការរំលោភសិទ្ធិដោយសារការសម្រេចនេះ លោក ផៃ ស៊ីផាន ជំរុញឱ្យពួកគេអាច​តតាំងគ្នានៅតុលាការបាន។

លោក ផៃ ស៊ីផាន ថា៖ «លោកស្រី សេង ធារី ហ្នឹង លោកជាមេធាវី ដឹងច្បាប់ខ្មែរច្បាស់ណាស់! អាស្រ័យដោយថាតើពេលណាដែលគាត់ប្រើប្រាស់សិទ្ធិគាត់ដែលជាសិទ្ធិនយោបាយ ដោះស្រាយតាមនយោបាយទៅវិញ។ ដោះស្រាយតាមនយោបាយ គឺនៅពេលដែលបម្រើអ្វីទៅដែលជាការដាក់ទោស ដាក់ទណ្ឌកម្មរបស់តុលាការអស់រយៈពេលប៉ុន្មាន ដែលគេមានចែងនៅក្នុងច្បាប់។ គាត់អាចសរសេរទៅព្រះមហាក្សត្រតាមរយៈការស្នើសុំរបស់នាយករដ្ឋមន្ត្រី ដើម្បីសុំព្រះរាជលើកលែងទោសហ្នឹងឯង។ អាហ្នឹងជារឿងដំណើរការយុត្តិធម៌មួយទៀតរបស់ខ្មែរ ដែលសហរដ្ឋអាមេរិកពុំមាន»។

មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិដែលតុលាការរំលាយ លោក ម៉ែន សុថាវរិន្ទ្រ ដែលមានឈ្មោះត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ក្នុងចំណោមថ្នាក់ដឹកនាំ និងសកម្មជន​បក្សប្រឆាំងប្រមាណ៦០នាក់ផ្សេងទៀត ថ្លែងថា ការសម្រេចផ្តន្ទាទោសទៅលើពួកគាត់យ៉ាងនេះ មិនមែនជារឿងចម្លែកទេសម្រាប់លោក ដោយសារតុលាការកម្ពុជាស្ថិតក្រោមការបង្គាប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួចទៅហើយ។

លោកថា៖ «ខ្ញុំអត់មានភ័យបារម្ភអីបន្តិចសោះរឿងហ្នឹង! ព្រោះអារឿងនៅលើមាត់លោក ហ៊ុន សែន តែមួយ។ ខាងព្រះរាជអាជ្ញាក្តី ខាងតុលាការក្តី មែនទែននោះ គ្នាធ្វើតាមបញ្ជាគេ ជាពិសេសេគាត់ធ្វើតាមបញ្ជាលោក ហ៊ុន សែន តែម្តង។ យើងអាណិតគ្នាដែរ ធ្វើម៉េចបើនៅក្នុងគំនាបរបស់គេហើយ គាត់ទៅធ្វើអីកើត! ខ្ញុំជឿជាក់ថា ខាងតុលាការក្តី ខាងថ្នាក់ដឹកនាំគណបក្សប្រជាជនក្តី គ្នាអត់ហ៊ានធ្វើអីទេ បើនៅក្នុងគំនាបលោក ហ៊ុន សែន ទាំងស្រុងទៅហើយ»។

មនុស្សស្និទ្ធលោក សម រង្ស៊ី រូបនេះយល់ឃើញថា ដើមចមគឺលោក ហ៊ុន សែន កំពុងស្លន់ស្លោដោយសារសម្ពាធអន្តរជាតិ ដូចជា បញ្ហាប្រឈមការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប ជាដើម។ ដូច្នេះ ទើបនាយករដ្ឋមន្ត្រីរូបនេះចេះតែទៅរករឿងអ្នកនេះអ្នកនោះ ប៉ុន្តែជារឿងនយោបាយសុទ្ធសាធ។

ចំណែកលោក ចារេដ ជេនហ្សើ (Jared Genser) ទីប្រឹក្សាអន្តរជាតិរបស់កញ្ញា សេង ធារី បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានបរទេស Aljazeera ថាការឃុំខ្លួនកញ្ញា សេង ធារី ពីបទ «ញុះញង់ពាក់ព័ន្ធសន្តិសុខជាតិ» ដោយគ្មានភស្តុតាងនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលោភសិទ្ធិរបស់កញ្ញា ហើយបានប៉ះពាល់ដល់លំហសិទ្ធិពលរដ្ឋនៅកម្ពុជា។

លោកថា៖ «វាច្បាស់ណាស់ថា លោក ហ៊ុន សែន មានការភិតភ័យយ៉ាងខ្លាំងចំពោះស្ត្រីក្លាហានម្នាក់នេះ ដែលហ៊ាននិយាយការពិតដោយឥតញញើត»។

លោក ជេនហ្សើ បានអំពាវនាវឱ្យ​ដោះលែងកញ្ញា សេង ធារី ជាបន្ទាន់ ខណៈលោកចាត់ទុកថាកញ្ញា ធារី ជា «អ្នកទោសនយោបាយថ្មីបំផុតនៃរបប លោក ហ៊ុន សែន»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ