៥ខែ​ដើមឆ្នាំ​នេះ ការ​នាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​អាមេរិក​កើនឡើង​ជិត​៦០​ភាគរយ

កម្មករ-កម្មការិនីកំពុងបំពេញការងារក្នុងរោងចក្រមួយកន្លែងក្នុងក្រុងភ្នំពេញ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤។ (ឆពណ្ណ បញ្ញា)

ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២២នេះ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានការកើនឡើងចំនួន ៥៧,៧% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងទំហំទឹកប្រាក់ជិត៤ពាន់លានដុល្លារ ខណៈការនាំចូលទំនិញរបស់​អាមេរិកមកកម្ពុជាមានទឹកប្រាក់ចំនួន១៣៤លានដុល្លារ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​​ ឱ្យដឹងថា គិតត្រឹមខែឧសភា ឆ្នាំ២០២២នេះ ការនាំចេញទំនិញរបស់ប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិក សម្រេចបានទឹកប្រាក់ចំនួន៣ ៧២៩លានដុល្លារ ដែលកើនឡើងចំនួន៥៧,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានចំនួន២ ៣៦៤លានដុល្លារប៉ុណ្ណោះ។

ជាមួយគ្នានេះ ទំនិញដែលត្រូវបានបញ្ជាទិញភាគច្រើន គឺជាផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ បន្ទះសូឡា និងផលិតផលកសិកម្ម។

យ៉ាងណាមិញ ប្រភពដដែលបញ្ជាក់ថា ចំពោះអាមេរិក ការនាំចូលទំនិញមកកាន់កម្ពុជា មានទឹកប្រាក់ចំនួន១៣៤លានដុល្លារ ដែលកើនឡើងចំនួន១០,៧ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានចំនួន១២១លានដុល្លារ។ រីឯប្រភេទទំនិញសំខាន់ៗដែលត្រូវបាននាំចូលមានដូចជា រថយន្ត គ្រឿងចក្រ គ្រឿងអេឡិចត្រូនិច ឱសថ និងគ្រឿងបរិក្ខារពេទ្យ ជាដើម។

របាយការណ៍ដដែលបានឱ្យដឹងថា ប្រទេសដែលកម្ពុជានាំចេញច្រើនបន្ទាប់ពីសហរដ្ឋអាមេរិក គឺប្រទេសវៀតណាម មានចំនួន១ ០៧៩លានដុល្លារ ប្រទេសកាលណាដា មានចំនួន៤៥១លានដុល្លារ និងប្រទេសថៃ មានចំនួន៤៣៨លានដុល្លារ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ បានលើកឡើងថា ការនាំចេញទំនិញនិងសេវាកម្មរបស់កម្ពុជា ត្រូវ​បានព្យាករថា នឹងកើន​ឡើង​នៅឆ្នាំនេះនិងឆ្នាំក្រោយ​ ដោយសារកំណើនតម្រូវការក្រៅស្រុកលើផលិតផលកម្ពុជា ព្រម​ជាមួយនឹ​ង​ការ​ងើបឡើងវិញជាបណ្ដើរៗ​នៃវិស័យទេសចរណ៍ ខណៈ​វិស័យសេវាកម្មត្រូវបានព្យាករថានឹងងើបឡើងវិញនៅកម្រិត ៤,៨% ក្នុងឆ្នាំ២០២២ និង​កើនដល់ ៦,៨% ក្នុង​​ឆ្នាំ២០២៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ